ភ្នំពេញ ៖ អ្នករាយការណ៍ព័ត៌មានមណ្ឌលព័ត៌មានស្ដ្រីកម្ពុជាបានឲ្យដឹងថា សមត្ថកិច្ចបានដាក់បារាស់ និងពង្រាយកម្លាំងបំពាក់អាវុធគ្រប់ដៃ តាមផ្លូវដែលគណបក្សសង្គ្រោះជាតិត្រៀមហែញត្ដិមកថ្វាយព្រះមហាក្សត្រដើម្បសុំអន្ដរាគមន៍ពីព្រះអង្គ ដោះស្រាយនៅអ្វីដែលគណបក្សប្រឆាំងហៅថាវិបត្ដិនយោបាយដ៏ធ្ងន់ធ្ងរនៅកម្ពុជា ។
តាមសេចក្ដីរាយការណ៍ នៅម៉ោងជាង ១ រសៀលនេះកងកម្លាំងសមត្ថកិច្ចបានដាក់រនាំងនៅលើកំណាត់ផ្លូវនៅខាងមុខស្នាក់ការគណបក្សសង្គ្រោះជាតិ ដោយការដាក់ពង្រាយកងកម្លាំងទៀតផងដែលមើលទៅជាការឃាឃាំង ការហែរក្បួនរបស់គណបក្សសង្គ្រោះជាតិដើម្បីយកញត្ដិមកថ្វាយព្រះមហាក្សត្រ ឲ្យព្រះអង្គជួយដោះស្រាយស្ថានការណ៍នយោបាយដែលបក្សប្រឆាំងថា ធ្លាក់ដល់ចំនុចគ្រោះថ្នាក់ហើយនោះ ។
តាមសេចក្ដីរាយការណ៍ដដែលនេះគណបក្សសង្គ្រោះជាតិ នឹងយកញត្ដិទៅថ្វាយព្រះមហាក្សត្រនៅម៉ោង ២ រសៀលនេះដោយមានស្នាមមេដៃពលរដ្ឋជាង ២០ម៉ឺន នាក់ហើយក្នុងនោះអ្នកតំណាងរាស្ដ្រភាគច្រើនបានមកកាន់ព្រះបរមរាជវាំង ។
កាលពីព្រឹកមិញសមាជិកសភាមកពីគណបក្សកាន់អំណាចចំនួន ៦៨ រូបបានបោះឆ្នោតគាំទ្រឲ្យតុលាការបន្ដនិតិវិធីនាំខ្លួនលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិមកកាន់តុលាការករណី ពាក់ព័ន្ធនឹងរឿងសញ្ចារកម្ម ក្នុងសំណុំរឿងរបស់កញ្ញា ខុម ចាន់តារាទី ហៅស្រី មុំ ។ តែយ៉ាងណាក៏ដោយតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ ៥៣រូប ថ្មីៗនេះបានថ្វាយលិខិតមកព្រះមហាក្សត្រពីរដងរួចមកហើយដោយទទូចឲ្យព្រះអង្គអន្ដរាគមន៍ បញ្ចប់ស្ថានការណ៍នយោបាយដែលបក្សប្រឆាំងបានហៅថាធ្លាក់ដល់ចំណុចគ្រោះថ្នាក់ហើយនេះ ។ តែមកដល់ពេលនេះពុំឃើញខុទ្ទកាល័យព្រះមហាក្សត្រ ផ្ញើរលិខិតជាការឆ្លើយតបអ្វីមកកាន់គណបក្សសង្គ្រោះជាតិនៅឡើយទេ ។
គណបក្សប្រឆាំងធំជាងគេនៅកម្ពុជានេះក៏បានបញ្ជូនលិខិតទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន ឲ្យជួយដោះស្រាយពីរឿងកម្ពុជាផងដែរ ។ តាមលោក ស៊ុន ឆ័យ ប្រធានក្រុមតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិអះអាងថា លិខិតដែលដាក់ទៅលោក បាន គីមួន នោះគឺលោក បាន គីមូន បានបញ្ជូនទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរួចហើយ ដើម្បីពិនិត្យមើលស្ថានភាពនយោបាយនៅកម្ពុជាឡើងវិញ ៕