កោះកុង៖ ប្រទេសកម្ពុជាមានដំណាំហូបផ្លែជាច្រើនក្នុងនោះមានដំណាំធុរេនជាប្រភេទរុក្ខជាតិហូបផ្លែដែលមានរស់ជាតិផ្អែមឆ្ងាញ់ និងមានការពេញនិយមយ៉ាងខ្លាំងបើទោះវាមានតម្លៃថ្លៃក៏ដោយ ។ ដោយសារធូរេនមានរស់ជាតិឆ្ងាញ់និងមានការពេញនិយមបែបនេះ ទើបមានទីផ្សារ និងមានតម្លៃខ្ពស់ ។ តែមានមនុស្សមួយចំនួនមិនមានការយល់ដឹងពីរបៀបដាំដំណាំធូរេនបែបណា ដើម្បីទទួលបានផលល្អ ។
ដើម្បីជ្រាបកាន់តែច្បាស់ថាតើការដាំដំណាំធុរេនគេដាំតាមរបៀបណា តទៅនេះសូមស្ដាប់ការរៀបរាប់របស់កសិករ ម្នាក់គឺលោកអ៊ុំ ទី ដែលជាអ្នកដាំដំណាំធុរេនជាច្រើនឆ្នាំមកហើយដោយបានផលល្អ។ សូមស្ដាប់បទយការណ៍ដែលរៀបរៀងដោយកញ្ញា ច្រឹក ស្រីអូន ដូចតទៅ៖
ធុរេនជាផ្លែឈើដែលមានការពេញនិយមខ្លាំងពិតមែន តែក៏មានមនុស្សមួយចំនួននៅមិនស្គាល់ពីរសជាតិរបស់វាថាផ្អែមឆ្ងាយយ៉ាងណាទេ ។ កម្ពុជា ធុរេនខេត្តកំពតនិងកោះកុងគឺគេនិយមជាងគេដោយលើគុណភាព និង រស់ជាតិ របស់វាឆ្ងាញ់ហើយផ្អែម ។
ចម្ការមួយកន្លែងក្នុងភូមិអង្គឆ្អឺត ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង លើផ្ទៃដីប្រមាណជាងមួយហិតា ដែលមានដើមធុរេនផ្លែធ្លាក់រណោងសឹងតែបាក់ដើមព្រោះទំងន់ផ្លែគឺដើមធូរេននេះមានផ្លែជាងដប់ ទៅម្ភៃផ្លែនិងមានសម្បុរបៃតងខ្ចី ។ លោក អ៊ុំ ទី ដែលជាម្ចាស់ចម្ការធុរេន រៀបរាប់ទាំងទឹកមុខរីករាយពីរបៀបដាំដំណាំ នេះដែលទទួលបានផលល្អ ។
ការដាំដំណាំធុរេនកសិករក៏ត្រូវចេះរើសពូជនិងពេលវេលាដាំវា ។ លោក អ៊ុំ ទី បានមានប្រសាសន៍ថាធុរេន ដែលគាត់ដាំមានពីប្រភេទ គឺប្រភេទសូនី និងម៉ុនថង ដែលត្រូវនិងប្រភេទដីល្បាយខ្សាច់ ព្រោះថាធុរេនវាមិនត្រូវការទឹកច្រើនពេក ឬដក់ទឹកក៏មិនអាចដាក់ដាំបានដែរ ។ ចំពោះពេលវេលាលោកថាកសិកគួរដាក់ដាំក្នុង ខែឧសភាដែលជាការចាប់ផ្តើមមានភ្លៀងធ្លាក់ ។
ក្រោយពីធុរេនមានអាយុបាន ៨ ទៅ ៩ ខែគឺនៅពេលវាចេញបែកមែកច្រើនគឺកសិករត្រូវកាត់មែកមួយចំនួនចោលដោយមិនត្រូវទុកឲ្យវានៅស៊ុបទ្រុបនោះទេ ព្រោះវាធ្វើឲ្យខាតជី និងធ្វើឱ្យដើមរបស់វាមិនសូវមានភាពរឹងមាំល្អ ។
ក្នុងការលះបែកចេញ គឺកសិករក៏ត្រូវបន្ថែមជី រួមនិងការសំអាតស្មៅវា រួមនិងធ្វើកំពែងព័ទ្ធទឹកឲ្យបានប៉ុណ្ណឹងម្លប់គល់នៃដើមនីមួយៗរបស់វា ។
រាល់ការដាក់ជីគឺកសិករត្រូវប្រាកដថាជីនោះគ្មានជាតិហ្គាស គឺធ្វើយ៉ាងនេះដើម្បីកុំឲ្យរោលដើមធុរេន ដែលអាចឲ្យវាមានជំងឺ ។ លោក អ៊ុំ ទី បន្តថាការដាក់ជីគេដាក់ ២ ដងក្នុងមួយឆ្នាំ គឺដើមឆ្នាំនិងចុងឆ្នាំ ។
ធូរេនជាប្រភេទដំណាំ ដែលប្រើពេលយូរគឺ ៤ ទៅ ៥ ឆ្នាំទើបទទួលបានផល ។ លោកបន្តថាធុរេនដើមខ្ចី គឺផ្លែវាធំៗតែសំបកក្រាស់ និងក្រឡារង្វើល តែមិនសម្បូរសាច់ទេ ហើយកសិករមិនត្រូវបណ្តោយទុកឲ្យធូរេនផ្លែច្រើនពេក នោះទេនៅក្នុងឆ្នាំទី៤ ទី៥ ទី៦ ។
ដំណាំធុរេនពិតជាមានការលំបាកដាំ និងថែរក្សាបន្តិចតែ លោក អ៊ុំ ទី ថាដំណាំនេះងាយរកទីផ្សារ ដោយលោកអាចលក់បានក្នុងតម្លៃ ១២០០០ រៀលក្នុង១គីឡូក្រាម ។
លោក អ៊ុំ ទី ដែលមានវ័យជាង៤០ឆ្នាំរូបនេះបានរៀបរាប់ទាំងសេចក្តីរីករាយ ថាគាត់ទទួលបានប្រាក់ចំណូល ប្រមាណជាពី១ម៉ឺន ទៅជាងមួយម៉ឺនដុល្លាក្នុងមួយឆ្នាំ ពីដើមធុរេនប្រមាណ ៨០ គុម្ព ។ លោកថាផលដំណាំនេះវាអាចជួយដល់ជីវភាពបានច្រើនដោយបានឧបត្តម្ភកូនសិក្សា និង ជីវភាពគ្រួសារបានសមរម្យ ។
ទោះជាខំថែនិងដាក់ជីបានល្អគឺកសិករក៏ត្រូវមានការប្រុងប្រយ័ត្នចំពោះជំងឺដែលកើតមានឡើងផងដែរដូចជាមានការហូរទឹកដែលគេហៅថា ទឹកនោមផ្អែម ។
លោកបន្តថានៅពេលនេះលោកមិនទាន់រកឃើញវិធីដោះស្រាយ ពីជំងឺមួយនេះបានទេ ។ លោកថាបើសិនជាចង់ដឹងពីជំងឺវា នឹងមានថ្នាំព្យាបាលត្រូវយក ទៅធ្វើការពិសោធន៍ នៅប្រទេសថៃ ដែលបញ្ហានេះគឺលោកទទូចឱ្យមន្ត្រីពាក់ព័ន្ធជួយរកវិធានការដោះ ស្រាយផងដែរ ។
ខេត្តមួយចំនួនដែលអាចដាំដំណាំធុរេនបាន មានកំពត ស្ទឹងត្រែង កំពង់សោម រតនះគីរី ក្រចេះ កំពង់ចាម ពោធិ៍សាត់ សៀមរាប បាត់ដំបង ប៉ៃលិន មណ្ឌលគីរី និងព្រះវិហារ ។ ផ្លែធុរេនមួយចំនួន ក៏នាំចូលពីប្រទេស វៀតណាម និងថៃផងដែរ ៕