Startup Weekend Women’s Edition កម្មវិធីបង្កើតគំនិតអាជីវកម្មដំបូងសម្រាប់ស្ត្រីនៅមជ្ឈមណ្ឌលធ្វើការរួមគ្នា Emerald Hub Coworking Space នឹងបញ្ចប់នៅល្ងាចនេះហើយ ដោយមានការគាំទ្រយ៉ាងខ្លាំងពីអ្នកចូលរួម ព្រោះនាំយកបទពិសោធន៍នៃគំនិតអាជីវកម្មសម្រាប់ស្ត្រីដែលមិនធ្លាប់មានពីមុនមក។
អ្នកចូលរួមជាច្រើននាក់ ដែលភាគច្រើនបំផុតជានារី ហើយមានបំណងចង់ស្វែងយល់ពីការបង្កើតអាជីវកម្ម និងជំនួញ បានជួបជុំគ្នានៅ Emerald Hub Coworking Space កាលពីល្ងាចថ្ងៃសុក្រ ដែលជាថ្ងៃចាប់ផ្ដើមបើកកម្មវិធី Startup Weekend Women’s Edition។ ពួកគេបានស្វែងយល់ពីការបង្កើតអាជីវកម្ម រួចបែងចែកជាក្រុម ដើម្បីរិះរកគំនិតធ្វើជំនួញប្រកបដោយភាពជោគជ័យ និងលើកយកមកបង្ហាញរៀងៗខ្លួន។
នៅល្ងាចថ្ងៃអាទិត្យនេះ អ្នកចូលរួមនឹងលើកយកគំនិតអាជីវកម្មមកបង្ហាញជាផ្លូវការ ដើម្បីស្វែងរកការគាំទ្រពីអ្នកចូលរួមដទៃទៀតក្នុងកម្មវិធី ដោយមានការចូលរួមផ្ដល់ជាយោបល់ពីអ្នកណែនាំជំនាញៗ (Mentor) មានបទពិសោធន៍មកពី បណ្ដាស្ថាប័ន និងក្រុមហ៊ុននានា។ ចុងក្រោយ ក្រុមនីមួយៗនឹងឡើងធ្វើបទបង្ហាញពីជំនួញដែលបានបង្កើត ដើម្បីឲ្យគណៈកម្មការផ្ដល់ពិន្ទុ (Judge) វាយតម្លៃថាតើគំនិតអាជីវកម្មណាមួយមានភាពលេចធ្លោជាងគេ និងណែនាំដល់គំនិតនីមួយៗ ដើម្បីឲ្យក្លាយជាសកម្មភាពអាជីវកម្មពិតៗទៅអនាគត។
កម្មវិធី Startup Weekend Women’s Edition ធ្វើឡើងនៅថ្ងៃទី២៧-២៩ ឧសភា នៅមជ្ឈមណ្ឌលធ្វើការរួមគ្នា Emerald Hub Coworking Space ដែលមានអាសយដ្ឋានជាន់ទី ១១ អាគារសាកលវិទ្យាល័យអន្តរជាតិភ្នំពេញ បូរីកីឡា។ កម្មវិធីនេះ មានគណៈកម្មការផ្ដល់ពិន្ទុ (Judge) ៥ រូប ដែលសុទ្ធតែជាម្ចាស់អាជីវកម្មជោគជ័យ និងអ្នកណែនាំជំនាញៗ (Mentor) ១២ រូប មានបទពិសោធន៍មកពីបណ្ដាក្រុមហ៊ុននានា និងក្រុមការងាររៀបចំ ៤រូប ព្រមទាំងមានអ្នកចូលរួមជាច្រើននាក់៕
ប្រភព៖ www.news.sabay.com.kh