ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី ២៩ ខែឧសភានេះ ក្រុមអ្នកគាំទ្រនិងជាសកម្មជនគណបក្សសង្គ្រោះជាតិរាប់រាយនាក់នៅតែបន្តស្នាក់នៅមុខទីស្នាក់ការណ្តាលបក្សសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ដើម្បីការពារប្រធានស្តីទីគណបក្សលោកកឹម សុខា ក្រែងមានការចាប់ខ្លួនពីក្រុមសមត្ថកិច្ច។
បើតាមសេចក្តីរាយការណ៍របស់អ្នកយកព័ត៌មានវិទ្យុស្ត្រី ដែលបានចុះទៅសង្កេតមើលដល់ទីស្នាក់ការបក្សសង្គ្រោះជាតិនៅព្រឹកនេះ បានរាយការណ៍ថា ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងដ៏ល្បីឈ្មោះមួយនេះ នៅតែបន្តឡើងមកពីតាមបណ្តាខេត្តនានា ដើម្បីមកស្នាក់ការបក្សនៅក្នុងរាជធានីភ្នំពេញជាបន្តបន្ទាប់។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់មកពីខេត្តត្បូងឃ្មុំ គឺលោក ម៉ៅ ម៉េន បានប្រាប់វិទ្យុស្ត្រីថា លោកបានទ្បើងមកស្នាក់ការគណបក្សសង្គ្រោះជាតិអស់រយៈពេលបីថ្ងៃរួចមកហើយ ក្នុងគោលបំណងដើម្បីការពារមិនឱ្យសមត្ថកិច្ចចាប់ខ្លួនលោកកឹម សុខា។ លោក ម៉ៅ ម៉េន អះអាងថា លោកនឹងបន្តឃ្លាំមើលស្ថានការណ៍នៅខាងមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិរហូតទាល់តែស្ថានការណ៍មានភាពល្អប្រសើរទ្បើងវិញ ពោលគឺ លុះត្រាតែលោក កឹម សុខា មានសុវត្ថិភាព។
«ពួកខ្ញុំគ្មានអីនោះទេក្រៅពីទឹកចិត្តនឹងការលះបង់រារាំងមិនឱ្យចាប់ខ្លួន ប៉ុន្តែបើក្នុងលក្ខណៈមានការចាប់ខ្លួនណាមួយនោះពួកខ្ញុំនឹងធ្វើការផ្តាច់ប្តូរជាមួយនឹងខាងសមត្ថកិច្ច..»។
លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យចូលខ្លួនបំភ្លឺជុំវិញបណ្តឹងរបស់នាងខុម ចាន់តារាទី ហៅស្រីមុំ ប៉ុន្តែលោកកឹម សុខា បដិសេធមិនចូលបំភ្លឺតាមដីការនោះទេ។
ការបដិសេធមិនចូលបំភ្លឺនេះជាដើមចមបណ្តាលឱ្យមានការស្វែងរកចាប់ខ្លួនលោកកឹម សុខា ។ ប៉ុន្តែរហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់អាចចាប់ខ្លួនលោកកឹម សុខាបាននៅទ្បើយនោះទេ ពោលគឺចាប់ពីថ្ងៃទី ២៦ ខែឧសភា រហូតមកដល់ព្រឹកថ្ងៃទី ២៩ ខែឧសភានេះ៕