en     km
en     km

អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ប្តេជ្ញា​ចិត្ត​ការពារ ​មិន​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​លោក​កឹ​ម​ សុខា​

Share

​ភ្នំពេញ​៖​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មក​ពី​តាម​បណ្តា​ខេត្ត​នានា​ នៅ​តែ​បន្ត​ទ្បើ​ង​មក​ស្នាក់​ការ​កណ្តាល​របស់​គ​ណ​​បក្ស​សង្គ្រោះ​ជាតិ​ សង្កាត់​ចាក់​អង្រែ​លើ​  រាជធានី​ភ្នំពេញ​ ក្នុង​គោលបំណង​ដើម្បី​រារាំង​មិន​ឱ្យ​មានការ​ចាប់ខ្លួន​លោ​ក​​កឹ​ម​ សុខា​ ពី​មន្ត្រី​សមត្ថកិច្ច​។​ នេះ​ជា​ការ​លើក​ទ្បើ​ង​របស់​សកម្មជន​គ​បក្ស​សង្គ្រោះ​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​ ២៨​ ខែ​ឧ​ស​ភា​ ឆ្នាំ​ ២០១៦​ នេះ​។​

CNRP-Supporter-4-WMC
អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​រាប់រយ​នាក់​ បានបន្តជួបជុំគ្នានៅខាងមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ សង្កាត់ចាក់អង្រែលើ នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៦ នេះ ។

​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​រាប់រយ​នាក់​ បាន​អះអាង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា​ ប្រសិនបើ​ សមត្ថ​កិច្ចការ​ចាប់ខ្លួន​លោក​កឹ​ម​ សុខា​ មែន​នោះ​ ពួក​គេ​នឹង​ធ្វើ​មហា​បាតុកម្មអហិង្សា​ ដើម្បី​ទាមទារ​ឱ្យ​ដោះ​លែង​ប្រធាន​របស់​ពួក​គេ​វិញ​។​ ការ​លើក​ទ្បើ​ង​បែប​នេះ​ បន្ទា​ប់​ពី​ក្រុម​អ្នកគាំទ្រ​ទទួល​បាន​ដំណឹង​ថា​ មាន​មន្ត្រី​សមត្ថកិច្ច​ចូល​មក​ស្នាក់​គណបក្ស​សង្គ្រោះ​ជាតិ​បម្រុង​ចាប់ខ្លួន​លោក​កឹ​ម​ សុ​ខា​។​

​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​មក​ពី​ខេត្ត​ត្បូងឃ្មុំ​គឺ​លោក​ ម៉ៅ​ ម៉េ​ន​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ លោក​បាន​ទ្បើ​ង​មក​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​អស់​រយៈពេល​ ០២​ ថ្ងៃ​ហើយ​ គោលបំណង​ដែល​លោក​ទ្បើ​ង​មកនេះ​ គឺ​ដើម្បី​ការពារ​មិន​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​លោក​កឹ​ម​ សុខា​។​

​លោក​ ម៉ៅ​ ម៉េ​ន​ អះអាង​ថា​ លោក​នឹង​បន្ត​ឃ្លាំមើល​ស្ថានការណ៍​នៅ​ខាង​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​រហូត​ទាល់តែ​ស្ថានការណ៍​មាន​ភាពល្អ​ប្រសើរ​ទ្បើ​ង​វិញ​ ពោល​គឺ​ លុះត្រាតែ​លោក​កឹ​ម​ សុខា​ មាន​សុវត្ថិភាព​។​

«​ពួក​ខ្ញុំ​គ្មាន​អី​នោះ​ទេ​ក្រៅពី​ទឹកចិត្ត​នឹង​ការ​លះបង់​រារាំង​មិន​ឱ្យ​ចាប់ខ្លួន​ ប៉ុន្តែ​បើ​ក្នុង​លក្ខណៈ​មានការ​ចាប់ខ្លួន​ណាមួយ​នោះ​ពួក​ខ្ញុំ​នឹង​ធ្វើការ​ផ្តាច់​ប្តូរ​ជាមួយនឹង​ខាង​សមត្ថកិច្ច​..»​​។​

​ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​ ដែល​មក​ពី​ខេត្តកំពង់ចាម​ គឺ​អ្នកស្រី​អ៊ុ​ច​ ណា​រុំ​ បាន​លើក​ទ្បើ​ង​ថា​លោក​កឹ​ម​ សុខា​ មិន​មានទោស​កំហុស​អ្វី​ដែល​សមត្ថកិច្ច​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​លោក​ នោះ​ទេ​។​ អ្នកស្រី​ណា​រុំ​ ប្តេជ្ញា​ចិត្ត​ថា​ ប្រសិនបើ​មានការ​ចាប់ខ្លួន​លោក​កឹ​ម​ សុខា​នោះ​ អ្នកស្រី​នឹង​ធ្វើការ​រ​រាំង​ ហើយ​ព្រមាន​ធ្វើ​មហា​បាតុកម្មអហិង្សា​ជាមួយ​សកម្មជន​ផ្សេង​ទៀត​។​

ពលរដ្ឋរូបនេះយល់​ថា​ ជម្រើស​ល្អ​នា​ពេល​នេះ​គណបក្ស​នយោបាយ​គួរតែ​បន្ត​ច​ចារ​គ្នា​ជា​មុន​សិន​ មុន​នឹង​សម្រេច​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​។​ «​ពួក​យើងខ្ញុំ​មកនេះ​មក​ដាច់ខាត​មិន​ឱ្យ​គេ​ចាប់​គាត់​ បើសិនជា​មានការ​ចាប់ខ្លួន​ពួក​ខ្ញុំ​នឹង​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​ ប៉ុន្តែ​គណបក្ស​នយោបាយ​គួរ​យក​វប្បធម៌​សន្ទនា​មក​ពិភាក្សា​ដែល​វា​មាន​ប្រ​យោ​ជ​ន៏​ទៅ​ដល់​គណបក្ស​នយោបាយ​..»​​។​

​ពលរដ្ឋ​មួយ​រូប​ទៀត​ដែល​មក​ពី​ខេត្តកណ្តាល​គឺ​លោក​ទេព​ ប៊ុ​ន​លី​ បាន​លើក​ទ្បើ​ង​ដែរ​ថា​បន្ទាប់​ពី​រូប​លោក​ទទួល​បាន​ដំណឹង​ថា​ មាន​កងកម្លាំង​សមត្ថកិច្ច​មក​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​បម្រុង​ចាប់​លោក​កឹ​ម​ សុខា​នោះ​ ភ្លាមៗ​លោក​ក៏​សម្រេចចិត្ត​ទ្បើ​ង​មក​ស្នាក់​ការ​គណបក្ស​ ដើម្បី​ចូលរួម​ការពារ​រារាំង​មិន​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​លោក​កឹ​ម​ សុខា​ឡើយ​។​

​លោក​ ទេព​ ប៊ុ​ន​លី​ បន្ថែម​ថា​ លោក​នឹង​មិន​សុខចិត្ត​នោះ​ទេ​ ប្រសិនបើ​មានការ​ចាប់ខ្លួន​លោក​កឹ​ម​ សុខា​ ។​ មិន​សុខចិត្ត​ដោយ​សា​រ​តែ​លោក​អះអាង​ថា​ ប្រធាន​ស្តីទី​បក្ស​សង្គ្រោះ​ជាតិ​ លោក​កឹ​ម​ សុខា​ មិន​បាន​ធ្វើ​ខុស​ដូច​ការ​ចោទប្រកាន់​របស់​មន្ត្រី​សមត្ថ​កិច្ច​​នោះ​ទេ​។​

​លោក​ ទេព​ ប៊ុ​ន​លី​ ៖ «​ខ្ញុំ​មក​ថ្ងៃនេះ​ខ្ញុំ​មក​ដើម្បី​ការពារ​សិទ្ធិ​ពលរដ្ឋ​ ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ការ​បំពារបំពាន​ពី​អ្នកមាន​អំណាច​មាន​ក្រសួង​មាន​សមត្ថកិច្ច​សុំ​ធ្វើ​ឱ្យ​ត្រឹមត្រូវ​តាម​ច្បាប់​…​ »​​។​

​ពាក់ព័ន្ធ​នឹង​ការ​លើក​ទ្បើ​ង​អំពី​ការ​ធ្វើ​បាតុកម្ម​ពី​អ្នកគាំទ្រ​បក្ស​ប្រឆាំង​នេះ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​សុខ​ ឥ​សាន្ត​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ សុក្រ​ថា​ ការ​សម្រេច​ធ្វើ​បាតុកម្ម​គឺជា​សិទ្ធិ​របស់​ពួក​គេ​ ប៉ុន្តែ​បើ​ការ​ធ្វើ​បា​តុ​ក​ម្ម​​នោះ​ ខុសច្បាប់​ និង​បង្ក​អសន្តិសុខ​ដល់​សង្គម​នោះ​ សមត្ថកិច្ច​នឹង​ធ្វើការ​បង្ក្រាប​ ។​

​លោក​ សុខ​ ឥ​សាន្ត​ ៖ «​មានអី​ទេ​ការ​ប្រកាស​គឺជា​សិទ្ធិ​របស់​គាត់​បើ​ ក៏​ប៉ុន្តែ​បើ​គាត់​ចង់​ធ្វើ​គាត់​ត្រូវ​អនុវត្ត​គោរព​ច្បាប់​ត្រឹមត្រូវ​វា​អត់​មាន​បញ្ហា​អី​ប្រសិនបើ​មាន​ករណី​ដែល​រំលោភច្បាប់​នោះ​អាជ្ញាធរ​គេ​មាន​ភារកិច្ច​ដើម្បី​ធ្វើ​ការងារ​ហ្នឹង​បាទ​»​​។​

​សូម​បញ្ជាក់​ថា​ នេះ​ជា​ថ្ងៃ​ទី​ ០៣​ ហើយ​ដែល​គេ​សង្កេត​ឃើញ​ថា​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មក​ពី​បណ្តា​ខេត្ត​នានា​នៅ​តែ​បន្ត​ទ្បើ​ង​មក​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​គោលបំណង​ដើម្បី​ឃ្លាំមើល​ស្ថានការណ៍​ជុំវិញ​ការ​ចាប់ខ្លួន​លោក​កឹ​ម​ សុខា​។​

លោក​កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បង្គាប់​ឱ្យ​ចូលខ្លួន​បំភ្លឺ​ជុំវិញ​បណ្តឹង​របស់​អ្នក​នាង​ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ប៉ុន្តែ​លោក​កឹ​ម​ សុខា​ បដិសេធ​មិន​ចូល​បំភ្លឺ​តាម​ដីការ​នោះ​ទេ​។​ ការ​បដិសេធ​មិន​ចូល​បំភ្លឺ​នេះ​ហើយ​ ដែល​ជាដើម​ចម​បណ្តាល​ឱ្យ​មានការ​ស្វែងរក​ចាប់ខ្លួន​លោក​កឹ​ម​ សុខា​ ។​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ សមត្ថកិច្ច​មិន​ទាន់​អាច​ចាប់ខ្លួន​លោក​កឹ​ម​ សុខា​បាន​នៅ​ទ្បើ​យ​នោះ​ទេ​ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​ ២៦​ ខែឧសភា​ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​ ២៨​ ខែឧសភា​នេះ​៕

Share

ព័ត៌មានទាក់ទង

Image