ភ្នំពេញ៖ នេះជាថ្ងៃទី០៣ហើយ ដែលគេសង្កេតឃើញថា សកម្មជនគណបក្សសង្គ្រោះជាតិ មកពីបណ្តាខេត្តនានានៅតែបន្តទ្បើងមកស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងគោលបំណងដើម្បីឃ្លាំមើលស្ថានការណ៍ជុំវិញការចាប់ខ្លួនលោក កឹម សុខា។ សកម្មជនទាំងនោះ មានមកពីខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តកណ្តាលជាដើម។
អ្នកគាំទ្របន្តទ្បើងមកទីស្នាក់ការគណបក្សសង្គ្រោះជាតិនេះ បន្ទាប់ពីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យចូលខ្លួនបំភ្លឺជុំវិញបណ្តឹងរបស់អ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ ប៉ុន្តែលោកកឹម សុខា បដិសេធមិនចូលបំភ្លឺតាមដីការនោះទេ។
ការបដិសេធមិនចូលបំភ្លឺនេះហើយ ដែលជាដើមចមបណ្តាលឱ្យមានការស្វែងរកចាប់ខ្លួនលោកកឹម សុខា ។ ប៉ុន្តែរហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់អាចចាប់ខ្លួនលោកកឹម សុខាបាននៅទ្បើយនោះទេ ពោលគឺចាប់ពីថ្ងៃទី ២៦ ខែឧសភា រហូតមកដល់ព្រឹកថ្ងៃទី ២៨ ខែឧសភានេះ៕