ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ ១៩៩៧ មកព្រះរាជាណាចក្រកម្ពុជាបានកំណត់ថា រៀងរាល់ថ្ងៃបុណ្យជាតិដែលប៉ះចំថ្ងៃអាទិត្យ នឹងត្រូវឈប់បន្ថែមនៅថ្ងៃច័ន្ទមួយថ្ងៃទៀត។ ប៉ុន្តែរយៈពេលចុងក្រោយនេះ គណៈរដ្ឋមន្ត្រីបានកែប្រែ ដោយមិនឱ្យមានការសម្រាក ថ្ងៃចន្ទជាថ្ងៃសង សម្រាប់ថ្ងៃបុណ្យចំថ្ងៃអាទិត្យ នោះទេ(សម្រាប់តែស្ថាប័នរដ្ឋ)។ តែបែបនេះក្ដី គេសង្កេតឃើញ ថា ការអនុវត្តមានភាពខុសគ្នារវាងស្ថាប័នរដ្ឋ និងគ្រឺះស្ថានឯកជន ឬអង្គការ មិនមែនរដ្ឋាភិបាល ។ ស្ថាប័នរបស់រដ្ឋមិនបានសម្រាកថ្ងៃចន្ទទេ តែក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាលបែរជាសម្រាកទៅវិញ ។
អ្នកវិភាគផ្ដល់យោបល់ថា ជាការប្រសើរដែលរាជរដ្ឋាភិបាលចង់ពង្រឹងការបំរើសេវាជូនពលរដ្ឋដូចនេះ តែរាជរដ្ឋាភិបាលគួរតែកំណត់សារាចរមួយទាក់ទិន ថ្ងៃឈប់សងសម្រាប់ប្រើទាំងស្ថានប័នឯកជន និងស្ថាប័នរដ្ឋដូចគ្នាគឺជាប្រសើរ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រីលោក ផៃ ស៊ីផាន បានថ្លែងប្រាប់វិទ្យុស្ដ្រីនៅថ្ងៃសុក្រ ទី ២៧ នេះថា កាលពី២ឆ្នាំមុនរាជរដ្ឋាភិបាលបានសម្រេចលុបចោលការលើកថ្ងៃឈប់សម្រាកបុណ្យជាតិ ដែលឈប់ប៉ះចំថ្ងៃអាទិត្យទៅឈប់បន្ថែមនៅថ្ងៃចន្ទចូលសប្ដាហ៍ថ្មី ។
លោកបញ្ជាក់ថា ការសម្រេចនេះធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យមន្ដ្រីក្នុងស្ថាប័នរដ្ឋបំពេញការងាររបស់ខ្លួនដែលត្រូវបំរើសេវាដល់សាធារណៈជូនឱ្យមានភាពរហស័សនិងសកម្ម។
ប៉ុន្តែលោកបន្ដថា គោលការណ៍នេះគឺតម្រូវសម្រាប់តែស្ថាប័នរដ្ឋប៉ុណ្ណោះ ព្រោះរាជរដ្ឋាភិបាលមានអំណាចលើតែស្ថាប័នរដ្ឋ ដោយមិនអាចរំលោភបំពានទៅលើស្ថានប័នឯកជន ឬ ស្ថាប័នអង្គការសង្គមស៊ីវិលនោះទេ ។ លោក ផៃ ស៊ីផាន បន្ថែមថា ចំពោះការកំណត់ពីការឈប់លើកថ្ងៃឈប់សម្រាកបន្ថែមនេះ គឺសម្រាប់តែស្ថាប័នរដ្ឋប៉ុណ្ណោះ ហើយបើជាស្ថាប័នឯកជនមិនអនុវត្ដន៍មិនមែនជាបញ្ហានោះដែរ។
លោក ផៃ ស៊ីផាន បញ្ជាក់ថា កន្លងមកប្រទេសកម្ពុជាត្រូវបានបរទេសរិះគន់ថាជាប្រទេសដែលសម្បូរថ្ងៃបុណ្យ និង ថ្ងៃឈប់ច្រើនជាងគេ គឺប្រទេសកម្ពុជា។ លោក ផៃ ស៊ីផានៈ៖«ព្រោះតែសេវាកម្មការតព្វកិច្ចរបស់យើងដូចជាការផ្ដល់អាជ្ញាប័ន ការផ្ដល់សេវាកម្មភ្លាមៗជូនពលរដ្ឋហើយប្រសិនយើងឈប់សម្រាកបន្ថែមច្រើនពេកវានឹងធ្វើឲ្យដំណើរការសេវាសាធារណៈនឹងកាន់តែយឺតយ៉ាវ»។
ចំណែកអ្នកសិក្សាពីអភិបាលកិច្ច និង លទ្ធិប្រជាធិបតេយ្យលោក ចាន់ វិបុល បានថ្លែងសាទរចំពោះចំណាត់ ការរបស់រាជរដ្ឋាភិបាល ដែលយកក្ដីកង្វល់របស់ពលរដ្ឋមកដោះស្រាយយ៉ាងដូចនេះ។ លោកបន្ថែមថា រាជរដ្ឋាភិបាលគឺអ្នកកំណត់ច្បាប់មួយដែលត្រូវដើរទាំងអស់គ្នាមិនថាស្ថាប័នឯកជន ឬ ស្ថាប័នរដ្ឋនោះឡើយ។
លោក ចាន់ វិបុល បញ្ជាក់ថា រាជរដ្ឋាភិបាលគួរតែកាត់ថ្ងៃបុណ្យជាតិមួយចំនួនដែលពុំសូវសំខាន់ចេញពីប្រតិទិនហើយរៀបចំកំណត់សារាចរមួយដែលប្រើជារួមក្នុងប្រទេសកម្ពុជាតែម្ដង ដើម្បីឲ្យផលិតភាពនៃការងារកាន់តែមានភាពល្អប្រសើរ។ លោក ចាន់ វិបុល៖«ខ្ញុំគិតថាវាជាការប្រសើរទៅវិញទេប្រសិនជារាជរដ្ឋាភិបាលកាត់បន្ថយការឈប់សម្រាកថ្ងៃបុណ្យជាតិមួយចំនួនដែលមិនសំខាន់ព្រោះការឈប់ច្រើននាំឲ្យប្រទេសខាតបង់សង្វាក់ផលិតកម្មជាច្រើនផងដែរ»។
ជាការគត់សំគាល់ក្នុងខែឧសភានេះគេសង្កេតឃើញថា ស្ថាប័នរដ្ឋនៅតែបន្ដធ្វើការដូចធម្មតាដដែលចំពោះថ្ងៃបុណ្យជាតិដែលប៉ះចំថ្ងៃអាទិត្យគឺមិនលើកទៅឈប់បន្ថែមថ្ងៃចន្ទមួយថ្ងៃទៀតទេ ខណៈស្ថាប័នឯកជន និង អង្គការសង្គមស៊ីវិល បានឈប់សម្រាកបន្ថែមមួយថ្ងៃទៀត៕