en     km
en     km

រដ្ឋាភិបាល​៖​ ថ្ងៃ​ឈប់​សង​សម្រាប់​ថ្ងៃ​ចន្ទ​អនុវត្ត​លើ​ស្ថាប័នរដ្ឋ​ តែ​ស្ថាប័នឯកជន​,​សង្គម​ស៊ី​វិល​គឺជា​បញ្ហា​ផ្ទៃក្នុង​របស់​ស្ថាប័ន​នោះ​

Share

​ភ្នំពេញ៖ ចាប់តាំងពី​ឆ្នាំ​ ១៩៩៧​ មក​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កំណត់​ថា​ រៀងរាល់ថ្ងៃ​បុណ្យ​ជាតិ​ដែល​ប៉ះ​ចំ​ថ្ងៃអាទិត្យ​ នឹង​ត្រូវ​ឈប់​បន្ថែម​នៅ​ថ្ងៃ​ច័ន្ទ​មួយ​ថ្ងៃ​ទៀត​។​ ប៉ុន្តែ​រយៈពេល​ចុង​ក្រោយ​នេះ​ គណៈរដ្ឋមន្ត្រី​បាន​កែប្រែ​ ដោយ​មិន​ឱ្យ​មានការ​សម្រាក​ ថ្ងៃ​ចន្ទ​ជា​ថ្ងៃ​សង​ សម្រាប់​ថ្ងៃ​បុណ្យ​ចំ​ថ្ងៃអាទិត្យ​ នោះ​ទេ​(​សម្រាប់​តែ​ស្ថាប័នរដ្ឋ​)​។​ តែ​បែប​នេះ​ក្ដី​ គេ​សង្កេត​ឃើញ​ ថា​ ការ​អនុវត្ត​មាន​ភាព​ខុស​គ្នា​រវាង​ស្ថាប័នរដ្ឋ​ និង​គ្រឺះ​ស្ថាន​ឯកជន​ ឬ​អង្គការ​ មិនមែន​រដ្ឋាភិបាល​ ។​ ស្ថាប័ន​របស់​រដ្ឋ​មិន​បាន​សម្រាក​ថ្ងៃ​ចន្ទ​ទេ​ តែ​ក្រុមហ៊ុន​ឯកជន​ និង​អង្គការក្រៅរដ្ឋាភិបាល​បែរជា​សម្រាក​ទៅ​វិញ​ ។​

calendar2016
ប្រតិទិនកម្ពុជាឆ្នាំ២០១៦

​អ្នកវិភាគ​ផ្ដល់​យោបល់​ថា​ ជា​ការ​ប្រសើរ​ដែល​រាជរដ្ឋាភិបាល​ចង់​ពង្រឹង​ការ​បំរើសេវា​ជូន​ពលរដ្ឋ​ដូចនេះ​ តែ​រាជរដ្ឋាភិបាល​គួរតែ​កំណត់​សារាចរ​មួយ​ទាក់ទិន​ ថ្ងៃ​ឈប់​សង​សម្រាប់​ប្រើ​ទាំង​ស្ថាន​ប័ន​ឯកជន​ និង​ស្ថាប័នរដ្ឋ​ដូច​គ្នា​គឺជា​ប្រសើរ​។​

​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​លោក​ ផៃ​ ស៊ី​ផា​ន​ បាន​ថ្លែងប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​សុក្រ​ ទី​ ២៧​ នេះ​ថា​ កាលពី​២​ឆ្នាំ​មុន​រាជរដ្ឋាភិបាល​បាន​សម្រេច​លុប​ចោលការ​លើក​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ​ ដែល​ឈប់​ប៉ះ​ចំ​ថ្ងៃអាទិត្យ​ទៅ​ឈប់​បន្ថែម​នៅ​ថ្ងៃ​ចន្ទ​ចូល​ស​ប្ដា​ហ៍​ថ្មី​ ។​

​លោក​បញ្ជាក់​ថា​ ការ​សម្រេច​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​មន្ដ្រី​ក្នុង​ស្ថាប័នរដ្ឋ​បំពេញការងារ​របស់​ខ្លួន​ដែល​ត្រូវ​បំរើសេវា​ដល់​សាធារណៈ​ជូន​ឱ្យ​មាន​ភាព​រហ​ស័ស​និង​សកម្ម​។​

​ប៉ុន្តែ​លោក​បន្ដ​ថា​ គោលការណ៍​នេះ​គឺ​តម្រូវ​សម្រាប់​តែ​ស្ថាប័នរដ្ឋ​ប៉ុណ្ណោះ​ ព្រោះ​រាជរដ្ឋាភិបាល​មាន​អំណាច​លើ​តែ​ស្ថាប័នរដ្ឋ​ ដោយ​មិន​អាច​រំលោភ​បំពាន​ទៅ​លើ​ស្ថាន​ប័ន​ឯកជន​ ឬ​ ស្ថាប័ន​អង្គការ​សង្គម​ស៊ី​វិល​នោះ​ទេ​ ។​ លោក​ ផៃ​ ស៊ី​ផា​ន​ បន្ថែម​ថា​ ចំពោះ​ការ​កំណត់​ពី​ការ​ឈប់​លើក​ថ្ងៃ​ឈប់​សម្រាក​បន្ថែម​នេះ​ គឺ​សម្រាប់​តែ​ស្ថាប័នរដ្ឋ​ប៉ុណ្ណោះ​ ហើយ​បើជា​ស្ថាប័នឯកជន​មិន​អនុវត្ដន៍​មិនមែន​ជា​បញ្ហា​នោះ​ដែរ​។​

​លោក​ ផៃ​ ស៊ី​ផា​ន​ បញ្ជាក់​ថា​ កន្លង​មក​ប្រទេស​កម្ពុជា​ត្រូវ​បាន​បរទេស​រិះគន់​ថា​ជា​ប្រទេស​ដែល​សម្បូរ​ថ្ងៃ​បុណ្យ​ និង​ ថ្ងៃ​ឈប់​ច្រើន​ជាងគេ​ គឺ​ប្រទេស​កម្ពុជា​។​ លោក​ ផៃ​ ស៊ី​ផា​នៈ​៖«​ព្រោះតែ​សេវាកម្ម​កា​រត​ព្វ​កិច្ច​របស់​យើង​ដូច​ជា​ការ​ផ្ដល់​អាជ្ញា​ប័ន​ ការ​ផ្ដល់​សេវាកម្ម​ភ្លាមៗ​ជូន​ពលរដ្ឋ​ហើយ​ប្រ​សិន​យើង​ឈប់​សម្រាក​បន្ថែម​ច្រើន​ពេក​វា​នឹង​ធ្វើ​ឲ្យ​ដំណើរការ​សេវា​សាធារណៈ​នឹង​កាន់តែ​យឺតយ៉ាវ​»​។​

​ចំណែក​អ្នក​សិក្សា​ពី​អភិបាលកិច្ច​ និង​ លទ្ធិប្រជាធិបតេយ្យ​លោក​ ចាន់​ វិបុល​ បាន​ថ្លែង​សាទរ​ចំពោះ​ចំណាត់ ការ​របស់​រាជរដ្ឋាភិបាល​ ដែល​យកក្ដី​កង្វល់​របស់​ពលរដ្ឋ​មក​ដោះស្រាយ​យ៉ាងដូច​នេះ​។​ លោក​បន្ថែម​ថា​ រាជរដ្ឋាភិបាល​គឺ​អ្នក​កំណត់​ច្បាប់​មួយ​ដែល​ត្រូវ​ដើរ​ទាំងអស់​គ្នា​មិន​ថា​ស្ថាប័នឯកជន​ ឬ​ ស្ថាប័នរដ្ឋ​នោះ​ឡើយ​។​

​លោក​ ចាន់​ វិបុល​ បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​គួរតែ​កាត់​ថ្ងៃ​បុណ្យ​ជាតិ​មួយ​ចំនួន​ដែល​ពុំ​សូវ​សំខាន់​ចេញពី​ប្រតិទិន​ហើយ​រៀបចំ​កំណត់​សារាចរ​មួយ​ដែល​ប្រើ​ជា​រួម​ក្នុង​ប្រទេស​កម្ពុជា​តែ​ម្ដង​ ដើម្បី​ឲ្យ​ផលិតភាព​នៃ​ការងារ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​។​ លោក​ ចាន់​ វិបុល​៖«​ខ្ញុំ​គិត​ថា​វា​ជា​ការ​ប្រសើរ​ទៅ​វិញ​ទេ​ប្រសិនជា​រាជរដ្ឋាភិបាល​កាត់​បន្ថយ​ការ​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​ជាតិ​មួយ​ចំនួន​ដែល​មិន​សំខាន់​ព្រោះ​ការ​ឈប់​ច្រើន​នាំ​ឲ្យ​ប្រទេស​ខាតបង់​សង្វា​ក់​ផលិតកម្ម​ជា​ច្រើន​ផង​ដែរ​»​​។​

​ជា​ការ​គត់​សំគាល់​ក្នុង​ខែឧសភា​នេះ​គេ​សង្កេត​ឃើញ​ថា​ ស្ថាប័នរដ្ឋ​នៅ​តែ​បន្ដ​ធ្វើការ​ដូច​ធម្មតា​ដដែល​ចំពោះ​ថ្ងៃ​បុណ្យ​ជាតិ​ដែល​ប៉ះ​ចំ​ថ្ងៃអាទិត្យ​គឺ​មិន​លើក​ទៅ​ឈប់​បន្ថែម​ថ្ងៃ​ចន្ទ​មួយ​ថ្ងៃ​ទៀត​ទេ​ ខណៈ​ស្ថាប័នឯកជន​ និង​ អង្គការ​សង្គម​ស៊ី​វិល​ បាន​ឈប់​សម្រាក​បន្ថែម​មួយ​ថ្ងៃ​ទៀត​៕

Share

Image
Image
Image