ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិ ប្រកាសប្រើសិទ្ធិធ្វើបាតុកម្មអហិង្សាដោយទទូចឱ្យពលរដ្ឋគាំទ្រខ្លួន ដង្ហែញតិ្ដថ្វាយព្រះមហាក្សត្រ ដើម្បីអោយព្រះអង្គជួយអន្ដរាគមន៍បញ្ចប់ការធ្វើទុក្ខបុកម្នេញលើសកម្មជន និងអ្នកតំណាងរាស្ដ្រ ស្របពេលដែលគណបក្សនេះ ប្រកាសមិនចូលប្រជុំសភា ។
ការអះអាងបែបនេះ ធ្វើឡើងតាមរយៈការចេញសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ បន្ទាប់ពីកិច្ចប្រជុំ គណៈកម្មាធិការអចិន្ដ្រៃយ៍បក្ស ដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា កាលពីព្រឹកមិញនេះ ។ តែបក្សកាន់អំណាចថា ជាសិទ្ធិរបស់បក្សប្រឆាំង តែប្រយ័ត្នសមត្ថកិច្ចបង្ក្រាប់បើខុសច្បាប់ ។ អ្នកព្រួយបារម្ភពីការបែកបាក់ ជាតិ ។
សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិបានបញ្ជាក់ដូចនេះថា៖
១. អោយថ្នាក់ដឹកនាំបក្សមូលដ្ឋាន រាជធានីខេត្ត ដង្ហែរញតិ្ដមករាជធានីភ្នំពេញ មកថា្វយព្រះមហាក្សត្រ។
២. គាំទ្រឱ្យអ្នកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ តាមរយៈក្រុមសមាជិកសភា ធ្វើញត្តិ ផ្ញើជូនប្រធានរដ្ឋសភា ដើម្បីបញ្ជាក់ប្រាប់ថា តំណាងរាស្ដ្ររបស់គណបក្សសង្គ្រោះជាតិទាំងអស់ មិនអាចទៅបំពេញការងារទៅរដ្ឋសភា បានក្នុងកាលៈទេសៈ ដែលមានការរំលោភបំពាន អភ័យឯកសិទ្ធិសភា ជាបន្ដបន្ទាប់បែបនេះ។
៣. គណបក្សនឹងប្រើប្រាស់សិទ្ធិធ្វើមហាបាតុកម្មអហិង្សាក្នុងករណី ដែលមានការចាប់ខ្លួន លោក កឹម សុខាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
៤. បន្ដយកវប្បធម៌សន្ទនា ធ្វើជាមូលដ្ឋាន ក្នុងការស្ដារស្ថានការណ៍នយោបាយ ឱ្យវិលមករកប្រក្រតីឡើងវិញ ដើម្បីធានាការបោះឆ្នោត២០១៧-២០១៨ខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្ថិធម៌។
ចំណែកអ្នកនាំពាក្យ គណបក្សប្រជាជន កម្ពុជា លោកសុខ ឥសាន្ត ព្រមានពីការបង្ក្រាបបើ ជាសកម្មភាពខុសច្បាប់ បង្កអសន្តិសុខ ។
ជុំវិញរឿងនេះដែរ លោក សូ ចន្ថា អ្នកវិភាគបញ្ហានយោបាយព្រមានថា បើគណបក្សទាំងពីរមិនអាចស្វែងរកការចរចាគ្នាដោយ សន្ដិវិធីហើយមានដំណោះស្រាយរួមដើម្បីជាតិ បានទេគឺ ជាគ្រោះថ្នាក់មួយចំពោះប្រទេសជាតិ ។
លោក បន្ដថា អ្នកនយោបាយខ្មែរ បានដើរចូលប្រវត្តិសាស្ដ្រដដែលៗ ដោយមិនបានរៀនសូត្រពីប្រវត្តិសាស្ដ្រដ៏ជូរចត់កន្លងមក ដើម្បីឆ្ពោះទៅការកែប្រែ សង្គមឱ្យមានការអភិវឌ្ឍ ។ លោក បង្ហាញការព្រួយបារម្ភ នៅពេលដែលក្រុមអាជ្ញាធរ និងក្រុមអ្នកគាំទ្រ លោក កឹម សុខា ធ្វើបាតុកម្មគឺ អាចមានក្រុមទីបី ដែលហៅថា បាតដៃទីបី ចូលមកជ្រែកជ្រៀត ហើយអំពើហឹង្សាអាចនឹងផ្ទុះឡើង នៅទូទាំងប្រទេស ។
ការធ្វើសេចក្ដីសម្រេចរបស់គណបក្សសង្គ្រោះជាតិ ធ្វើឡើងនៅពេលនេះ គឺ ស្របពេលដែល សមត្ថកិច្ចកំពុងស្វែងរកការនាំខ្លួន លោក កឹម សុខា មកកាន់តុលាការ ករណី ពាក់ព័ន្ធរឿ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលតាមព័ត៌មាន លោក កឹម សុខា កំពុងស្ថិតនៅក្នុងស្នាក់ការបក្ស នៅចាក់អង្រែលើ ។
យ៉ាងណាក៏ដោយតុលាការរាជធានីភ្នំពេញបានចេញដីការសម្រេច ត្រួតពិនិត្យ លោក កឹម សុខា តាមផ្លូវច្បាប់ ព្រោះតែមិនព្រមចូលខ្លួនតាមដីការកោះ មកកាន់តុលាការ មានចំនួនបីលើកមកហើយ។
តាមសេចក្ដីរាយការណ៍របស់អ្នករាយការណ៍ព័ត៌មានស្ដ្រី FM 102 ប្រជាពលរដ្ឋជាច្រើនរយនាក់ បានឡើងមកស្នាក់ការគណបក្សសង្គ្រោះជាតិ នៅថ្ងៃនេះ ដោយពួកគេ ការពារស្នាក់ការ មិនឲ្យសមត្ថកិច្ចចូលចាប់ខ្លួន លោក កឹម សុខា៕