ភ្នំពេញ៖ នៅថ្ងៃទី ២៧ខែឧសភានេះ សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមផ្តន្ទាទោស ជនល្មើសដែលបានវាយអ្នកតំណាងរាស្ត្របក្សប្រឆាំងចំនួន ៣នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ដោយព្យួរទោសចំនួន ៣ឆ្នាំ។ទម្ងង់សាលក្រមដែលតុលាការបានសម្រេចផ្តន្ទទោសទៅលើករណីវាយអ្នកតំណាងរាស្ត្រទាំងកណ្តាលថ្ងៃត្រង់ ក្បែរមន្ទីររដ្ឋសភាជាតិកម្ពុជា បានធ្វើឱ្យអ្នកច្បាប់ និងអ្នកវិភាគស្ថានការណ៍នយោបាយមួយចំនួនយល់ថា គឺជាការសម្រេចមួយដែលមិនសក្ដសមទៅនឹងស្ថានភាពរងរបួសរបស់ ជនរងគ្រោះ។ អ្នកច្បាប់ថា ជាបទល្មើសមនុស្សឃាត។
តើសាលក្រមនេះអាចប៉ះពាល់ចំពោះប្រព័ន្ធយុត្តិសង្គម ដែរឬទេ ?សូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់ការអាត្ថាធិប្បាយរបស់លោក កែវ សុខា ដូចតទៅ!
សំនុំរឿងវាយអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងពីរនាក់ គឺលោក ញ៉យ ចំរើន និងលោក គង់ សភា នៅតែជាប្រធានបទក្ដៅ នៅតែជាប្រធានបទរសើបដដែលចំពោះអ្នកច្បាប់ អ្នកវិភាគ និងអង្គការសង្គមស៊ីវិល ។ ទម្ងន់សាលក្រមនេះ បានផ្ដើមឱ្យមានការចោទសួរ ពីភាពឯករាជ្យរបស់តុលាការ ។
កាលពីឆ្នាំមុន គឺនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥ អ្នកតំណាងរាស្ត្រទាំងពីររូបត្រូវបានបានរងការវាយពីក្រុមបាតុករដែលទាមទារទម្លាក់លោក កឹម សុខា ពីតំណាងអនុប្រធានទី១ នៃរដ្ឋសភា ដែលគេថាយ៉ាងធ្ងន់ធ្ងរ។ គឺពួកគេទាំងពីត្រូវបានវាយ បាក់ឆ្អឹងច្រើនកន្លែង ហើយទៅទទួលការព្យាបាលនៅប្រទេសថៃផងដែរ។
មានការថ្លឹងថ្លែងពីព្យសនកម្ម ទៅនឹងសាលក្រមរបស់តុលាការដែលបានសម្រេចលើសំនុំរឿងនេះ ដោយអ្នកច្បាប់ អ្នកវិភាគសង្គម និងអង្គការសង្គមស៊ីវិល យល់ថា ទម្ងង់ទោសនៃសេចក្តីសម្រេចនេះមិនសក្ដសមទៅនឹងអ្វីដែលជនល្មើសទាំងនោះបានបង្កមកលើអ្នកតំណាងរាស្ត្រនោះទេ។
លោក ហុង គឹមសួន មេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណី នៃសាលាក្តីខ្មែរក្រហម និងជាមេធាវីនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា យល់ថា អំពើហិង្សាដែលក្រុមជនល្មើសប្រើមកលើអ្នកតំណាងរាស្ត្រពេលនោះ គឺជាបទល្មើសមានគម្រោងគិតទុកជាមុន អាចឈានដល់បទល្មើសប៉ុនប៉ុងមនុស្សឃាតដែលមានស្ថានទម្ងង់ទោស ហើយអាចមានទោសជាប់ពន្ធនាគារច្រើនឆ្នាំ។ លោកមេធាវី ហុង គឹមសួន យល់ថា មិនសមទៅនឹងការប្រព្រឹត្តរបស់ជនដៃដល់នោះទេ។ លោក ហុង គឹមសួន៖«សាច់រឿងនេះ បើសិនជាខ្ញុំមើលពីការប្រព្រឹត្តហ្នឹងវាធ្ងន់ធ្ងរណាស់ សឹងថាដល់ថ្នាក់ស្លាប់ជីវិតគេទៅទៀតណ្ណោះ មិនគួរនឹងផ្តន្ទាទោសត្រឹមប៉ុណ្ណឹងទេ។ ហើយជនល្មើសវាមានច្រើនគ្នាទៅទៀត វាមានគម្រោងគិតទុកជាមុនដែលប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ វាសមតែជាបទល្មើសប៉ុនប៉ុងឃាតកម្មទើបត្រឹមត្រូវ នេះបើតាមគំនិតខ្ញុំ»។
ប្រព័ន្ធយុត្តិធម៌កម្ពុជាតែងតែរងការរិះគន់ជាច្រើនពីសំណាក់មហាជនទូទៅ និងស្ថាប័នក្រៅប្រទេសថាមិនឯករាជ្យ និងអព្យាក្រឹត្យ ហើយ ប្រព្រឹត្តអំពើពុករលួយ។ នេះជាការលើកឡើងរបស់លោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ។
លោក សូ ចន្ថា បន្តថា ការអនុវត្តទោសទៅលើជនល្មើសទាំង៣រូប គឺស្រាលបន្តិច ដែលការសម្រេចបែបនេះ អាចធ្វើឱ្យវប្បធម៌និទណ្ឌភាពកើតមានឡើងក្នុងសង្គមមិនខានហើយមួយវិញទៀតការផ្តន្ទាទោសស្រាលបែបនេះ ក៏អាចធ្វើឱ្យអភ័យឯកសិទ្ធិអ្នកតំណាងគ្មានតំលៃអ្វីនៅចំពោះពលរដ្ឋ។ លោក សូ ចន្ថា៖« អ្វីដែលជាការប៉ះពាល់ដល់សង្គម យើងឃើញថា នៅពេលដែលសាលក្រមនេះចេញមានលក្ខណស្រាយបែបនេះ វាធ្វើឱ្យយុត្តិធម៌សង្គមហ្នឹង ហាក់ដូចជាមិនត្រូវផ្តល់ឱ្យពេញលេញទេ។មានន័យថា ការចេញសាលក្រមនេះជាការសំរបសម្រួលឬជាការសម្រាលទោសទៅលើអ្នកប្រព្រឹត្តនោះច្រើនជាង។ រឿងទី២យើងឃើញថា វាអាចឱ្យសាធារណៈមតិហ្នឹងអស់ជំនឿទុកចិត្តលើតុលាការ ថាតុលាការឯករាជ្យផ្តល់យុត្តិធម៌ដល់ជនរងគ្រោះពិតប្រាកដនោះបាទ»។
សាលក្រមរបស់តុលាការក្រុងភ្នំពេញក្នុងសំនុំរឿងវាយអ្នកតំណាងរាស្ត្រនេះ បានធ្វើឱ្យសាម៉ីខ្លួនផ្ទាល់ គឺលោក គង់ សភា និងលោកញ៉យ ចំរើន និងមេធាវីការពារក្តីផងដែរ បានសម្តែងការមិនពេញចិត្ត ព្រោះពួកគេយល់ថាទម្ងង់ទោសដែលដាក់ទៅលើជនល្មើស គឺមិនសក្ដសម ហើយពួកគេប្រកាសថា និងប្តឹងឧទ្ធរណ៍។
តែយ៉ាងណាក៏ដោយអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា និយាយថា ការយល់ឃើញរបស់អ្នកវិភាគ និងអ្នកច្បាប់ផ្សេងៗគឺជាសិទ្ធិរបស់ពួកគេ តែការសម្រេចផ្តន្ទាទោសណាមួយ គឺជាឆន្ទានុសិទ្ធិរបស់ចៅក្រម។ លោកថា ប្រសិនបើជនរងគ្រោះមិនពេញចិត្តនឹងសេចក្តីសម្រេចនោះ គឺជនរងគ្រោះអាចប្តឹងឧទ្ធរណ៍។ លោក លី សុផាណា៖«ហើយអ្នកច្បាប់ ឬក៏មេធាវីដែលគេយល់ឃើញថា ស្រាលឬក៏អីនោះ គឺជាសិទ្ធិរបស់គេ គឺជាការយល់ឃើញរបស់គេ ហើយប្រសិនជា។ ហើយបើសិនជាភាគីណាមិនសុខចិត្តទេប្តឹងឧទ្ធរណ៍ទៅលើសាលក្រមហ្នឹងទៅ ដែលជាសិទ្ធិដែលច្បាប់បានតំណត់»។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ថា តុលាការត្រូវកាត់សេចក្តីឈរលើគោលការណ៍យុត្តិធម៌មួយដ៏ត្រឹមត្រូវ ដើម្បីធានា ប្រព័ន្ធយុត្តិធម៌សង្គមមួយល្អប្រសើរជូនដល់ពលរដ្ឋ។ តែយ៉ាងណាក្តីលោក យ៉ង់ គឹមអេង លើកឡើងថា សមត្ថកិច្ចជាពិសេសតុលាការ ត្រូវបន្តរកជនដៃដល់ផ្សេងទៀតមកផ្តន្ទាទោស ព្រោះថាករណីនេះនូវមានអ្នកជាប់ពាក់ព័ន្ធដដៃទៀតផងដែរ។ លោក យ៉ង់ គឹមអេង៖«តុលាការស្វែងរកយុត្តិធម៌ឱ្យបានត្រឹមត្រូវ ពីព្រោះកុំឱ្យមានទង្វើបែបហ្នឹងវាកើត ឡើងតទៅទៀត។ ហើយជាការបង្ហាញការអនុវត្តច្បាប់របស់យើងវា បានត្រឹមត្រូវហើយមានប្រសិទ្ធភាពទៅទៀត ហើយវាអាចធានាសណ្តាប់ធ្នាប់របៀបរៀបរាយសង្គមបានកាន់តែល្អប្រសើរដែលបាទ»។
ជុំវិញការវែកមុខចាប់ខ្លួនជនដៃដល់នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watchបានចេញសេចក្តីថ្លែងការណ៍មួយ បានផ្សព្វផ្សាយកាលពីថ្ងៃទី ២៦ ឧសភាដោយ បានស្នើជំរុញឲ្យមានការស៊ើបអង្កេតស៊ីជម្រៅ ដែលអង្គការនេះ មានជនដៃដល់ច្រើនជាង៣ នាក់នេះ ៕