ភ្នំពេញ ៖ មេធាវីការពារក្តីឱ្យអ្នកតំណាងរាស្ត្រ២រូបនៃគណបក្សសង្គ្រោះជាតិ ដែលរងការវាយដំឱ្យរបួសធ្ងន់និយាយថា សាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសជនល្មើសឱ្យជាប់ពន្ធនាគារ ៤ឆ្នាំ និងព្យួរទោស ៣ឆ្នាំ ថាស្ថានទំងន់ទោសស្រាលហើយប្លែកខណៈអ្នកតំណាងរាស្ត្ររងគ្រោះមិនទទួលស្គាល់ សាលក្រមនេះ ហើយគ្រោងនឹងប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍បន្តទៀត ។ លោក ធូ វីរៈ រាយការណ៍ព័ត៌មាននេះ៖
ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក ហេង សុខណា បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់៣រូបជាកងប្រដាប់អាវុធរបស់រដ្ឋ ដូចនេះនៅចំពោះមុខអ្នកសារព័ត៌មាន និងនៅចំពោះមុខ មេធាវីជនរងគ្រោះ ។ តាមសាលក្រមនេះ គឺជនជាប់់ចោទ មានឈ្មោះ សុត វណ្ណនី ,ម៉ៅ ហឿន និង ចាយ សារិទ្ធ មានទោសមួយឆ្នាំ នៅក្នុងពន្ធនាគារ ហើយពិន័យជាប្រាក់ ៦លានរៀល និង បង់សំណងរដ្ឋប្បវេណី ទៅឱ្យជនរងគ្រោះ ៨០លានរៀល ។
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន២រូបដែលត្រូវវាយឱ្យរងរបួសគឺ លោក ញ៉យ ចំរើន និង លោក គង់ សភា ។ ពួកគាត់រងបួស ដោយបាតុករវាយគឺនៅក្បែរវិមានរដ្ឋសភាកាលពីចុង ខែតុលា ឆ្នាំ ២០១៥។ ក្នុងព្រឹត្តិការណ៍ទាមទារទម្លាក់លោក កឹម សុខា ពីអនុប្រធានទី១ នៃរដ្ឋសភា ។
តែយ៉ាងនេះក្ដី សាលក្រមមិនទទួលបានសាទរ ទាំងមេធាវីជនរងគ្រោះ និងជនរងគ្រោះផ្ទាល់ឡើយ ។
លោក សំ សុគង់ មេធាវីការពារក្តីរបស់ លោក ញ៉យ ចំរើន និង លោក គង់ សភា ដែលបានចូលរួមស្តាប់ការប្រកាសសាលក្រមនេះ លើកឡើងថាលោកមិនទាន់ពេញចិត្ត នឹងការសម្រេចរបស់តុលាការនៅពេលនេះបានទេ ព្រោះមិនសមហេតុផល ។ លោកបន្តថា លោកនឹងពិចារណាពិភាក្សាជាមួយកូនក្តី ដើម្បីប្តឹងឧទ្ធរណ៍បន្តទៀត ។
លោក សំ សុគង់ ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ចេញពីបន្ទប់ប្រកាសសាលក្រមថា៖ «ការប្រកាសសាលក្រមដែលសម្រេចជនជាប់ចោទដាក់ពន្ធនាគារចំនួន៤ឆ្នាំ ហើយឲ្យជាប់គុកតែមួយឆ្នាំ ក្រៅពីនេះព្យួរទោស ហើយនិងឲ្យជនជាប់ចោទរួចផុតពីបទចោទទាក់ទងទៅធ្វើឲ្យខូចខាត់ដោយចេតនា ហើយមានស្ថានទំងន់ទោសគឺជាសេចក្តីសម្រេចមួយមិនអាចទទួលបានទេ ។ ក្រុមមេធាវីនឹងជួបជាមួយកូនក្តីទាំងពីរនាក់ ដើម្បីពិភាក្សា តើត្រូវប្តឹងឧទ្ធរណ៍ឬក៏យ៉ាងណា» ។
ចំពោះអ្នកតំណាងរាស្ត្រណគបក្សសង្គ្រោះជាតិទាំងពីររូប ដែលជនរងគ្រោះ បានបដិសេធមិនទទួលស្គាល់សាលក្រមនេះ ដោយយល់ថា ការសម្រេចដាក់ទោសទណ្ឌជនល្មើសទាំងបីរូបនេះ មានស្ថានទំនងទោសស្រាល មិនសមទៅការព្រឹត្តិរបស់ជនជាប់ចោទឡើយ ។
លោក គង់ សភា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ ដែលរងការវាយដំយ៉ាងធ្ងន់ធ្ងរបានប្រាប់វិទ្យុស្ត្រីថា លោកមិនពេញចិត្តការប្រកាសសាលក្រមនេះ និងសម្តែងការសោកស្តាយដែលសាលក្រមសម្រេចទម្លាក់បទចោទមួយគឺ ធ្វើឲ្យខូចខាត់ទ្រព្យសម្បត្តិដោយចេតនាយ៉ាងពិតប្រាកដ ។
ជនជាប់ចោទទាំង៣នាក់នេះ ត្រូវបានចោទបង្ករបួស្នាម និងធ្វើឱ្យខូចទ្រព្យសម្បត្តិជនរងគ្រោះ ។ ប៉ុន្តែបទចោទធ្វើឲ្យខូចខាតទ្រព្យសម្បតិ្តដោយចេតនា មានស្ថានទម្ងន់ទោស ត្រូវបានតុលាការសម្រេចទម្លាក់ចោល ដោយមូលហេតុគ្មានភស្តុតាំង ដាក់បន្ទុកទៅលើជនជាប់ចោទទាំង៣នាក់នោះ ។
ចំណែកអ្នកតំណាងរាស្ត្រដែលជាជនរងគ្រោះ សម្តែងការមិនពេញចិត្តចំពោះសាលក្រមសម្រេចទម្លាក់បទចោទធ្វើឲ្យខូចខាតទ្រព្យសម្បតិ្ត ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងពីរ បានដាក់ពាក្យប្ដឹងក្រុមបាតុករតាមរយៈមេធាវីរបស់ខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទប៉ុនប៉ងឃាតកម្មគិតទុកជាមុន និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា មានស្ថានទម្ងន់ទោស ព្រមទាំងទាមទារសំណងជាទឹកប្រាក់ម្នាក់ៗចំនួន ១០០លានរៀល ។
ករណីវាយតំណាងរាស្ត្រ២ រូបនេះ មានការថ្កោលទោស យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដោយពួកគេបានហៅលទ្ធិប្រជាធិបតេយ្យ និង សិទ្ធិរបស់អ្នកតំណាងរាស្ត្របក្សប្រឆាំង ជួបគ្រោះថ្នាក់ ៕