en     km
en     km

មេធាវី​បក្ស​ប្រឆាំង​ពិចារណា​ប្ដឹង​ឧទ្ធរណ៍​ ករណី​វាយ​តំណាងរាស្ត្រ​ខណៈ​ជន​រង​គ្រោះ​បដិសេធ​សាលក្រម​

Share

ភ្នំពេញ ៖ ​មេធាវី​ការពារ​ក្តី​ឱ្យ​អ្នកតំណាង​រាស្ត្រ​២​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​  ដែល​រង​ការ​វាយដំ​ឱ្យ​របួសធ្ងន់​និយាយ​ថា​ សាលក្រម​ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ផ្ដន្ទាទោស​ជនល្មើស​ឱ្យ​ជាប់​ពន្ធនាគារ​ ៤​ឆ្នាំ​ និង​ព្យួរទោស​ ៣​ឆ្នាំ​ ថា​ស្ថាន​ទំងន់ទោស​ស្រាល​ហើយ​ប្លែក​ខណៈ​អ្នកតំណាង​រាស្ត្រ​រង​គ្រោះ​មិន​ទទួលស្គាល់​ សាលក្រម​នេះ​ ហើយ​គ្រោង​នឹង​ប្តឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍​បន្ត​ទៀត​ ។​ លោក​ ធូ​ វី​រៈ​ រាយការណ៍​ព័ត៌មាន​នេះ​៖

 

ChonChabchot
(ពីឆ្វេង) លោក ម៉ៅ ហឿន លោក ចាយ សារិទ្ធ និង លោក សុត វណ្ណនី ជន​សង្ស័យ​វាយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ

​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ ហេង​ សុខ​ណា​ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជន​ជាប់​៣​រូប​ជា​កង​ប្រដាប់​អាវុធ​របស់​រដ្ឋ​ ដូចនេះ​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ និង​នៅ​ចំពោះ​មុខ​ មេធាវី​ជន​រង​គ្រោះ​ ។​ ​តាម​សាលក្រម​នេះ​ គឺ​ជនជាប់់ចោទ​ មានឈ្មោះ​ សុត​ វណ្ណ​នី​ ,​ម៉ៅ​ ហឿ​ន​ និង​ ចាយ​ សា​រិ​ទ្ធ​ មានទោស​មួយ​ឆ្នាំ​ នៅ​ក្នុង​ពន្ធនាគារ​ ហើយ​ពិន័យ​ជា​ប្រាក់​ ៦​លាន​រៀល​  និង​ បង់​សំណង​រដ្ឋប្បវេណី​ ទៅ​ឱ្យ​ជន​រង​គ្រោះ​ ៨០​លាន​រៀល​  ។​​

​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ចំនួន​២​រូប​ដែល​ត្រូវ​វាយ​ឱ្យ​រង​របួស​គឺ​ លោក​ ញ៉​យ​ ចំរើន​ និង​ លោក​ គង់​ សភា​ ។​ ពួក​គាត់​រង​បួស​ ដោយ​បាតុករ​វាយ​គឺ​នៅ​ក្បែរ​វិមាន​រដ្ឋសភា​កាលពី​ចុង​ ខែតុលា​ ឆ្នាំ​ ២០១៥​។​ ក្នុង​ព្រឹត្តិការណ៍​ទាមទារ​ទម្លាក់​លោក​ កឹ​ម​ សុខា​ ពី​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​ ។​​

​តែ​យ៉ាងនេះ​ក្ដី​ សាលក្រម​មិន​ទទួល​បាន​សាទរ​ ទាំង​មេធាវី​ជន​រង​គ្រោះ​ និង​ជន​រង​គ្រោះ​ផ្ទាល់​ឡើយ​ ។​​

lawyer
លោក​ សំ​ សុ​គង់​ មេធាវី​ការពារ​ក្តី​របស់​ លោក​ ញ៉​យ​ ចំរើន​ និង​ លោក​ គង់​ សភា

​លោក​ សំ​ សុ​គង់​ មេធាវី​ការពារ​ក្តី​របស់​ លោក​ ញ៉​យ​ ចំរើន​ និង​ លោក​ គង់​ សភា​ ដែល​បាន​ចូលរួម​ស្តាប់​ការ​ប្រកាស​សាលក្រម​នេះ​ លើក​ឡើង​ថា​លោក​មិន​ទាន់​ពេញចិត្ត​ នឹង​ការ​សម្រេច​របស់​តុលាការ​នៅ​ពេល​នេះ​បាន​ទេ​ ព្រោះ​មិន​សម​ហេតុផល​ ។​ លោក​បន្ត​ថា​ លោក​នឹង​ពិចារណា​ពិភាក្សា​ជាមួយ​កូនក្តី​ ដើម្បី​ប្តឹង​ឧទ្ធរណ៍​បន្ត​ទៀត​ ។​​

​លោក​ សំ​ សុ​គង់​ ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ បន្ទាប់​ចេញពី​បន្ទប់​ប្រកាស​សាលក្រម​ថា​៖ «​ការ​ប្រកាស​សាលក្រម​ដែល​សម្រេច​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​ចំនួន​៤​ឆ្នាំ​ ហើយ​ឲ្យ​ជាប់គុក​តែ​មួយ​ឆ្នាំ​ ក្រៅពី​នេះ​ព្យួរទោស​ ហើយ​និង​ឲ្យ​ជនជាប់ចោទ​រួច​ផុត​ពី​បទ​ចោទ​ទាក់ទង​ទៅ​ធ្វើ​ឲ្យ​ខូចខាត់​ដោយ​ចេតនា​ ហើយ​មាន​ស្ថាន​ទំងន់ទោស​គឺជា​សេចក្តីសម្រេច​មួយ​មិន​អាច​ទទួល​បាន​ទេ​ ។​ ក្រុម​មេធាវី​នឹង​ជួប​ជាមួយ​កូនក្តី​ទាំង​ពីរ​នាក់​ ដើម្បី​ពិភាក្សា​ តើ​ត្រូវ​ប្តឹង​ឧទ្ធរណ៍​ឬ​ក៏​យ៉ាងណា​»​ ។​​

​ចំពោះ​អ្នកតំណាង​រាស្ត្រ​ណ​គ​បក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​រូប​ ដែល​ជន​រង​គ្រោះ​ បាន​បដិសេធ​មិន​ទទួលស្គាល់​សាលក្រម​នេះ​ ដោយ​យល់​ថា​ ការ​សម្រេច​ដាក់ទោស​ទណ្ឌ​ជនល្មើស​ទាំង​បី​រូប​នេះ​ មាន​ស្ថាន​ទំនង​ទោស​ស្រាល​ មិន​សម​ទៅ​ការ​ព្រឹត្តិ​របស់​ជនជាប់ចោទ​ឡើយ​ ។​​

​លោក​ គង់​ សភា​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ ដែល​រង​ការ​វាយដំ​យ៉ាងធ្ងន់ធ្ងរ​បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ លោក​មិន​ពេញចិត្ត​ការ​ប្រកាស​សាលក្រម​នេះ​ និង​សម្តែង​ការ​សោកស្តាយ​ដែល​សាលក្រម​សម្រេច​ទម្លាក់​បទ​ចោទ​មួយ​គឺ​ ធ្វើ​ឲ្យ​ខូចខាត់​ទ្រព្យសម្បត្តិ​ដោយ​ចេតនា​យ៉ាង​ពិតប្រាកដ​ ។​​

​លោក​ គង់​ សភា​ ថ្លែង​ថា​៖«​ការ​ទោសទណ្ឌ​ទៅ​លើ​ជន​ដៃដល់​ដែល​វាយ​ប៉ង​សម្លាប់​ មក​លើ​តំណាងរាស្ត្រ​ពីរ​រូប​និង​គឺ​វា​ហាក់បីដូចជា​ស្រាល​ បើ​ប្រៀបធៀប​ទៅ​និង​បទល្មើស​ផ្សេងៗ​ដូច​ជា​ករណី​ លោក​ ម៉ា​ជ​ សុ​វ​ណ្ណា​រ៉ា​ ដែល​មាន​សិទ្ធិ​ចេញ​មតិយោបល់​ នាម​ពលរដ្ឋ​ខ្មែរ​គាត់​មានទោស​រហូត​ដល់​២០​ឆ្នាំ​ ជា​បទឧក្រិដ្ឋ​ ហើយ​នេះ​ជនល្មើស​មាន​ចេតនា​ប៉ុនប៉ង​វាយ​សម្លាប់​យើងខ្ញុំ​ ទាំង​ពីរ​នាក់​ដោយ​គិត​ទុកជា​មុន​ តាម​ការ​រៀបចំ​របស់​អ្នកមាន​អំណាច​ និង​បែរជា​ដាក់ទោស​ទាន់​តែ​១​ឆ្នាំ​ ហើយ​ទោស​និង​ជិត​ផុត​ទៅ​ទៀត​ ឥឡូវ​គិត​ពី​ពេល​ឃុំខ្លួន​រហូត​មក​ដល់​ពេល​នេះ​ ឃើញ​ថា​ប៉ុន្មាន​ខែ​ទៀត​គាត់​រួចខ្លួន​ មាន​សេរី​វិញ​»​ ។​​

​ជនជាប់ចោទ​ទាំង​៣​នាក់​នេះ​ ត្រូវ​បាន​ចោទ​បង្ករ​បួ​ស្នាម​ និង​ធ្វើ​ឱ្យ​ខូច​ទ្រព្យសម្បត្តិ​ជន​រង​គ្រោះ​ ។​ ប៉ុន្តែ​បទ​ចោទ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បតិ្ត​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស​ ត្រូវ​បាន​តុលាការ​សម្រេច​ទម្លាក់​ចោល​ ដោយ​មូលហេតុ​គ្មាន​ភស្តុ​តាំង​ ដាក់បន្ទុក​ទៅ​លើ​ជនជាប់ចោទ​ទាំង​៣​នាក់​នោះ​ ។​​

​ចំណែក​អ្នកតំណាង​រាស្ត្រ​ដែល​ជា​ជន​រង​គ្រោះ​ សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​សាលក្រម​សម្រេច​ទម្លាក់​បទ​ចោទ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បតិ្ត​ ។​​

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​ បាន​ដាក់​ពាក្យ​ប្ដឹង​ក្រុម​បាតុករ​តាម​រយៈ​មេធាវី​របស់​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​គិត​ទុកជា​មុន​ និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស​ ព្រមទាំង​ទាមទារ​សំណង​ជា​ទឹកប្រាក់​ម្នាក់ៗ​ចំនួន​ ១០០​លាន​រៀល​ ។​​

​ករណី​វាយ​តំណាងរាស្ត្រ​២​ រូប​នេះ​ មានការ​ថ្កោលទោស​ យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ ដោយ​ពួក​គេ​បាន​ហៅ​លទ្ធិប្រជាធិបតេយ្យ​ និង​ សិទ្ធិ​របស់​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ ជួប​គ្រោះថ្នាក់​ ៕​

Share

Image
Image
Image