en     km
en     km

ព្រះរាជអាជ្ញា​សាលាដំបូង​ រាយការណ៍​អំពី​ការ​ចោទប្រកាន់​លោក​ កឹ​ម​ សុខា​ ទៅ​ប្រធានរដ្ឋសភា​

Share

ភ្នំពេញ ៖ ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ យ៉េ​ត​ ចរិយា​ បាន​ផ្ញើ​លិខិត​ទៅ​សម្តេច​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ជាតិ​ ដើម្បី​រាយការណ៍​អំពី​ការ​ចោទប្រកាន់​លោក​ កឹ​ម​ សុខា​ តំណាងរាស្ត្រ​មណ្ឌល​ ខេត្តកំពង់ចាម​ ពី​បទ​«​ បដិសេធ​ ក្នុង​ការ​ចូលខ្លួន​»​ ក្នុង​នាម​ជា​សាក្សី​តាម​ការ​កោះហៅ​របស់​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៧​ឧសភា​នេះ​ ។​ ជុំវិញ​ករណី​នេះ​ លោក​ ឈាង​ វុន​ អ្នកនាំពាក្យ​រដ្ឋសភា​ លើក​ឡើង​ថា​ប្រសិនបើ​ លោក​ កឹ​ម​ សុខា​ ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ តាម​ការ​កោះហៅ​របស់​ព្រះរាជអាជ្ញា​ នោះ​គ្មាន​អ្នក​ណា​ចាប់ខ្លួន​លោក​ឡើយ​ ។​ លោក​ ទួន​ សុផល​ មាន​សេចក្តីរាយការណ៍​៖

tulaka-sala-dombong-1
សាលាដំបូង​រាជធានី​ភ្នំពេញ

​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ចោទប្រកាន់​លោក​ កឹ​ម​ សុខា​ ពី​បទ​«​បដិសេធ​ក្នុង​ការ​ចូលខ្លួន​ »​ តាម​មាត្រា​ ៥៣៨​ នៃ​ក្រមព្រហ្មទណ្ឌ​ និង​បាន​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​ ។​​

​យោង​តាម​លិខិត​ផ្ញើ​ជូន​ប្រធានរដ្ឋសភា​ ដែល​ចុះហត្ថលេខា​ដោយ​លោក​ យ៉េ​ត​ ចរិយា​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពិនិត្យ​ឃើញ​ថា​ ការ​ប្រព្រឹត្ត​របស់​លោក​ កឹ​ម​ សុខា​ ដែល​មិន​បាន​ចូលខ្លួន​មក​បំភ្លឺ​តាម​ការ​កោះហៅ​របស់​អយ្យកា​រទាំង​ពីរ​លើក​ គឺជា​បទល្មើស​តាម​មាត្រា​ ៥៣៨​ នៃ​ក្រមព្រហ្មទណ្ឌ​ ។​​

មាន​ត្រា​ ៥៣៨​ បាន​ចែង​ថា​ ៖​ «​រាល់​បុគ្គល​ណា​ដែល​ត្រូវ​បាន​កោះហៅ​អោយ​ចូល​មក​ឆ្លើយ​ ជា​សាក្សី​នៅ​មុខ​អយ្យការ​ ឬ​ចៅក្រម​ស៊ើបសួរ​ ឬ​មុខ​តុលាការ​ព្រហ្មទណ្ឌ​ ហើយ​មិន​ព្រម​ចូលខ្លួន​តាម​ដីការ​កោះហៅ​នោះ​ ដោយ​គ្មាន​មូលហេតុ​សម​ស្រប​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១​ខែ​ ទៅ​ ៦​ខែ​ និង​ពិន័យ​ជា​ប្រាក់​ពី​១​សែន​រៀល​ ទៅ​ ១​លាន​រៀល​»​ ។​​

​អ្នកនាំពាក្យ​រដ្ឋសភា​ លោក​ ឈាង​ វុន​ បាន​ថ្លែង​ថា​ លោក​ កឹ​ម​ សុខា​ រឹងទទឹង​មិន​ព្រម​ចូល​បំភ្លឺ​តាម​ដីការ​របស់​ព្រះរាជអាជ្ញា​ ធ្វើ​អោយអំនាច​តុលាការ​មិន​អាច​ទៅ​មុខ​បាន​ ។​ អ្នកនាំពាក្យ​រដ្ឋសភា​រូប​នេះ​ បញ្ជាក់​ថា​ ប្រសិនបើ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ តាម​ការ​កោះហៅ​របស់​ព្រះរាជ​អា​ជ​អាជ្ញា​ នោះ​គ្មាន​អ្នក​ណា​ចាប់ខ្លួន​លោក​ឡើយ​ ។​

​អ្នក​សិក្សា​ពី​អភិបាលកិច្ច​ល្អ​ និង​លទ្ធិប្រជាធិបតេយ្យ​ លោក​ ចាន់​ វិបុល​ លើក​ឡើង​ថា​ ការ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ នឹង​អាច​ធ្វើ​ទៅ​បាន​ បើ​តាម​លក្ខខណ្ឌ​នយោបាយ​នៃ​សង្គម​បច្ចុប្បន្ន​នេះ​ ។​ ប៉ុន្តែ​លោក​ថា​ ប្រសិនបើ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ បាន​ហើយ​ បាតុកម្ម​នឹង​អាច​កើត​ឡើងជា​ទ្រង់ទ្រាយ​ណាមួយ​ជាក់​ជា​មិន​ខាន​ ដោយ​លោក​និយាយ​ផ្អែក​ទៅ​លើ​កម្លាំង​គាំទ្រ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ។​​

​ស្រប​ពេល​នេះ​ដែរ​ នៅ​ថ្ងៃនេះ​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ នៃ​រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​មួយ​ដោយ​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​៣​ ដោយ​មានការ​ចូលរួម​ពី​តំណាង​គណៈកម្មការ​ទាំង​១០​ នៅ​ក្នុង​រដ្ឋសភា​ ប៉ុន្តែ​អវត្តមាន​ប្រធាន​គណៈកម្មការ​ទាំង​៥​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ ។​​

​ដោយឡែក​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិ​ន្ទ្រៃ​យ៍​បក្ស​ផង​ដែរ​នៅ​ថ្ងៃនេះ​ ។​ ក្រោយ​កិច្ចប្រជុំ​ជា​លទ្ធផល​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​អោយ​ថ្នាក់ដឹកនាំ​មូល​ដ្ឋា​គ្រប់​រាជធានី​ ខេត្ត​ ដង្ហែ​ញត្តិ​មក​រាជធានី​ភ្នំពេញ​ ថ្វាយ​ព្រះមហាក្សត្រ​ ។​ គណ​កប្ស​នឹង​ប្រើប្រាស់​សិទ្ធិ​ធ្វើ​មហា​បាតុកម្មអហិង្សា​ ក្នុង​ករណី​ដែល​មានការ​ចាប់ខ្លួន​ លោក​ កឹ​ម​ សុខា​ ។​ ចំនុច​ចុង​ក្រោយ​ គឺ​បន្ត​យក​ វប្បធម៌​សន្ទនា​ ធ្វើ​ជា​មូលដ្ឋាន​ ក្នុង​ការ​ស្តារ​ស្ថានភាព​នយោបាយ​អោយ​វិល​មក​ភាព​ប្រក្រតី​ឡើយ​វិញ​ ។​​

​ត្រង់​ចំនុច​នេះ​ លោក​ ឈាង​ វុន​ តំណាងរាស្ត្រ​សំលេង​ភាគច្រើន​ ក្នុង​រដ្ឋសភា​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ បញ្ជាក់​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិ​ន្រៃ្ត​យ៍​រដ្ឋសភា​ថា​  គណបក្សកាន់អំនាច​ស្វាគមន៍​ជា​និច្ច​ចំពោះ​វប្បធម៌​សន្ទនា​ ។​ ផ្ទុយ​ទៅ​វិញ​ គណបក្សប្រឆាំង​ទៅ​វិញ​ទេ​ ដែល​មិន​អើពើ​រៀបចំ​បរិស្ថាន​ជួប​ស​ន្ទា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ។​​

​ឆ្លើយ​តប​នឹង​លោក​ ឈាង​ វុន​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យឹ​ម​ សុវណ្ណ​ មាន​ប្រសាសន៍​នៅ​ថ្ងៃនេះ​ថា​ វប្បធម៌​សន្ទនា​អាច​ទៅ​រួច​ ទាល់តែ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ថ្នាក់ដឹកនាំ​ជា​ជំហរ​ តែបើ​ដូច​ពេល​នេះ​ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​ចោទប្រកាន់​ និង​ចាប់ខ្លួន​ ដូចនេះ​ វប្បធម៌​សន្ទនា​ មិន​អាច​ទៅ​រួច​នោះ​ទេ​ ។​​

​លោក​ កឹ​ម​ សុខា​ បាន​បដិសេធ​ មិន​ចូលខ្លួន​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​ ចំនួន​បី​លើក​មក​ ហើយ​ ទាក់ទិន​ទៅ​នឹង​ការ​បំភ្លឺ​ សញ្ចារ​កម្ម​  ករណី​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ។​​

ក្រុម​មេធាវី​របស់​លោក​ កឹ​ម​ សុខា​ បាន​អះអាង​ថា​ កូនក្ដី​ខ្លួន​ មាន​អភ័យឯកសិទ្ធិ​សភា​ ដែល​មិន​ចាំបាច់​ ចូលខ្លួន​ ឬ​អោយ​មានការ​ចាប់ខ្លួន​នោះ​ទេ​ ហើយ​ពួក​គេ​អះអាង​បែប​នេះ​ ដោយ​ យោង​លើ​ មាត្រា​៨០​ នៃ​រដ្ឋ​ធម្ម​នុ​ញ្ញា​ ចែង​ការពារ​អភ័យឯកសិទ្ធិ​របស់​អ្នកតំណាង​រាស្ដ្រ​ ៕

Share

Image
Image
Image