en     km
en     km

មេធាវី​​បក្ស​​ប្រឆាំង​​មិន​​ទទួល​យក​​សាល​ក្រម​​ផ្ដន្ទាទោស​​៤​​ឆ្នាំ​​ព្យួរ​ទោស​​ ៣​ឆ្នាំ​​ករណី​វាយ​​អ្នកតំណាង​រាស្ត្រ​

Share

ភ្នំពេញ ៖ ​មេធាវី​ការពារ​ក្តី​ឱ្យ​អ្នកតំណាង​រាស្ត្រ​២​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​រង​ការ​វាយ​ឱ្យ​របួសធ្ងន់​ មិន​ទាន់​ទទួលយក​សាលក្រម​ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ផ្ដន្ទាទោស​ជនល្មើស​ឱ្យ​មានទោស​៤​ឆ្នាំ​ និង​ព្យួរទោស​ ៣​ឆ្នាំ​ ហើយ​ពិន័យ​ជា​ប្រាក់​៦​លាន​រៀល​ ។​

ChonChabchot
(ពីឆ្វេង) លោក ម៉ៅ ហឿន លោក ចាយ សារិទ្ធ និង លោក សុត វណ្ណនី ជន​សង្ស័យ​វាយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ

​លោក​ សំ​ សុ​គង់​ ដែល​បាន​ចូលរួម​ស្តាប់​ការ​ប្រកាស​សាលក្រម​នេះ​ លើក​ឡើង​ថា​លោក​មិន​ទាន់​ពេញចិត្ត​នឹង​ការ​សម្រេច​របស់​តុលាការ​នៅ​ពេល​នេះ​បាន​ទេ​ ព្រោះ​មិន​សម​ហេតុផល​ ។​ លោក​បន្ត​ថា​ លោក​នឹង​ពិចារណា​ពិភាក្សា​ជាមួយ​កូនក្តី​ ដើម្បី​ប្តឹង​ឧទ្ធរណ៍​បន្ត​ទៀត​ ។​

​ការ​ថ្លែង​របស់​លោក​មេធាវី​ សំ​ សុ​គង់​ ធ្វើ​ឡើង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​២៧​ខែឧសភា​នេះ​ គឺ​ភ្លាមៗ​បន្ទាប់​ពី​បាន​ទៅ​ស្ដាប់​ ការ​អាន​សាលក្រម​ របស់​មន្ត្រី​តុលាការ​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៧​ ឧសភា​ ។​

​ជនជាប់ចោទ​ទាំង​៣​នាក់​ដែល​បាន​បង្ក​ហិង្សា​វាយ​លើ​អ្នកតំណាង​បក្ស​ប្រឆាំង​គឺ​លោក​ គង់​ សភា​ និង​លោក​ ញ៉​យ​ ចំរើន​ កាលពី​ ចុងខែ​តុលា​ឆ្នាំ​២០១៥​ គឺ​មានឈ្មោះ​ សុត​ វណ្ណ​នី​ ,​ម៉ៅ​ ហឿ​ន​ និង​ ចាយ​ សា​រិ​ទ្ធ​ ។​ ពួក​គេ​ត្រូវ​បាន​ចោទ​បង្ក​ររ​បួ​ស្នាម​ និង​ធ្វើ​ឱ្យ​ខូច​ទ្រព្យសម្បត្តិ​ជន​រង​គ្រោះ​ ។​

​បទ​ចោទ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បតិ្ត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ត្រូវ​តុលាការ​សម្រេច​ទម្លាក់​ចោល​វិញ​ ។​

​ក្នុង​ពេល​ប្រកាស​សាលក្រម​នោះ​ តុលាការ​ក៏​សម្រេច​ឱ្យ​ជនជាប់ចោទ​ ទាំង​៣​នាក់​នេះ​ត្រូវ​បង់​សំណង​ជម្ងឺ​ចិត្ត​ដល់​អ្នកតំណាង​រាស្ត្រ​ទាំង​២​រូប​ ចំនួន​៨០​លាន​រៀល​ ។​

​សូម​រំលឹក​ថា​ តំណាងរាស្ត្រ​ទាំង​ពីរ​រូប​ គឺ​លោក​ ញ៉​យ​ ចំរើន​ និង​លោក​ គង់​ សភា​ ត្រូវ​បាន​ជន​មួយ​ក្រុម​ព្រួត​គ្នា​វាយ​នៅ​ពេល​បើករថយន្ត​ចេញពី​ប្រជុំ​នៅ​មន្ទីរ​រដ្ឋសភា​ កាលពី​ថ្ងៃ​ទី​២៦​ខែតុលា​ ឆ្នាំ​២០១៥​ គឺ​ ពួក​គេ​ ត្រូវ​បាន​វាយ​ចំ​ពេល​បាតុករ​ប្រមូលផ្ដុំ​គ្នា​ ទម្លាក់​លោក​ កឹ​ម​ សុខា​ ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ ដែល​គេ​ថា​ ក្រុម​បាតុករ​ជា​សមត្ថកិច្ច​ របស់​រដ្ឋ​ ។​

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​ ធ្លាប់​បាន​ដាក់​ពាក្យ​ប្ដឹង​ក្រុម​បាតុករ​តាម​រយៈ​មេធាវី​របស់​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​គិត​ទុកជា​មុន​ និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស​ ព្រមទាំង​ទាមទារ​សំណង​ជា​ទឹកប្រាក់​ម្នាក់ៗ​ចំនួន​ ១០០​លាន​រៀល​ ៕

Share

Image
Image
Image