ភ្នំពេញ ៖ មន្ដ្រីជាន់ខ្ពស់ម្នាក់របស់គណបក្សសង្គ្រោះជាតិ បានអះអាងថាលោក កឹម សុខា នឹងមិនប្រគល់ខ្លួនឱ្យសមត្ថកិច្ច នោះទេ ដែលជាការឆ្លើយតប ចំពោះសារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយមុននេះបន្ថិចថា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះ យល់ព្រមប្រគល់ខ្លួនអោយសមត្ថកិច្ច ។
លោក ប៉ុល ហំម ប្រធានគណៈកម្មាការនាយកនៃគណបក្សសង្គ្រោះជាតិ បានប្រាប់វិទ្យុស្ដ្រី FM102 ថាលោកមិនបានដឹងថា លោក កឹម សុខា នៅទីណាទេ ហើយក៏មិនបានដឹងថា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះ យល់ព្រម ប្រគល់ខ្លួនឱ្យសមត្ថកិច្ចនោះដែរ ។
សារព័ត៌មាន ក្នុងស្រុកមួយបានចុះផ្សាយថា លោក ប៉ុល ហំម នឹងបន្តដឹកនាំគណបក្សសង្គ្រោះជាតិបន្ទាប់ពីលោក កឹម សុខា បានប្រគល់ឱ្យសមត្ថកិច្ច ប៉ុន្តែ លោក ប៉ុល ហំម ថា មិនពិតទេ ។
ទោះជាយ៉ាងណា មិនទាន់ឃើញមានប្រភពឯករាជ្យណាមួយ បញ្ជាក់បន្ថែមលើប្រភពនេះទេ ។
តែនៅពេលជាមួយគ្នានេះ លោក បានអោយទៅសាកសួរបន្ថែម ពី លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ប៉ុន្ដែមិនអាចទាក់ទងបាន ដោយមិនមានអ្នកលើទូរស័ព្ទ ។ យ៉ាងណាក៏ដោយ គេហទំព័រក្នុងស្រុកមួយ បានស្រង់សម្ដីរបស់លោក អេង ឆៃអ៊ាង មន្ដ្រី ជាន់ខ្ពស់របស់គណបក្សនេះ មកចុះផ្សាយថា លោក កឹម សុខា កំពុងស្ថិតនៅទីសុវត្ថិភាព តែមិនបានបញ្ជាក់ថា នៅទីណានោះទេ ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចស្វែងរកចាប់ខ្លួន តាំងពីម៉ោង៨ព្រឹក ហើយភ្លាមនោះ សមត្ថកិច្ចបានឃាឃាំងរថយន្ដរបស់លោក ដែលកំពុងធ្វើដំណើរនៅលើដងផ្លូវមហាវិថី ព្រះនរោត្ដម ដោយពុំឃើញ លោក កឹម សុខា ជិះលើរថយន្ដនោះទេ ។
លោក កឹម សុខា បានបដិសេធ មិនចូលខ្លួនទៅតុលាការដំបូងរាជធានីភ្នំពេញ ចំនួនបីលើកមកហើយ ទាក់ទិនទៅនឹងការបំភ្លឺ សញ្ជារកម្ម ករណី កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ។
ក្រុមមេធាវីរបស់លោក កឹម សុខា បានអះអាងថា កូនក្ដីខ្លួន មានអភ័យឯកសិទ្ធិសភា ដែលមិនចាំបាច់ ចូលខ្លួន ឬអោយមានការចាប់ខ្លួននោះទេ ហើយពួកគេ អះអាងបែបនេះ ដោយ យោងលើ មាត្រា ៨០ នៃរដ្ឋធម្មនុញ្ញា ចែងការពារអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ដ្រ ៕