en     km
en     km

មន្ត្រីជាន់ខ្ពស់​CNRP​ បដិសេធ​ព័ត៌មាន​មួយ​ថា​លោក​ កឹ​ម​ សុខា​ យល់ព្រម​ប្រគល់​ខ្លួន​ឱ្យ​សមត្ថកិច្ច​

Share

ភ្នំពេញ ៖ ​មន្ដ្រីជាន់ខ្ពស់​ម្នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះអាង​ថា​លោក​ កឹ​ម​ សុខា​ នឹង​មិន​ប្រគល់​ខ្លួន​ឱ្យ​សមត្ថកិច្ច​ នោះ​ទេ​ ដែល​ជា​ការ​ឆ្លើយ​តប​ ចំពោះ​សារព័ត៌មាន​ក្នុងស្រុក​មួយ​ បាន​ចុះ​ផ្សាយ​មុន​នេះ​ប​ន្ថិ​ច​ថា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ យល់ព្រម​ប្រគល់​ខ្លួន​អោយ​សមត្ថកិច្ច​ ។​

Kem-sokha18
លោក​ កឹ​ម​ សុខា ក្នុងពេលជួបជាមួយសកម្មជនកន្លងមក

​លោក​ ប៉ុ​ល​ ហំ​ម​ ប្រធាន​គណៈ​ក​ម្មា​ការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ FM102​ ថា​លោក​មិន​បានដឹង​ថា​ លោក​ កឹ​ម​ សុខា​ នៅ​ទីណា​ទេ​ ហើយ​ក៏​មិន​បានដឹង​ថា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ យល់ព្រម​ ប្រគល់​ខ្លួន​ឱ្យ​សមត្ថកិច្ច​នោះ​ដែរ​ ។​​

​សារព័ត៌មាន​ ក្នុងស្រុក​មួយ​បាន​ចុះ​ផ្សាយ​ថា​ លោក​ ប៉ុ​ល​ ហំ​ម​ នឹង​បន្ត​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ទាប់​ពី​លោក​ កឹ​ម​ សុខា​ បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច​ ប៉ុន្តែ​ លោក​ ប៉ុ​ល​ ហំ​ម​ ថា​ មិន​ពិត​ទេ​ ។​​

​ទោះជា​យ៉ាងណា​ មិន​ទាន់​ឃើញ​មាន​ប្រភព​ឯករាជ្យ​ណាមួយ​ បញ្ជាក់​បន្ថែម​លើ​ប្រភព​នេះ​ទេ​ ។​​

​តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ លោក​ បាន​អោយទៅ​សាកសួរ​បន្ថែម​ ពី​ លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ប៉ុន្ដែ​មិន​អាច​ទាក់ទង​បាន​ ដោយ​មិន​មាន​អ្នក​លើ​ទូរស័ព្ទ​ ។ ​យ៉ាងណា​ក៏​ដោយ​ គេហទំព័រ​ក្នុងស្រុក​មួយ​ បាន​ស្រង់​សម្ដី​របស់​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ មន្ដ្រី​ ជាន់ខ្ពស់​របស់​គណបក្ស​នេះ​ មក​ចុះ​ផ្សាយ​ថា​ លោក​ កឹ​ម​ សុខា​ កំពុង​ស្ថិត​នៅ​ទី​សុវត្ថិភាព​ តែ​មិន​បាន​បញ្ជាក់​ថា​ នៅ​ទីណា​នោះ​ទេ​ ។​​

​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​ តាំងពី​ម៉ោង​៨​ព្រឹក​ ហើយ​ភ្លាម​នោះ​ សមត្ថកិច្ច​បាន​ឃា​ឃាំង​រថយន្ដ​របស់​លោក​ ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ដងផ្លូវ​មហាវិថី​ ព្រះ​នរោត្ដម​ ដោយ​ពុំ​ឃើញ​ លោក​ កឹ​ម​ សុខា​ ជិះ​លើ​រថយន្ដ​នោះ​ទេ​ ។​​

​លោក​ កឹ​ម​ សុខា​ បាន​បដិសេធ​ មិន​ចូលខ្លួន​ទៅ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ ចំនួន​បី​លើក​មក​ហើយ​ ទាក់ទិន​ទៅ​នឹង​ការ​បំភ្លឺ​ សញ្ជារកម្ម​  ករណី​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ។​ ​

​ក្រុម​មេធាវី​របស់​លោក​ កឹ​ម​ សុខា​ បាន​អះអាង​ថា​ កូនក្ដី​ខ្លួន​ មាន​អភ័យឯកសិទ្ធិ​សភា​ ដែល​មិន​ចាំបាច់​ ចូលខ្លួន​ ឬ​អោយ​មានការ​ចាប់ខ្លួន​នោះ​ទេ​ ហើយ​ពួក​គេ​ អះអាង​បែប​នេះ​ ដោយ​ យោង​លើ​ មាត្រា​ ៨០​ នៃ​រដ្ឋ​ធម្ម​នុ​ញ្ញា​ ចែង​ការពារ​អភ័យឯកសិទ្ធិ​របស់​អ្នកតំណាង​រាស្ដ្រ​ ៕


Share

Image
Image
Image