en     km
en     km

សំរាម​នៅ​តែ​ជា​បញ្ហា​ប្រឈម​នៅ​ក្នុង ​សង្គម​កម្ពុជា​

Share

​ភ្នំពេញ​ ៖​ បញ្ហា​សំរាម​ សំណល់​រឹង​ និង​បរិស្ថាន​នៅ​ទីប្រជុំជន​/​ក្រុង​ ក្នុង​ប្រទេស​កម្ពុជា​បាន​ក្លាយជា​កង្វល់​ចំបង​មួយ​ ក្នុង​ចំណោម​បញ្ហា​នានា​ផ្សេង​ទៀត​ ហើយ​បញ្ហា​សំរាម​នេះ​ទៀត​សោត​បាន​បង្ក​ជា​បញ្ហា​ប្រឈម​មួយ​ទៅ​ដល់​សង្គម​កម្ពុជា​ ព្រោះថា​សំរាម​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​បរិស្ថាន​ក្រុង​ និង​សុខា​មា​ល​ភាព​ប្រជាពលរដ្ឋ​ផង​ដែរ​ ។​ នេះ​បើ​តាម​ការ​បង្ហាញ​នៅ​ក្នុង​របាយការណ៍​មួយ​របស់​សម្ព័ន្ធភាព​ជាតិ​ ក្រុមប្រឹក្សា​មូលដ្ឋាន​ ដែល​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​ លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ស្តី​ពី​ការ​អនុវត្ត​ការ​គ្រប់គ្រង​សំរាម​-​សំណល់​រឹង​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៦​ខែឧសភា​ ឆ្នាំ​២០១៦​ នេះ​ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ ភ្នំពេញ​ ។​ ​លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ ៖

 

Samram
សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​ លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ស្តី​ពី​ការ​អនុវត្ត​ការ​គ្រប់គ្រង​សំរាម​-​សំណល់​រឹង​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៦​ខែឧសភា​ ឆ្នាំ​២០១៦

​ផ្អែក​លើ​ការ​ស្រាវជ្រាវ​របស់​សម្ព័ន្ធភាព​ជាតិ​ ក្រុមប្រឹក្សា​មូលដ្ឋាន​បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា​ ការ​គ្រប់គ្រង​សំរាម​-​សំណល់​រឹង​នៅ​តែ​ជា​បញ្ហា​ប្រឈម​នៅ​ទ្បើ​យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។​ ហើយ​បញ្ហា​ប្រឈម​ទាំងនោះ​ដោយសារ​តែ​យន្តការ​គ្រប់គ្រង​ការងារ​តាម​បែប​មជ្ឈការ​ (​អំណាច​នៅ​ថ្នាក់លើ​)​ ក្រប​ខណ្ឌ​គតិ​យុ​ត្ត​មិន​គ្រប់គ្រាន់​ និង​មិន​សមរម្យ​ ការ​ពង្រឹង​ច្បាប់​មិន​ទាន់​មាន​ប្រសិទ្ធភាព​ជាដើម​ ។​ នេះ​បើ​យោង​តាម​របាយការណ៍​លទ្ធផល​នៃ​ការ​អង្កេត​ស្តី​ពី​ការ​អនុវត្ត​ការ​គ្រប់គ្រង​សំរាម​ និង​សំណល់​រឹង​ នៅ​រដ្ឋបាល​ក្រុង​ ស្រុក​ របស់​សម្ព័ន្ធភាព​ជាតិ​ក្រុមប្រឹក្សា​ ក្រុង​ ស្រុក​ ខ័​ណ្ឌ​ ឃុំ​ សង្កាត់​ (NLC/S)​ ។​

​អគ្គលេខាធិការ​ សម្ព័ន្ធភាព​ជាតិ​ក្រុមប្រឹក្សា​ ក្រុង​ ស្រុក​ ខ័​ណ្ឌ​ ឃុំ​ សង្កាត់​ លោក​ ប៉ុក​ សុគន្ធ​ដា​រ៉ា​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌​មាននៅ​ថ្ងៃនេះ​ថា​ បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជា​ កង្វះ​ធនធានមនុស្ស​ ការ​ផ្ទេរអំណាច​ពី​ថ្នាក់លើ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​ ការ​ពង្រឹង​ច្បាប់​មិន​ទាន់​មាន​ប្រសិទ្ធភាព​ជាដើម​ ។​ បញ្ហា​នេះ​ធ្វើ​ឱ្យ​មានការ​រាំងស្ទះ​ទៅ​លើ​ការ​គ្រប់គ្រង​បញ្ហា​សំរាម​-​សំណល់​រឹង​ ។​ ជាង​នេះ​ទៅ​ទៀត​ ដោយសារ​តែ​មន្ត្រី​រដ្ឋបាល​ក្រុង​ ស្រុក​ ខណ្ឌ​ មិន​ទាន់​ទទួល​បានការ​បណ្តុះបណ្តាល​គ្រប់គ្រាន់​នៅ​ទ្បើ​យ​ ។​​

​លោក​ ប៉ុក​ សុគន្ធ​ដា​រ៉ា​ បាន​ផ្តល់​ជា​អនុសាសន៍​ថា​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ការ​គ្រប់គ្រង​សំរាម​-​សំណល់​រឹង​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ រាជរដ្ឋាភិបាល​ និង​ដៃគូរ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ត្រូវ​តែ​ចូលរួម​ទាំងអស់​គ្នា​ ។​ «​ជំ​ហ៊ាន​ដំបូង​ជា​ការ​ចាំបាច់​ត្រូវ​មានការ​បណ្តុះបណ្តាលការ​បណ្តុះបណ្តាល​ហ្នឹង​មែន​សំខាន់​តែ​លើ​មុខ​អ្នកការ​មន្ត្រីរាជការ​នោះ​ទេ​ សូ​ម្បី​តែ​ប្រជាពលរដ្ឋ​របស់​យើង​ហ្នឹង​ក៏​ត្រូវ​មានការ​អប់រំ​ដែរ​ធ្វើ​ម៉េច​ដើម្បី​ឱ្យ​គាត់​រស់នៅ​ក្នុង​បរិស្ថាន​មួយ​ស្អាត​..»​ ។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ទៅ​លើ​បញ្ហា​សំរាម​-​សំណល់​រឹង​ និង​ជា​អ្នកជំនាញ​សរសេរ​របាយការណ៍​ លោក​ មិន​ មុន្នី​ មាន​ប្រសាសន៍​ថា​ ការ​អភិវឌ្ឍន៍​ និង​វិ​វ​ឌ្ឍ​ផ្នែក​នគរូបនីយកម្ម​ដ៏​គំហុក​ក៏​បាន​នាំ​មក​នូវ​បញ្ហា​មួយ​ចំនួន​ផង​ដែរ​ ជា​ពិសេស​បញ្ហា​គ្រប់គ្រង​សំរាម​នៅ​ទីប្រជុំជន​ ។​ អ្នក​ស្រាវជ្រាវ​រូប​នេះ​បន្ត​ថា​ ដើម្បី​ឱ្យ​ការ​គ្រប់គ្រង​សំរាម​កាន់តែ​មាន​ប្រសិទ្ធភាព​នោះ​ លុះត្រាតែ​មានការ​ផ្ទេរអំណាច​ពី​ថ្នាក់​ខេត្ត​ រាជធានី​ ឱ្យទៅ​ក្រុង​ ស្រុក​ឱ្យ​បាន​ពេញលេញ​ ទើប​ការ​គ្រប់គ្រង​សំរាម​មាន​ប្រសិទ្ធភាព​ទៅ​បាន​ ។​ «​ចង់​គ្រប់គ្រង​សំរាម​ឱ្យ​មាន​ប្រសិទ្ធភាព​យើង​គិត​ថា​ត្រូវ​ផ្ទេរ​ឱ្យ​បាន​ដល់​ក្រុង​ ស្រុក​ អ​ញ្ចឹ​ង​ការ​រក​ឃើញ​របស់​យើង​កន្លង​ទៅ​ហ្នឹង​មាន​តិចតួច​ណាស់​ក្នុង​ចំណោម​៣៦​ហ្នឹង​មាន​៧​ក្រុង​ ស្រុក​ដែល​គាត់​មានការ​ពាក់ព័ន្ធ​ចុះហត្ថលេខា​ផ្ទាល់​ឱ្យទៅ​អ្នក​ទទួលខុសត្រូវ​ប្រមូល​សំរាម​ហ្នឹង​..»​។​

​ចំណែក​អនុរដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ​ លោក​ លេង​ វី​ មាន​ប្រសាសន៍​ថា​ ដើម្បី​ឱ្យ​ការ​គ្រប់គ្រង​សំរាម​កាន់តែ​មាន​ភាពល្អ​ប្រសើរ​នោះ​ ក្រសួង​កំពុង​រៀបចំ​យន្តការ​របស់​ខ្លួន​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​ការ​ចោល​សំរាម​ ។​ លោក​ លេង​ វី​ បាន​បញ្ជាក់​ថា​ កម្ពុជា​មាន​ប្រកាស​អន្តរក្រសួង​ស្តី​ពី​ការ​ផាកពិន័យ​ទៅ​លើ​បុគ្គល​ណា​ដែល​ចោល​សំរាម​ឥត​សណ្តាប់ធ្នាប់​ ប៉ុន្តែ​មិន​ទាន់​បាន​អនុវត្ត​នៅ​ទ្បើ​យ​ ។​ ការ​មិន​ទាន់​អនុវត្ត​នេះ​ ដោយសារ​ក្រសួង​ពាក់ព័ន្ធ​ធ្វើ​នៅ​ការ​បណ្តុះបណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ បាន​យល់​ដឹង​ឱ្យ​ច្បាស់​សិន​ មុន​ពេល​ផាកពិន័យ​ទៅ​លើ​ប្រជាពលរដ្ឋ​ ។​ «​យើង​កំពុង​រៀបចំ​ដើម្បី​ឱ្យ​មាន​ជា​ការ​ផ្សព្វផ្សាយ​សាធារណៈ​ពី​ផល​ប៉ះពាល់​ សហការ​ជាមួយនឹង​បណ្តា​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​ទាំងអស់​ហ្នឹង​តាម​រយៈ​រដ្ឋបាល​ នៅ​ថ្នាក់​ក្រោម​ជាតិ​ទាំងអស់​..»​ ។​

​យោង​តាម​របាយការណ៍​របស់​សម្ព័ន្ធភាព​ជាតិ​ក្រុមប្រឹក្សា​មូលដ្ឋាន​បានឱ្យ​ដឹង​ថា​ ភាព​រាំងស្ទះ​ក្នុង​ការ​អនុវត្ត​ការងារ​ទៅ​លើ​ការ​គ្រប់គ្រង​សំរាម​-​សំណល់​រឹង​ដោយសារ​ ប្រជាពលរដ្ឋ​មានចំណេះ​ដឹង​តិចតួច​អំពី​បញ្ហា​បរិស្ថាន​ក្រុង​ ពិសេស​ការ​គ្រប់គ្រង​ទុកដាក់​សំរាម​ ។​ ការ​អភិវឌ្ឍ​ផ្នែក​នគរូបនីយកម្ម​ដ៏​គំហុក​ និង​កំណើន​ពលរដ្ឋ​ក្នុង​ក្រុង​ បាន​ធ្វើ​ឱ្យ​បរិមាណ​ផលិត​សំរាម​-​សំណល់​រឹង​កាន់តែ​កើន​ទ្បើ​ង​ ដោយ​គ្មាន​វិធានការ​ញែក​ និង​កែ​ច្នៃ​សំរាម​ និង​ការ​ខ្វះខាត​បទបញ្ជា​ ឬ​នីតិវិធី​នានា​ ចំពោះ​ការ​ចោល​សំរាម​អាណា​ធិ​ប​តេ​យ្យ​ និង​តាម​ទី​សាធារណៈ​ជាដើម​ ៕

Share

ព័ត៌មានទាក់ទង

Image