ប្រធានគណបក្សសង្គ្រោះជាតិដែលបង្ខំចិត្តនិរទេសខ្លួន ទៅក្រៅប្រទេសបានទាមទារឱ្យ រដ្ឋាភិបាល ធ្វើឱ្យស្ថានការណ៍ធម្មតាវិញ មុនការបោះឆ្នោតចូលមដល់ ដែលលោកថាពុំនោះទេ សហគមន៍ជាតិនិងអន្តរជាតិមិនទទួលស្គាល់ ដំណើរការបោះឆ្នោតនេះទេ ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានទាមទារដូចនេះ ក្នុងសេចក្ដីថ្លែងការណ៍របស់លោក ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ ។ ប្រធានគណបក្សប្រឆាំង បានទទូចថា ដើម្បីឱ្យសហគមន៍ជាតិនិងអន្តរជាតិ ទទួលស្គាល់លទ្ធផលបោះឆ្នោត លុះត្រាតែ គណបក្សកាន់អំណាច បញ្ឈប់យកប្រព័ន្ធតុលាការ ធ្វើជាឧបករណ៍ដើម្បីគាបសង្កត់សកម្មជនបក្សប្រឆាំង បញ្ឈប់ការ គាបសង្គត់ មន្ត្រីគ.ជ.ប រួមទាំង មន្ត្រីសង្គម ស៊ីវិល ។
លោក សម រង្ស៊ី បានហៅការប្រកាសថ្ងៃបោះឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលធ្វើឡើងដោយ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធទី ២៥ ឧសភា ថាជា «ល្បិចកលដើម្បីយកឈ្នះការបោះឆ្នោត» ។ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០១៧ នឹងធ្វើឡើង នៅថ្ងៃទី០៤មិថុនា ។
ជាមួយគ្នានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន្ត មានប្រសាសន៍ជាមួយវិទ្យុស្ត្រីFM 102 ដោយបដិសេធសេចក្ដីថ្លែងការណ៍របស់លោក សម រង្ស៊ី ។ លោកបកស្រាយថា អ្វីដែល លោក សម រង្ស៊ី ចោទប្រកាន់នេះ គឺ រឿងមិនពិតឡើយ ។
នៅក្នុងជំនួបជាមួយប្រតិភូមូលនិធិកូហ្វីអាណាន់ លោក ព្រំ សុខា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអះអាងថា ក្រសួងមហាផ្ទៃនឹងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីធ្វើឱ្យបរិយាកាស ល្អប្រសើរ និងអព្យាក្រឹត្យ ។ តែបែបនេះក្ដីលោក អាឡាន់ ដូហ្វ ប្រធាន ប្រតិភូមូលនិធិកូហ្វីអាណាន់ ទទូចឱ្យស្ថាប័នបោះឆ្នោតប្រកាន់ខ្ជាប់ ឯករាជ្យភាព និងឥតលម្អៀង ។
ទាក់ទិននឹងការរិះគន់ របស់លោក សម រង្ស៊ី ខាងលើនេះលោក សំ គន្ធាមី នាយកប្រតិបត្ដិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្ដិធម៍ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា NICFEC មានប្រសាសន៍ថា តាមការពិតទៅការឆ្លុះបញ្ចាំងរបស់លោក សម រង្ស៊ី វាត្រូវមួយចំនួនហើយ ដោយសារសភាពការណ៍ជាក់ស្ដែងវាបានកើតឡើងបែបនេះមែន គ្រាន់តែថា ការប៉ះពាល់ខ្លាំង ដល់សា្ថប័ន គ.ជ.ប បច្ចុប្បន្ននេះនៅមិនទាន់មានអ្វីជាការរាំងស្ទះដល់ដំណើរការរបស់គ.ជ.បនោះទេ គឺ នៅធម្មតា ។
លោកទទូចថាប្រសិនបើមន្ត្រីសមាជិកគ.ជ.ប ចាប់ខ្លួន ឬឃុំខ្លួនទៀតនោះ ទើបនាំអោយប៉ះពាល់ខ្លាំងដល់ស្ថាប័នគ.ជ.ប ទាំងមូល ។
លោក សំ គន្ធាមី ៖« កាលណាមានការប៉ះពាល់ដល់សមាជិក គ.ជ.ប គឺ ប៉ះពាល់ដល់ស្ថាប័នបោះឆ្នោតហើយ ហើយវាក៏ធ្វើអោយប៉ះពាល់ដល់ដំណើរការបោះឆ្នោត និងពាក់ព័ន្ធនិងរ
តម្លាភាព ផងដែរ…» ។
អ្នកជំនាញកិច្ចការបោះឆ្នោតរូបនេះ ក៏បានទទូចទៅរដ្ឋាភិបាលជួយដើម្បីធានា ឱ្យបរិយាកាសនយោបាយ មុន និងក្នុងកំឡុងពេលបោះឆ្នោត មានភាពស្ងប់ស្ងាត់ ដើម្បីធានាគោលការណ៍បោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្ថិធម៌ ហើយនិងមានសុក្រឹត្យភាព ។
ទោះជាយ៉ាងនេះក្ដីគណបក្សសង្គ្រោះជាតិបាន ស្នើទៅអគ្គលេខាធិការ អង្គការសហប្រជាជាតិឱ្យកោះអញ្ជើញ ប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស បើកប្រជុំឡើងវិញដើម្បី ធ្វើការវាយតម្លៃពីស្ថានភាពលទ្ធិប្រជាធិបតេយ្យ និងជួយបញ្ចប់កំដៅនយោបាយនៅកម្ពុជា ដែល គណបក្សប្រឆាំងនេះហៅថា ជួបគ្រោះថ្នាក់ ៕