en     km
en     km

អនុក្រឹត្យ​៖​ ឧស្សា​ហកម្ម​​ថ្នាំ​ជក់​​ត្រូវ​​បោះពុម្ព​​សារ​ព្រមាន​​ជា​​រូប​ភាព​ និង​​អក្សរ​​៥៥​​ភាគ​រយ​​ចាប់ពី​ ខែកក្កដា​តទៅ​

Share

​ភ្នំពេញ​ ៖​ រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ ដោយ​ដាក់​កំហិត​ឲ្យ​ឧស្សាហកម្ម​ថ្នាំជក់​ និង​អ្នក​នាំ​ចូល​ ចែកចាយ​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​អនុវត្ត​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​រូបភាព​ និង​អក្សរ​ជា​ភាសា​ខ្មែរ​ នៅ​លើ​កញ្ចប់​ថ្នាំជក់​ ឬ​បារី​  ទំហំ​៥៥​ភាគរយ​ ។​ 

សង្គម​ស៊ី​វិល​ បាន​ធ្វើ​សន្និសីទ​សា​ព័ត៌មាន​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៦​ខែឧសភា​នេះ​ សាទរ​ទៅ​និង​បាន​លើក​ឡើង​ថា​ សារ​ព្រមាន​សុខភាព​ដាក់​នៅ​លើ​កញ្ចប់​បារី​ អាច​ជួយ​ទប់ស្កាត់​មិន​ឲ្យ​ យុវជន​ ស្ត្រី​ និង​កុមារ​ ចាប់ផ្តើម​ជក់បារី​យ៉ាង​មាន​ប្រសិទ្ធភាព​ ។​

tobacco-txt
សង្គម​ស៊ី​វិល​ បាន​ធ្វើ​សន្និសីទ​សា​ព័ត៌មាន​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៦​ខែឧសភា​

​អនុក្រឹត្យ​នេះ​ បាន​ចេញ​កាលពី​ថ្ងៃ​ទី​ ២២​ខែតុលា​ ឆ្នាំ​២០១៥​ ដោយ​កំណត់​ឲ្យ​ឧស្សាហកម្ម​ថ្នាំជក់​ និង​អ្នក​នាំ​ចូល​ ចែកចាយ​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​អនុវត្ត​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​រូបភាព​ និង​ជា​ភាសា​ខ្មែរ​នៅ​លើ​កញ្ចប់​ថ្នាំជក់​ ឬ​បារី​ នៅ​ទំហំ​៥៥​ភាគរយ​ ដោយ​ត្រូវ​អនុវត្ត​ជា​ធរមាន​ចាប់ពី​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​តទៅ​ ។​ អង្គការ​សង្គម​ស៊ី​វិល​លើក​ឡើង​ថា​ សារ​ព្រមាន​សុខភាព​ដាក់​នៅ​លើ​កញ្ចប់​បារី​ អាច​ជួយ​ទប់ស្កាត់​មិន​ឲ្យ​ យុវជន​ ស្ត្រី​ និង​កុមារ​ ចាប់ផ្តើម​ជក់បារី​យ៉ាង​មាន​ប្រសិទ្ធភាព​ ។​

អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​នេះ​ក៏​តម្រូវ​ឲ្យ​ ឧស្សាហកម្ម​ថ្នាំជក់​ ត្រូវ​បោះពុម្ព​សារ​ព្រមាន​នៅ​ផ្នែក​ខាងលើ​នៃ​កញ្ចប់​បារី​ទាំង​ខាង​មុខ​ និង​ខាងក្រោយ​ និង​ តម្រូវ​ឲ្យ​ឧស្សាហកម្ម​ថ្នាំជក់​ត្រូវ​ធានា​បាន​នៅ​រូបភាព​ងាយ​មើល​ ច្បាស់លាស់​ មិន​ហើរ​ពណ៌​ មិន​រលុប​ និង​មិន​ត្រួត​គ្នា​ ។​

​រាល់​ឧស្សាហកម្ម​ថ្នាំជក់​ មិន​អនុវត្ត​តាម​អនុក្រឹត្យ​នេះ​ នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចាប់ពី​ ៤,០០០,០០០​ រៀល​(​បួន​លាន​រៀល​)​ ។​ ចំណែក​អ្នក​ចែកចាយ​ និង​លក់ដុំ​ផលិតផល​ថ្នាំជក់​ ដែល​លក់​ផលិតផល​គ្មាន​សារ​ព្រមាន​សុខភាព​ត្រឹមត្រូវ​តាម​ការ​កំណត់​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ ២,០០០,០០០(​ពី​លាន​រៀល​)​ ។​  ចំពោះ​អ្នក​លក់រាយ​វិញ​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ ១០.០០០​រៀល​(​មួយ​ម៉ឺន​រៀល​)​ ក្នុង​ករណី​បទល្មើស​ ។​

​លោក​ វេជ្ជបណ្ឌិត​ មុំ​ គង់​ អង្គការ​ចលនា​ ដើម្បី​សុខភាព​កម្ពុជា​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ ស្តី​ពី​ការ​អនុវត្ត​មាត្រា​ ១១​ នៃ​អនុសញ្ញា​ស្តី​ពី​ការ​ត្រួតពិនិត្យ​ថ្នាំជក់​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​ថា​ ការ​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​រូបភាព​នៅ​លើ​កញ្ចប់​បារី​មាន​សារសំខាន់​ណាស់​ ក្នុង​ការ​អប់រំ​អ្នក​ជក់បារី​ និង​ទប់ស្កាត់​ការ​ចាប់ផ្តើម​ការ​ជក់បារី​របស់​កុមារ​ និង​យុវជន​ ។​

​លោក​ វេជ្ជបណ្ឌិត​ មុំ​ គង់​ និយាយ​ថា៖​«​ការ​ដាក់​សារ​ព្រមាន​សុខភាព​មាន​គោលបំណង់​សំខាន់​មួយ​គឺ​ អប់រំ​ទៅ​ដល់​អ្នក​ជក់​ ព្រោះ​សារ​ទាំងនេះ​នឹង​រំលឹក​គាត់​បើ​គាត់​បន្ត​ជក់​នឹង​ប្រឈម​មុខ​ជំងឺ​ទាំងឡាយ​។​ ទី​២​ សារ​ព្រមាន​ទប់ស្កាត់​មិន​ឲ្យ​កុមារ​ និ​ត​យុវជន​ចាប់ផ្តើម​ជក់បារី​តាម​រយៈ​សារ​ជា​រូបភាព​»​ ។​

​ដូច​គ្នា​នេះ​ដែរ​ លោក​ វេជ្ជបណ្ឌិត​ យ៉ិ​ល​ ដា​រ៉ា​វុ​ធ​ តំណាង​អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែង​ថា​ ការ​ដាក់​សារ​ព្រមាន​ទំហំ​៥៥​ភាគរយ​នៅ​លើ​កញ្ចប់​បារី​ គឺជា​យន្តការ​ទប់ស្កាត់​ និង​អប់រំ​ប្រជាពលរដ្ឋ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់​ ដោយ​លោក​ពន្យល់​ថា​ ប្រសិនបើ​អ្នក​ជក់បារី​២០​ដើម​ក្នុង​មួយ​ថ្ងៃ​ គេ​នឹង​អាច​មើលឃើញ​សារ​ព្រមាន​នៅ​លើ​បារី​ជាង​៧​ពាន់​ដង​ក្នុង​មួយ​ឆ្នាំ​ ដែល​ជា​ផ្នែក​មួយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ ។​

​លោក​ វេជ្ជបណ្ឌិត​ យ៉ិ​ល​ ដា​រ៉ា​វុ​ធ​ថ្លែង​ថា​ ៖​ «​សារ​ព្រមាន​ជា​រូបភាព​នេះ​ អាច​ធ្វើការ​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ៧​ថ្ងៃ​ក្នុង​១​ស​ប្តា​ហ៍​ ប្រសិនបើ​អ្នក​ជក់បារី​២០​ដើម​ក្នុង​មួយ​ថ្ងៃ​ យើង​ឃើញ​ថា​គេ​អាច​ ឃើញ​ផលិតផល​ថ្នាំជក់​នេះ​ដែល​សារ​នេះ​រហូត​ដល់​៧៣០​ដង​ក្នុង​មួយ​ឆ្នាំ​ ប្រសិនបើ​គាត់​ជក់​២០​ដើម​ក្នុង​១​ថ្ងៃ​ អ​ញ្ចឹ​ង​បង្ហាញ​ថា​ ការ​សារ​ជា​រូបភាព​នេះ​ មាន​ប្រ​សិន​ភាព​ជួយ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​ការ​ប្រើប្រាស់​ថ្នាំជក់​»​ ។​​

​សារធាតុ​គីមី​ប្រមាណ​៧​ពាន់​ប្រភេទ​នៅ​ក្នុង​ផលិតផល​បារី​ នឹង​បណ្តាល​ឱ្យ​អ្នក​ជក់​កើត​ជំងឺ​ជា​ច្រើន​ដូច​ជា​ ជំងឺមហារីក​មាត់​ ជំងឺមហារីក​សួត​ ជំងឺមហារីក​បំពង់ក​ រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​ ដាច់​សរសៃឈាម​ខួរក្បាល​ និង​បណ្តាល​ឲ្យ​រលូត​កូន​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ជាដើម​ ។​​

​ថ្មីៗ​នេះ​  ក្រសួងសុខាភិបាល​មាន​វិធានការ​ការ​ហាម​ជក់បារី​ ឬ​ការ​បង្ហុយផ្សែង​បារី​  និង​ផលិតផល​ថ្នាំជក់​នៅ​កន្លែងធ្វើការ​ឬ​នៅ​កន្លែង​សាធារណៈ​ ។​​

​បើ​តាម​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ ចែង​ថា​ ជន​ណា​ដែល​បាន​ជក់បារី​នៅ​កន្លែងធ្វើការ​ ឬ​នៅ​កន្លែង​សាធារណៈ​ និង​ត្រូវ​ទទួល​ពិន័យ​អន្តរកាល​ គឺ​ផាកពិន័យ​ជា​ប្រាក់​ចំនួន​ ២​ ម៉ឺន​រៀល​ ។​ ចំណែក​ម្ចាស់​ហាង​ដែល​មិន​បាន​បិទ​ស្លាក​សញ្ញា​គឺ​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​ ៥​ ម៉ឺន​រៀល​ផង​ដែរ​ ។​​

​បច្ចុប្បន្ន​នេះ​ ក្នុង​ប្រទេស​៧៧​ នៅ​លើ​ពិភពលោក​ មាន​សារ​ព្រមាន​សុខភាព​ធំៗ​នៅ​លើ​កញ្ចប់​ផលិតផល​ថ្នាំជក់​ ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​ ១០​ ។​​

​សូម​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​ ៦​ លាន​នាក់​ បាន​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​ នៅ​លើ​ពិភពលោក​ ក្នុង​នោះ​មាន​អ្នក​មិន​ជក់បារី​ ៦​ សែន​នាក់​ ដែល​អ្នក​ទាំងនោះ​បាន​ស្រូប​ផ្សែង​បារី​ពី​គេ​ ។​ ដោយឡែក​ប្រទេស​កម្ពុជា​ មាន​ពលរដ្ឋ​ ៣០​ នាក់​ ក្នុង​មួយ​ថ្ងៃៗ​បាន​ស្លាប់​បណ្តាល​មក​ពី​ជំងឺ​ដែល​បង្ក​ដោយ​ការ​ជក់បារី​ ៕

Share

ព័ត៌មានទាក់ទង

Image