ភ្នំពេញ៖ អ្នករាយការណ៍ព័ត៌មានឱ្យវិទ្យុស្ដ្រី FM102 បានធ្វើសេចក្ដីរាយការណ៍ថា សកម្មជនគណបក្សសង្គ្រោះជាតិជាច្រើនរយនាក់នៅខណៈនេះ បានឡោមព័ន្ធការពារស្នាក់ការរបស់ពួកគេ នៅសង្កាត់ចាក់អង្រែលើ ដើម្បី ឃាឃាំងមិនអោយសមត្ថកិច្ចចូលលុកលុយទីស្នាក់ការនេះ ដែលគេថាស្វែងរកការចាប់ខ្លួនលោក កឹម សុខា ។
អ្នករាយការណ៍ព័ត៌មានបញ្ជាក់ទៀតថា សមត្ថកិច្ចជាច្រើនសិបនាក់ព្រឹកមិញនេះ បានដាក់ពង្រាយកម្លាំងនៅមុខស្នាក់ការគណបក្សសង្គ្រោះជាតិ ដោយស្វែងរកលោក កឹម សុខា ប៉ុន្ដែ បានរំសាយទៅវិញនៅពេលមុននេះ ដោយមិនអាចរកឃើញ លោក កឹម សុខា បានឡើយ។
ប្រភពដដែលបានបញ្ជាក់ទៀតថា សមត្ថកិច្ចបានអះអាងប្រាប់ទៅគណបក្សសង្គ្រោះជាតិ ថា គេមានដីកានាំខ្លួនលោក កឹម សុខា រួចរាល់ហើយ ។ ទោះជាយ៉ាងណា មិនមានប្រភពណាអះអាងថា លោក កឹម សុខា នៅទីណានោះនៅឡើយទេ។
លោក កឹម សុខា នៅថ្ងៃទី ២៦ ឧសភា នេះត្រូវរដ្ឋអាជ្ញារាជធានីភ្នំពេញ បានកោះហៅលោកជាថ្មីម្ដងទៀតក្នុងនាមជាសាក្សីមកបំភ្លឺករណីមួយដែលតុលាការថា សញ្ជារកម្ម ទាក់ទិនសំណុំរឿងរបស់នាង ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ។ លោក កឹម សុខា បានខកខានការឡើងបំភ្លឺនៅតុលាការករណីនេះ ២ លើកមកហើយ ដោយរូមទាំងបណ្ដឹងបរិហាកេរ្ដិ៍ដែលប្ដឹងដោយកញ្ញា ធី សុវណ្ណថា គឺសរុបចំនួន បីលើកមកហើយ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា បានប្រាប់បណ្ដាញផ្សាយព័ត៌មានក្នុងស្រុកមួយចំនួនថា តុលាការនៅតែបន្ដរកនីតិវិធីដើម្បីឲ្យលោក កឹម សុខា មកកាន់តុលាការតាមដីកាកោះហៅ ។
យ៉ាងណាក៏ដោយអ្នកច្បាប់ដែលធ្វើការនៅអង្គការសង្គមស៊ីវិល និងមេធាវីមួយចំនួនតែងតែបកស្រាយថា អ្វីដែលតុលាការកោះហៅលោក កឹម សុខា មកឆ្លើយបំភ្លឺទាំងមានអភ័យឯកសិទ្ធិសភានោះ គឺជាការរំលោភលើមាត្រា ៨០ នៃរដ្ឋធម្មនុញ្ញដែលចែងពីការការពារអ្នកតំណាងរាស្ដ្រ ៕