ភ្នំពេញ ៖គណបក្សសង្គ្រោះជាតិប្រកាសព័ត៌មានបានអោយដឹងថា អាជ្ញាធរបានឃាត់រថយន្ដរបស់លោក កឹម សុខា ដែលបើកបរនៅលើមហាវិថីព្រះនរោត្តម ។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា អាជ្ញាធរនៅលើផ្លូវនរោត្ដមក្បែរសាលាពញាហុក នៅវេលាម៉ោង ១១ និង ៣៥នាទី ។ ប៉ុន្ដែសេចក្តីប្រកាសព័ត៌មាននេះ មិនបានសរសេរបញ្ជាក់ថាឃាត់រថយន្ដរបស់លោក កឹម សុខា ដោយមូលហេតុអ្វីនោះទេ។ យ៉ាងណាក៏ដោយលោក កឹម សុខាមិនស្ថិតក្នុងរថយន្តនេះទេ។ នេះបើយោងតាមប្រភពដែលតាមដាន ហេតុការណ៍នេះ។
លោក កឹម សុខា នៅថ្ងៃទី ២៦ ឧសភា នេះត្រូវរដ្ឋអាជ្ញារាជធានីភ្នំពេញបានកោះហៅលោកជាថ្មីម្ដងទៀតក្នុងនាមជាសាក្សីមកបំភ្លឺករណីមួយដែលតុលាការថា សញ្ជារកម្ម ទាក់ទិនសំណុំរឿងរបស់នាង ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ។ លោក កឹម សុខា បានខកខានការឡើងបំភ្លឺនៅតុលាការករណីនេះ ២ លើកមកហើយ ដោយរូមទាំងបណ្ដឹងបរិហាកេរ្ដិ៍ដែលប្ដឹងដោយកញ្ញា ធី សុវណ្ណថា គឺសរុបចំនួន បីលើកមកហើយ។ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានប្រាប់បណ្ដាញផ្សាយព័ត៌មានក្នុងស្រុកមួយចំនួនថា តុលាការនៅតែបន្ដរកនីតិវិធីដើម្បីឲ្យលោក កឹម សុខា មកកាន់តុលាការតាមដីកាកោះហៅ ។
យ៉ាងណាក៏ដោយអ្នកច្បាប់ដែលធ្វើការនៅអង្គការសង្គមស៊ីវិល និងមេធាវីមួយចំនួនតែងតែបកស្រាយថា អ្វីដែលតុលាការកោះហៅលោក កឹម សុខា មកឆ្លើយបំភ្លឺទាំងមានអភ័យឯកសិទ្ធិសភានោះ គឺជាការរំលោភលើមាត្រា ៨០ នៃរដ្ឋធម្មនុញ្ញដែលចែងពីការការពារអ្នកតំណាងរាស្ដ្រ ៕