en     km
en     km

មូលនិធិ​កូ​ហ្វី​ អាណា​ន់​ ចង់​ឃើញ​ គ​.​ ជ​.​ប​ ឯករាជ្យ​ និង​ទទូច​ឱ្យ​យុវជន​ចូលរួម​ការ​បោះ​ឆ្នោត​ឱ្យ​បាន​ច្រើន​

Share

ភ្នំពេញ​៖​ តំណាង​មូលនិធិ​កូ​ហ្វី​ អាណា​ន់​ (Kofi​ Annan​ Foundation)​ លោក​ អា​ឡាន់​ ដូ​ហ្វ ​(Alan​ Doss)​ លើក​ឡើង​ ថា​ លោក​ចង់​ឃើញ​ដំណើរការ​បោះ​ឆ្នោត​មាន​ភាព​យុត្តិធម៌​ ពោល​គឺ​ចង់​ឃើញ​ស្ថាប័ន​ គ​.​ជ​.​ប​ មួយ​ប្រកប​ដោ​យ​ភាព​ឯករាជ្យ​។​ ជាង​នេះ​លោក​ក៏​ទទូច​ឱ្យ​យុវជន​ទើប​គ្រប់​អាយុ​បោះ​ឆ្នោត​ ចូលរួម​ការ​បោះ​ឆ្នោត​ឱ្យ​បាន​ច្រើន​នា​ពេល​ខាង​មុខ​នេះ​។​

​ការ​លើក​ឡើង​របស់​តំណាង​មូលនិធិ​កូ​ហ្វី​ អាណា​ន់​ នេះ​ គឺ​ក្រោយ​ជំនួប​បិទទ្វារ​ជាមួយ​លោក​ព្រុំ​ សុខា​ រដ្ឋលេខា​ធិ​កា​រ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ទី​ ២៥​ ខែឧសភា​នេះ​។​ ក្នុង​ជំនួប​នោះ​លោក​ព្រុំ​ សុខា​ ឆ្លើយ​តប​ថា​ក្រសួងមហាផ្ទៃ​បាន​​ព​ន្លឿ​ន​ការ​ធ្វើ​អត្តសញ្ញាណ​បណ្ណ​ជូន​ដល់​ប្រជាជន​បាន​ប្រមាណ​ ៨​ លាន​ហើយ​គិត​មក​ទល់​ពេល​នេះ​។​

 

KofiANAN-WMC
លោក​ អា​ឡាន់​ ដូ​ហ្វ​ តំណាង​មូលនិធិ​កូ​ហ្វី​ អាណា​ន់​ (Kofi​ Annan​ Foundation)​ ផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មាននៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៦ / រូបភាព កែវ សុខា

​ក្នុង​ជំនួប​បិទទ្វារ​ជាង​មួយ​ម៉ោង​នៅ​បន្ទប់​ប្រជុំ​ពិសេស​នា​ក្រសួងមហាផ្ទៃ​លោក​អា​ឡាន់​ ដូ​ហ្វ​ មិន​បាន​ជជែក​អំពី​ករណី​អគ្គ​លេខា​ធិ​កា​រ​​រង​ គ​.​ជ​.​ប​ លោក​នី​ ចរិយា​ ដែល​កំពុង​ជាប់​ឃុំ​នោះ​ទេ​។​ តែ​យ៉ាងណា​លោក​បញ្ជាក់​ថា​ ក្នុង​ករណី​​លោក​នី​ ចរិយា​ នេះ​ ភាគី​ពា​ក់​ព័ន្ធ​​ត្រូវ​​​​ពិ​​ភា​ក្សា​​គ្នា​ឡើង​វិញ​។​

​លោក​ អា​ឡាន់​ ដូ​ហ្វ​ បាន​បញ្ជាក់​ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក​មាន​រយៈពេល​ខ្លី​ពេក​នេះ​ គឺ​លោក​មិន​អាច​វាយ​តម្លៃ​ស្ថានការណ៍​បោះ​ឆ្នោត​នៅ​កម្ពុជា​ បាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​លោក​ចាប់អារម្មណ៍​គឺ​ការ​ប្រ​កា​ន់​​ជំហរ​ឯករាជ្យ​របស់​ស្ថាប័ន​បោះ​ឆ្នោត​ និង​ ការ​ជួយ​ជំរុញ​ឱ្យ​យុវជន​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​គ្រប់​ៗ​​គ្នា​ គឺជា​ពិសេស​​យុ​វជន​ទើប​អាយុ​បោះ​ឆ្នោត​។​

​ឆ្លើយ​តប​នឹង​តំណាង​មូលនិធិ​កូ​ហ្វី​ អាណា​ន់​នេះ​ លោក​ព្រុំ​ សុខា​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និយាយ​ថា​ ក្រ​សួង​​ពាក់ព័ន្ធ​បាន​​ខិត​ខំ​​រៀបចំ​​កម្លាំង​​សន្តិ​សុខ​ ដើម្បី​សណ្តាប់ធ្នាប់​និង​បង្ក​នូវ​បរិយាកាស​បោះ​ឆ្នោត​មួយ​ប្រកប​ដោ​យ​​ត្រឹមត្រូវ​ សេរី​ និង​ យុត្តិធម៌​ ជា​ពិសេស​នោះ​គឺ​ការ​រៀបចំ​នូវ​រដ្ឋបាល​នៃ​ការ​បោះ​ឆ្នោត​ ដែល​ធ្វើ​យ៉ាងណា​បង្ក​លក្ខណ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

Prom-Sokha-WMC
លោក​ព្រុំ​ សុខា​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​

​លោក​ ព្រុំ​ សុខា​៖​ «ក្រសួងមហាផ្ទៃ​ បាន​នឹង​កំពុង​ធ្វើ​កិច្ចការ​របស់​ខ្លួន​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ដើម្បី​ជួយ​ជ្រោមជ្រែង​ និង​បង្ក​លក្ខណ​ឱ្យ​ការ​បោះ​ឆ្នោត​មួយ​នា​ពេល​ខាង​មុខ​នេះ​ ប្រព្រឹត្តិ​ទៅ​ដោយ​សេរី​ និង​យុត្តិធម៌»​។​

​​ជាមួយ​គ្នា​នេះ​សម្ដេច​ហ៊ុន​ សែន​ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​និស្សិត​អាស៊ី​អឺរ៉ុប​ នៅ​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​​នេះ​​ដែរ​  សម្ដេច​ក៏​បាន​ទទូច​ឱ្យ​ពលរដ្ឋ​ត្រូវ​ដែល​មិន​ទាន់​មាន​អត្ត​ស​ញ្ញ​ណ​ប័ណ្ណ​ ត្រូវ​ទៅ​ធ្វើ​អត្ត​សញ្ញាប័ណ្ណ​ ហើ​យ​​សមត្ថកិច្ច​ត្រូវ​ជួយ​សម្រួល​ឱ្យ​បាន​ឆាប់​ ដើម្បី​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ ។​

សម្ដេច​ ហ៊ុន​ សែន​៖​ «​អាជ្ញាធរ​របស់​យើង​ដែល​ទទួល​បន្ទុក​ចេញ​អត្តសញ្ញាណប័ណ្ណ​ត្រូវធ្វើ​អត្តសញ្ញាណប័ណ្ណ​ដែល​សេសសល់​ប្រមាណ​ជាង​ ២​ លាន​នាក់​ឱ្យ​មាន​លឿន​បំផុត​ដើម្បី​ឱ្យ​ពួក​គាត់​មាន​លទ្ធភាព​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​»​។​

​សូម​បញ្ជាក់​ថា​ គណៈប្រតិភូ​មូលនិធិ​កូ​ហ្វី​ អាណា​ន់​ (Kofi​ Annan​ Foundation)​ របស់​អតីត​អគ្គលេខាធិការ​អង្គ​កា​រសហប្រជាជាតិ​ (​អ​.​ស​.​ប​)​ បាន​មក​ធ្វើ​ទស្សនកិច្ច​ស្វែង​យល់​ពី​ការ​បោះ​ឆ្នោត​ពី​លទ្ធិប្រជាធិបតេយ្យ​និង​សន្តិ​សុខ​​នៅ​កម្ពុជា​ ចាប់ពី​ថ្ងៃ​ទី​ ២២​ ដល់​ថ្ងៃ​ទី​ ២៥​ ខែឧសភា​ ។​

​គណៈប្រតិភូ​នេះ​បាន​ជួប​ពិភាក្សា​ស្វែង​យល់​ការងារ​ ជាមួយ​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ដូច​ជា​ គ​.​ជ​.​ប​ អង្គការក្រៅ​រដ្ឋា​ភិ​បាល​ជាតិ​និង​អន្តរជាតិ​ គណបក្ស​នយោបាយ​ បណ្ដា​ស្ថាប័ន​ទូត​ និង​រដ្ឋាភិបាល​។​

​ប្រទេស​កម្ពុជា​នឹង​មានការ​បោះ​ឆ្នោត​ សំខាន់ៗ​ចំនួន​ ២​ គឺ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ ដែល​គេ​ថា​ អំណាច​ សហ​វិមជ្ឈការ​ ឬ​ប្រជាធិបតេយ្យ​មូលដ្ឋាន​ និង​ ការ​បោះ​ឆ្នោត​ សភា​និ​តិ​កាល​ទី​ ៦​ នៅ​ឆ្នាំ​ ២០១៨​ ដែល​ជា​ការ​ជ្រើសរើស​តំណាង​ពលរដ្ឋ​ថ្នាក់​ជាតិ​ ៕​

Share

ព័ត៌មានទាក់ទង

Image