ភ្នំពេញ៖ សង្គមស៊ីវិលនិងក្រុមសហជីព ដែលធ្វើការលើសិទ្ធិសេរីភាពរបស់កម្មករលើកឡើងថា ប្រសិនបើតំណាងសហជីពដែលចេញមុខតវ៉ាទាមទារលក្ខខណ្ឌការងារជូនកម្មករ នៅតែទទួលរងការគំរាមកំហែងតាមផ្លូវច្បាប់ នោះកំណើននៃការចំណាកស្រុករបស់ពលករនឹងកាន់តែមានការកើនឡើង ។ ការថ្លែងរបស់ក្រុមសហជីពបែបនេះ បន្ទាប់ពីអយ្យការអមសាលាដំបូងរាជធានភ្នំពេញ ចេញដីកោះតំណាងកម្មករមួយរូប ឲ្យចូលខ្លួនទៅបំភ្លឺនៅតុលាការនៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦ ។
នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា Central លោកមឿន តុលា បានមានប្រសាសន៍ជាមួយវិទ្យុស្ដ្រីនៅថ្ងៃពុធ ទី ២៥ ខែឧសភា នេះថា តំណាងកម្មករធ្វើការដើម្បីផលប្រយោជន៍កម្មករតែប៉ុណ្ណោះ ។
លោកបន្តថា ប្រសិនបើតំណាងកម្មករនៅទទួលរងនូវការចោទប្រកាន់ នៅពេលពួកគេចេញមុខទាមទារសិទ្ធិសេរីភាពជូនកម្មករនោះ ធ្វើឱ្យពួកគេមានការភ័យខ្លាច មិនហ៊ានធ្វើការតវ៉ាទាមទារពីបញ្ហាដែលពួកគេជួបប្រទះបន្ដទៀតឡើយ។
លោក មឿន តុលា មានប្រសាសន៍ដូចនេះ បន្ទាប់ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ២១ ខែឧសភា បានបញ្ជូនលិខិតកោះហៅតំណាងកម្មករមួយរូបគឺលោកម៉ែន វណ្ណា ឲ្យចូលខ្លួនបំភ្លឺនៅតុលាការនៅថ្ងៃទី ០៧ ខែមិថុនាខាងមុខ ក្រោមបទចោទ« បរិហាកេរ្ដិ៍ជាសាធារណៈ ញុះញុងឲ្យប្រព្រឹត្ដបទឧក្រឹដ្ឋជាអាទិ៍ និង ជេរប្រមាថ » ដែលបទចោទទាំងនេះ ត្រូវបានសាមីខ្លួនច្រានចោល ដោយបញ្ជាក់ថាវាមិនមែនជាការពិតឡើយ។
ចំណែកលោកម៉ែន វណ្ណា តំណាងកម្មករដែលត្រូវតុលាការកោះហៅឱ្យចូលខ្លួនទៅបំភ្លឺនាពេលខាងមុខ បានបញ្ជាក់ថា លោកនឹងចូលខ្លួនតាមដីការកោះហៅរបស់តុលាការ ។ លោកបញ្ជាក់ទៀតថា ប្រសិនបើក្រុមតំណាងកម្មករនៅតែមានគំនាបពីប្រព័ន្ធច្បាប់ដូចនេះ អាចនឹងមានហានិភ័យខ្ពស់ចំពោះអ្នកដែលធ្វើការការពារសិទ្ធិសេរីភាពកម្មករ។
ទន្ទឹមគ្នានេះ លោកមឿន តុលា បន្ថែមថា នៅកម្ពុជាប្រាក់ខែសម្រាប់កម្មករនៅតិចតួចណាស់ ហើយលក្ខខណ្ឌការងារក៏មានភាពលំបាកខ្លាំងដែរ ប្រសិនជាមានការគាបសង្កត់លើតំណាងរបស់ពួកគេបន្ថែមទៀតនោះ និងធ្វើឲ្យក្រុមកម្មករអាចនឹងធ្វើចំណាកស្រុកកាន់តែច្រើនពីប្រទេសកម្ពុជាជាក់ជាពុំខាន។
ដូចគ្នានេះដែរ អ្នកស្រីយ៉ាង សោភ័ណ្ឌ ប្រធានសហជីពកម្ពុជា ហៅកាត់ថា CCU ថ្លែងថា អ្នកស្រីមិនពេញចិត្ដចំពោះការចោទប្ដឹងទៅលើតំណាងកម្មករ ដោយគ្រាន់តែជួយធ្វើការទាមទារប្រាក់សំណងរបស់ក្រុមកម្មករនោះទេ។
អ្នកស្រីយល់ថា ការចោទប្រកាន់លើតំណាងកម្មករនៅក្រុមហ៊ុន វិន ស៊ិងតិច នាពេលនេះ គឺជាការបង្អាក់ស្មារតីដល់តំណាងកម្មករ និងកម្មករដទៃទៀតឲ្យមានការភ័យខ្លាច និងមិនហ៊ានចងក្រងគ្នាជាសហជីពចេញតវ៉ានៅពេលដែលថៅកែក្រុមហ៊ុនរំលោភសិទ្ធិការងារនៅពេលក្រោយទៀតឡើយ។
អ្នកស្រី យ៉ាង សោភ័ណ្ឌ ទទួចសុំឲ្យមន្ដ្រីគ្រប់ជាន់ថ្នាកគួរស្វែងយល់ពីទុក្ខវេទនារបស់ក្រុមកម្មកររោងចក្រ ព្រោះសព្វថ្ងៃនេះកំពុងតែរងការរំលោភបំពានសិទ្ធិពីថៅកែក្រុមហ៊ុនជាខ្លាំង ប៉ុន្ដែគេដែលឃើញតុលាការកោះហៅថៅកែទាំងនោះទៅឆ្លើយបំភ្លឺម្ដងណាទេ គឺកោះហៅតែតំណាងកម្មករដែលជាអ្នកចេញមុខការពារកម្មករទៅវិញ។
អ្នកស្រីយ៉ាង សោភ័ណ្ឌ៖«ជាទូទៅការអនុវត្ដន៍មិនត្រឹមត្រូវហ្នឹងហើយដែលធ្វើឲ្យពលរដ្ឋក៏ដូចជាកម្មករទីទល់ក្រហ្នឹងរងទឹកភ្នែកហើយចុងក្រោយអត់បានអីទាំងអស់ហើយថែមទាំងត្រូវជាប់គុកជាប់ច្រវ៉ាក់ថែមទៀត»។
បើតាមដីការកោះរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលចុះថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៦ កន្លងទៅ គឺតម្រូវឲ្យលោកម៉ែន វណ្ណា តំណាងកម្មកររោងចក្រ វិន ស៊ិងតិច ដែលមានទីតាំងស្ថិតនៅភូមិ ព្រៃកឹគ សង្កាត់ ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦ វេលាម៉ោង ១៤ និង ៣០ នាទីរសៀល ដើម្បីសាកសួរពីដំណើររឿង « បរិហាកេរ្ដិ៍ជាធារណៈ ញុះញុងឲ្យប្រព្រឹត្ដបទឧក្រឹដ្ឋជាអាទិ៍ និង ជេរប្រមាថ »៕