ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បង្ហាញឆន្ទៈចង់ឱ្យការបោះឆ្នោតឆ្នាំ ២០១៧ និង ២០១៨ ប្រកបដោយសុក្រឹតភាព ត្រឹមត្រូវ តម្លាភាព មានការទុកចិត្តពីគ្រប់មជ្ឈដ្ឋាន ដែលជាការធានាសេរីភាពរបស់ប្រជាជនជ្រើសរើសតំណាងរបស់ខ្លួន។ ស្របពេលជាមួយគ្នានេះ សម្ដេចបានលើកឡើងថា ការបាត់ឈ្មោះអ្នកបោះឆ្នោតជាង ១ លាន់នាក់ ថាតើបាត់ទៅណា អ្នកណាធ្វើឱ្យបាត់ ? ប៉ុន្តែបក្សប្រឆាំងថាមិនមែនជាអ្វីដែលងឿងឆ្ងល់នោះទេក្នុងរឿងនេះ ព្រោះប្រជាជនគឺជាសាក្សី។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃពុធនេះបានចោទសួរអ្នករិះគន់ដែលធ្លាប់ថា ការបាត់ឈ្មោះអ្នកបោះឆ្នោត ១ លាន ៥ សែននាក់នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៣ ខណៈសម្ដេចចង់ឱ្យមានការបោះឆ្នោតថ្មីលើកក្រោយនេះ មានសុក្រឹតភាពនិងធានាដំណើរការប្រជាធិបតេយ្យ។
សម្ដេចហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
ប្រសាសន៍របស់សម្ដេចហ៊ុន សែន ដូចនេះគឺបន្ទាប់ពីរដ្ឋាភិបាលបានកំណត់យកថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៤ គឺត្រូវធ្វើនៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៧ និងការបោះឆ្នោតសភាអាណត្តិទី ៦ នៅថ្ងៃអាទិត្យសប្ដាហ៍ទី ៤ ខែកក្ដដា ។
សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា លោកចង់ឃើញបញ្ជីឈ្មោះបោះឆ្នោតមួយសុក្រឹតនិងពុំមានការចោទប្រកាន់ថាបាត់ឈ្មោះអ្នកបោះឆ្នោតដែលសម្ដេចចោទជាសំនួរថា ៖ “ព្រោះខ្លះថាបាត់មនុស្ស ១ លានកន្លះ ដល់ទៅពេលចុះឈ្មោះបន្ថែមបានជាង ២០ ម៉ឺន អ៊ីញ្ចឹងទេអា ១ លាន ៥ សែនវាទៅណា ថាបាត់ ១ លាន ៥ សែន …”។
ទំនងជាសម្ដេចចង់និយាយថា គ្មាននរណាមើលត្រីឃើញទេ បើទឹកវាល្អក់។ តែសម្ដេចថា នៅពេលទឹកថា្លគឺគេអាចមើលឃើញអ្វីទាំងអស់ ។ ត្រង់ចំណុចនេះ សម្ដេចពន្យល់បន្ថែមថា ៖ “ ទឹកកាន់តែថ្លា មើលឃើញត្រី មើលឃើញបាតដី មើលឃើញសារាយស្អីៗទាំងអស់។ នេះហើយជាបញ្ហាដែលយើងចង់ឃើញទាំងអស់។ អ្នកណាទទួលខុសត្រូវលើការចោទថាបាត់ឈ្មោះ ១ លាន ២ សែន…”។
សម្ដេចហ៊ុន សែន បញ្ជាក់ថាលោកចង់ឲ្យការងារបោះឆ្នោតមានតម្លាភាពទាំងអស់គ្នានិងធានាដំណើរការប្រជាធិបតេយ្យ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា រឿងតម្លាភាពឬមិនតម្លាភាព និងការបាត់អ្នកបោះឆ្នោតគឺពលរដ្ឋគេដឹងអស់ហើយ ។ លោកថា លោកមិនចង់ធ្វើអធិប្បាយច្រើនទេ។
ក្រោយការបោះឆ្នោតឆ្នាំ ២០១៣ គណបក្សសង្គ្រោះជាតិបានចោទគណបក្សប្រជាជនកម្ពុជា លួចបន្លំសន្លឹកឆ្នោតនិងទាមទារឲ្យបោះឆ្នោតឡើងវិញ ដែលគណបក្សនេះថាបាត់ឈ្មោះអ្នកបោះឆ្នោត ជាង ១ លាននាក់ ។
ចំណែកអ្នកឃ្លាំមើលការបោះឆ្នោតមកពីអង្គការមួយ ធ្វើការលើការងារបោះឆ្នោត លោកសំ គន្ធាមី នាយកប្រតិបត្ដិគណកម្មាធិការអព្យាក្រឹត្យនិងយុត្ដិធម៍ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា NICFEC មានប្រសាសន៍ថា ដើម្បីឱ្យការបោះឆ្នោត មានតម្លាភាព និងត្រឹមត្រូវ សេរី គឺស្ថាប័នត្រូវរៀបចំបោះឆ្នោតមានជំហរឯករាជ្យ អព្យាក្រិត្យ ឥតលម្អៀង។
បញ្ជីឈ្មោះបោះឆ្នោតនិងកំណែទម្រង់គ.ជ.ប ត្រូវបានជួយគាំទ្រដោយសហភាពអឺរ៉ុបនិងប្រទេសជប៉ុន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីចុះឈ្មោះការបោះឆ្នោត។
បើតាមគ.ជ.ប អ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតអាចកើនឡើងដល់ជាង ១០ លាននាក់។ គេរំពឹងថាការបោះឆ្នោត ឆ្នាំ ២០១៧ និង ២០១៨ មានអ្នកសង្កេតការណ៍អន្តរជាតិ ជាច្រើននឹងមកកាន់ប្រទេសកម្ពុជាជាថ្មីម្ដងទៀត ដូចការបោះឆ្នោតសភាអាណត្តិទី ១ កាលពីឆ្នាំ ១៩៩៣ ៕