ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ៖ « ច្បាប់បោះឆ្នោតតំណាងរាស្ត្រ គេកំណត់តែម្តងគឺថ្ងៃអាទិត្យ នាសប្តាហ៍ទី ៤ ខែកក្កដារៀងរាល់ ៥ ឆ្នាំម្តងគឺត្រូវបោះឆ្នោត»។
ផ្អែកតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីប្រកាសនេះ ថ្ងៃអាទិត្យសប្តាហ៍ទី ៤ គឺត្រូវនិងថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨ ជាថ្ងៃដែលត្រូវបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៦។ ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រីនេះ ធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប AEU នៅព្រឹកថ្ងៃទី ២៥ ខែឧសភានេះ។
សម្តេច ហ៊ុន សែនថ្លែងទៀតថា ៖ «អ៊ីញ្ចឹងទេត្រៀមចាំមើលទៅ មើលក្នុងប្រក្រតីទិនទៅ តើថ្ងៃអាទិត្យនាសប្តាហ៍ទី ៤ ឆ្នាំ ២០១៨ គឺថ្ងៃណាគឺថ្ងៃនោះហើយ។ ខ្ញុំប្រកាសទៅតាមច្បាប់អ៊ីញ្ចឹង…។ ខ្ញុំធ្វើទៅតាមច្បាប់តើ»។
ទន្ទឹមគ្នានេះ សម្តេច ហ៊ុន សែន ក៏ស្នើឲ្យមន្ត្រីទទួលបន្ទុកធ្វើអត្តសញ្ញាណបណ្ណ ពន្លឿនដំណើរការចុះឈ្មោះដល់ពលរដ្ឋជាង ២ លាននាក់បន្ថែមទៀតដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយនោះ ឲ្យបានលឿនបំផុត ដើម្បីឲ្យប្រជាពលរដ្ឋមានលទ្ធភាពទៅចុះបោះឆ្នោត៕