ភ្នំពេញ៖ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ កំពុងជាប់ឃុំករណីព្រំដែនជាមួយប្រទេសវៀតណាម បានថ្លែងបដិសេធមិនឆ្លើយអ្វីទាំងអស់ចំពោះសំណួររបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ព្រោះលោកទាមទារឱ្យដកអភ័យឯកសិទ្ធិលោកជាមុនសិន។ នេះបើយោងតាមមេធាវីរបស់លោកគឺមេធាវីហែម សុជាតិ ដែលបានអមដំណើរ លោកអ៊ុំ សំអាន ទៅចូលបំភ្លឺនៅតុលាការរាជធានីភ្នំពេញនៅព្រឹកថ្ងៃពុធ ទី ២៥ ឧសភានេះ។
លោកមេធាវីហែម សុជាតិ បានប្រាប់អ្នកសារព័ត៌មានថា លោកចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចោទសួរលោកអ៊ុំ សំអាន ចំនួន ៦ សំណួរដែលលោកថាសុទ្ធតែសំណួរសំខាន់ៗពាក់ព័ន្ធរឿងបង្ហោះឯកសារផែនទី និង រូបភាពផែនទីកម្ពុជានៅលើហ្វេសប៊ុករបស់លោកអ៊ុំ សុំអាន ប៉ុន្តែកូនក្ដីបដិសេធការបំភ្លឺដោយទាមទារឱ្យដកអភ័យឯកសិទ្ធិលោកជាតំណាងរាស្ត្រជាមុនសិន។
នៅថ្ងៃនេះលោកអ៊ុំ សំអាន ត្រូវបានតុលាការរាជធានីភ្នំពេញ កោះហៅមកសាកសួរបន្ថែម ទាក់ទិនបទចោទមួយចំនួនករណីផែនទី និង ករណីចោទលោកថាការញុះញុងបង្កអន្តិសុខ និងរើសអើង បង្កឱ្យមានជម្លោះជាមួយប្រទេសជិតខាង។ តំណាងរាស្ត្របក្សប្រឆាំងរូបនេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១០ មេសា គឺនៅកណ្ដាលយប់នៅខេត្តសៀមរាប ភ្លាមៗបន្ទាប់ពីលោកចុះពីយន្តហោះមកពីអាមេរិក ។
ក្រុមអ្នកច្បាប់និងអ្នកវិភាគឯករាជ្យបានហៅការចាប់ខ្លួន លោក អ៊ុំ សំអាន ថាជាការរំលោភលើមាត្រា ៨០ នៃរដ្ឋធម្មនុញ្ញដែលធានាការពារ អ្នកតំណាងរាស្ត្រពីការចាប់ចងឬចោទប្រកាន់ណាមួយដែលមិនទាន់ដកអភ័យសិទ្ធិសភាដោយមានសំឡេងគាំទ្រឱ្យដកជាង ៨០ នាក់ឡើងទៅ ៕