ភ្នំពេញ ៖ ប្រទេសកម្ពុជា នឹងមានព្រឹត្តិការណ៍បោះឆ្នោត មូលដ្ឋានមួយ ដ៏សំខាន់គឺបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ដែលនឹងប្រព្រឹត្តិនៅថ្ងៃអាទិត្យទី៤មិថុនា ឆ្នាំ២០១៧ ដែលអាណត្តិមុនៗ ធ្វើឡើងនៅថ្ងៃ៣មិថុនា ឆ្នាំ២០១២ ។ ការកំណត់ថ្ងៃបោះឆ្នោតនេះ ធ្វើឱ្យមានភាពជាក់លាក់នៃការរៀបចំការបោះឆ្នោត ដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ជាអ្នកចាត់ចែងឡើង និងក្រោមការឃ្លាំមើលពីអង្កការជាតិនិងអន្តរជាតិ ធ្វើការងារ កិច្ចការបោះឆ្នោត ។ ទាំង គ.ជ.ប និងអង្គការសង្គមស៊ីវិលសាទរ ។ លោក ធូ វិរៈ ជូនសេចក្ដីរាយការណ៍ ៖
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអង្គការសង្គមស៊ីវិលធ្វើលើការបោះឆ្នោតបានសាទរចំពោះកាលបរិច្ឆេត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅដើមខែមិថុនា ឆ្នាំក្រោយនេះ ខាងមុខថាជា សញ្ញាណមួយដ៏ល្អសម្រាប់ឲ្យគណបក្សនយោបាយទាំងអស់ត្រៀមខ្លួនទុកជាមុន ។
តាមសេចក្ដីប្រកាស របស់រាជរដ្ឋាភិបាល គឺថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី ០៤ខែមិថុនា ២០១៧ ត្រូវនិងថ្ងៃអាទិត្យ ។
លោក ហង្ស ពទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប)មានប្រសាសថា ការកំណត់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នៅពេលនេះជា សញ្ញាល្អសម្រាប់ឲ្យ គណៈកម្មាធិការរៀបចំការបោះឆ្នោត និងគណបក្សនយោបាយទាំងអស់បានត្រៀមខ្លួនទុកមុន ។
លោក ហង្ស ពទ្ធា បញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តួនាទីទទួលខុសត្រូវក្នុងការរៀបចំបោះឆ្នោត ធ្វើយ៉ាងណារៀបចំការចុះឈ្មោះពលរដ្ឋមានអាយុ១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត ឲ្យបានគ្រប់ឃុំសង្កាត់ និងធ្វើបញ្ចីចុះឈ្មោះបោះឆ្នោតមួយតាមប្រព័ន្ធអ៊ិនធឺណែត ដើម្បីធានានៅទំនុកចិត្តដល់អ្នកបោះឆ្នោត និងគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងគ្នា ។
លោក ហង្ស ពទ្ធា ៖« គ.ជ.ប នៅតែប្រកាន់តួនាទីរបស់ខ្លួនទទួលខុសត្រូវក្នុងការរៀបចំបោះឆ្នោត ដោយឯករាជ្យ និងធ្វើលទ្ធិផលបោះឆ្នោតអាចទទួលយកបានដោយគនបក្សនយោបាយដែលប្រកួតប្រជែង» ។
ដូចគ្នានេះដែរ លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា មានប្រសាសន៍ថា ការសម្រេចយក ថ្ងៃអាទិត្យ ទី០៤ខែមិថុនា ២០១៧ សម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់គឺពេលវេលាមួយដ៏ស័ក្តសម ។
លោក សំ គន្ធាមី ៖«វាជារដូវភ្លៀងក៏ពិតមែន ប៉ុន្តែគ្រាន់តែថា បោះឆ្នោតលើកមុនៗក៏នៅក្នុងខែ ៦ដែរ ឆ្នាំ ២០១២ក្តី ក្រុមប្រឹក្សាឃុំ/សង្កាត់ បើយើងចង់ដូរមកខែខាងមុខទៀតក៏អត់បានដែរពេលវេលាគៀក »។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃអង្គារនេះ ដោយបានអំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីមានឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំក្រោយនេះ ។ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់គឺជាការជ្រើសរើស មន្ត្រីអត្រានុកូលដ្ឋាន ប៉ុន្តែគឺជា ប្រជាធិបតេយ្យមូលដ្ឋាន ឬ អំណាច មូលដ្ឋាន របស់គណបក្សនយោបាយ ៕