ភ្នំពេញ៖ លោក យឹម សុវណ្ណ បានថ្លែងថាមន្ត្រីគណបក្សសង្គ្រោះជាតិ ក៏ដូចជាសមាជិករបស់គណបក្សនេះនឹងស្វះស្វែងរកដំណោះស្រាយឱ្យលោក សម រង្ស៊ី មានវត្តមាននៅក្នុងប្រទេសកម្ពុជា មុនពេលការបោះឆ្នោតថ្នាក់ក្រោមជាតិ ឆ្នាំ២០១៧ ឬការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ។ ការអះអាងដូចនេះធ្វើទ្បើងនៅក្នុង សន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់គណបក្សនេះកាលពីល្ងាចថ្ងៃទី២៣ខែឧសភា ឆ្នាំ២០១៦ ។ ការអះអាងដូចនេះ ក៏ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់នៃបក្សប្រឆាំងនេះ បានជួបប្រជុំជាមួយប្រតិភូមូលនិធិ កូហ្វី អាណាន់(Kofi AnnanFoundation) ដែលមកកាន់ប្រទេសកម្ពុជា ដើម្បីសិក្សាអំពីប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ។ ប៉ុន្តែមន្ត្រីបក្សកាន់អំណាចមិនបង្ហាញការចាប់អារម្មណ៍ឡើយ ។ លោក ជួន សារ៉េត រាយការណ៍៖
មើលទៅសង្ឃឹមថា មេបក្សរបស់ខ្លួនអាចវិលចូលប្រទេសវិញបានលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានអះអាងថាការបោះឆ្នោតសេរីយុត្តិធម៌គឺត្រូវតែមានថ្នាក់ដឹកនាំគណបក្សនយោបាយចូលរួម ទាំងអស់ប៉ុន្តែបើការបោះឆ្នោតមិនមានវត្តមានថ្នាក់ដឹកនាំបក្សរបស់ខ្លួនទេនោះ នោះមានន័យថាការបោះឆ្នោតមិនអាចសេរី និងយុត្តិធម៌ឡើយ ។ លោកបន្តថា លោក សម រង្ស៊ី ពិតជាអាចវិលចូលប្រទេសវិញ នៅមុនការបោះឆ្នោត ឆ្នាំ ២០១៧ ឬមុនការបោះឆ្នោតឆ្នាំ២០១៨ ហើយធ្វើឡើងតាមរយៈការសម្របសម្រួល នយោបាយ ។
ពាក់ព័ន្ធនឹងការលើកទ្បើងខាងលើនេះដែរ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូចន្ថា យល់ឃើញថាលទ្ធភាពដែលលោក សម រង្ស៊ី អាចវិលត្រទ្បប់ចូលស្រុកហាក់បីដូចជានៅឆ្ងាយនៅទ្បើយ ។ លោកបានពន្យល់ថាមិនទាន់ឃើញមានភ្លើងខៀវណាមួយផ្តល់ឱកាសឱ្យលោក សម រង្ស៊ីអាចវិលត្រទ្បប់ចូលស្រុកបាននៅទ្បើយនោះទេ ។ ប៉ុន្តែលោកថាជំរើសមួយទៀតដែលអាចផ្តល់ឱកាសឱ្យលោក សម រង្ស៊ី អាចវិលចូលស្រុកវិញបាននោះគឺតាមរយៈការសម្របសម្រួលតាមរូបភាពនយោបាយពីបក្សកាន់អំណាច និងបក្សប្រឆាំងដែលមានការជ្រុំជ្រែង និងសម្របសម្រួលពីសហគមន៍អន្តរជាតិ នោះទើបអាចបើកផ្លូវឱ្យមេបក្សប្រឆាំងរូបនេះមានលទ្ធភាពចូលស្រុកវិញបាន ។
សាស្ត្រាចារ្យ សូ ចន្ថា បញ្ជាក់ផងដែរថាដើម្បីឱ្យការបោះឆ្នោតដំណើរការទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌នោះមាន៣ចំនុចសំខាន់ៗដូចជា៖ «ទី១គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតែឯករាជ្យ ត្រូវតែអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដោយគ្មានការភ័យខ្លាច ។ទី២គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែង ត្រូវមានសិទ្ធិសេរីភាពពេញលេញដោយមិនត្រូវរឹត ត្បឹតសេរីភាពឬក៏មានការចោទប្រកាន់ ឬក៏ដាក់ទោសទណ្ឌទៅលើប្រធានគណបក្សប្រឆាំងនោះទេ..» ។
ដោយឡែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ត បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា ការលើកទ្បើងរបស់មន្ត្រីគណបក្សសង្គ្រោះជាតិថា នឹងស្វែងរកដំណោះស្រាយ ឱ្យមេបក្សប្រឆាំង វិលត្រទ្បប់ចូលស្រុកវិញនោះវាគ្រាន់តែជាឆន្ទៈរបស់បក្សតែប៉ុណ្ណោះ។ លោក ក៏បានបញ្ជាក់ផងដែរថាកម្ពុជាបើកទ្វារចំហរង់ចាំលោក សម រង្ស៊ី គ្រាន់តែថាមេបក្សប្រឆាំងរូបនេះមកឬមិនមកគឺជាសិទ្ធិរបស់គាត់ ដោយមិនចាំបាច់មានវប្បធម៌សន្ទនានោះទេ ។ ប៉ុន្តែលោកសង្កត់ធ្ងន់ថាលោកសម រង្ស៊ី ត្រូវអនុវត្តតាមសាលក្រម សាលដីការ របស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ផងដែរជុំវិញបណ្តឹងរបស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ពីបទបរិហាកេរ្តិ៍ ។
លោក សុខ ឥសាន្ត ក៏បានលើកទ្បើងដែរថាការអនុវត្តរបបប្រជាធិបតេយ្យសេរីពហុបក្សនៅតែដំណើរការជាធម្មតា បើទោះបីជាអវត្តមានមេបក្សណាក៏ដោយ ។
លោក សុខ ឥសាន្ត៖«ខ្ញុំសង្ឃឹមថាទោះបីអវត្តមានមេបក្សប្រឆាំងនៅក្រៅប្រទេសយ៉ាងណាក៏ដោយក៏គណបក្សសង្គ្រោះជាតិ មានសិទ្ធិនឹងដាក់ឈរឈ្មោះជាបេក្ខភាពប្រកួតប្រជែងជាមួយគណបក្សដទៃទៀត.. » ។
សូមបញ្ជាក់ថាលោក សម រង្ស៊ី ដែលគេស្គាល់ថាជាមេបក្សប្រឆាំងរបស់គណបក្សសង្គ្រោះជាតិ លោកកំពុងតែនិរទេសខ្លួនទៅរស់នៅក្រៅប្រទេស ដោយត្រូវបានដាក់ឱ្យស្ថិតនៅក្នុងដែនអំណាចរបស់តុលាការ ក្រោមការចាប់ខ្លួន និងចោទប្រកាន់ក្នុងសំណុំរឿងចំនួន៥ដាច់ដោយទ្បែកពីគ្នាករណីបរិហារកេរ្តិ៍ មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច ។
ទោះជាបែបនេះក្ដី លោក សម រង្ស៊ី បានផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រី កាលពីថ្ងៃទី ១៩ ឧសភាថា លោកពិតជាអាចវិលចូល ប្រទេសវិញដោយសារតែសហគមន៍អន្តរជាតិ និង ឆន្ទៈរបស់ប្រជាជនកម្ពុជា ដែលត្រូវការរូបលោក ៕