ភ្នំពេញ ៖ បន្ទាប់ពីជំនួបរវាងគណបក្សសង្គ្រោះជាតិនិងលោក អាឡាន់ ដូស (Alan Doss ) តំណាងមូលនិធិ កូហ្វី អាណាន់ (Kofi Annan Foundation) កាលពីថ្ងៃទី២៣ឧសភា លោក យឹម សុវណ្ណ មានប្រសាសន៍ថាលោក អាឡាន់ ដូស សន្យា ជំរុញឲ្យកម្ពុជាធ្វើការបោះឆ្នោតដោយសេរីនិងយុត្ដិធម៍ ។ ចំណែក្រុមអ្នកវិភាគលើកឡើងថា ទោះជាមានការជំរុញពីមូលនិធី កូហ្វីអាណាន់ ក៏ដោយប្រសិនជាមន្ដ្រីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅតែទទួលរងការគំរាមកំហែង គឺការបោះឆ្នោតនៅតែប្រព្រឹត្តទៅដោយគ្មានភាពសេរីនិងត្រឹមត្រូវឡើយ ។
លោក យឹមសុ វណ្ណបាន ថ្លែងដូចនេះ នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក កឹម សុខា បានជួបពិភាក្សាជាមួយលោក អាឡាន់ ដូស តំណាងមូលនិធិ កូហ្វី អាណាន់ នៅស្នាក់ការកណ្ដាល គណបក្សនេះ កាលពីចន្ទទី ២៣ឧសភា ។ លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា គឺជាការចាប់អារម្មណ៍ខ្លាំង ពីសំណាក់សហគមន៍អន្តរជាតិ ចំពោះការបោះឆ្នោតនៅកម្ពុជា ខាងមុខនេះ ។
លោក យឹម សុវណ្ណ៖ «ប៉ុន្ដែចំណុចវិជ្ជមានដែលគាត់បានឆ្លើយហើយគណបក្សសង្គ្រោះជាតិ យល់ឃើញថាល្អគឺថាគាត់ប្ដេជ្ញាចិត្ដថាធ្វើម៉េច ធ្វើឲ្យមានតម្លាភាព ការជឿទុកចិត្តក្នុងការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា» ។
ចំណែកលោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមនិយាយថា លោកសាទរ ចំពោះការប្ដេជ្ញារបស់លោក អាឡាន់ ដូស ដែលថាលោកនឹងរាយការណ៍ទៅលោក កូហ្វី អាណាន់ (អតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិ) ដើម្បីឲ្យជួយជំរុញការបោះឆ្នោតនៅកម្ពុជាប្រកបដោយសេរី និង យុត្ដិធម៍ ។
លោកបណ្ឌិតបន្តថា បើគិតមកដល់ពេលនេះកម្ពុជាគឺមានប្រទេសជាមិត្ដច្រើនណាស់ ដែលស្ម័ក្រចិត្ដចូលរួមឃ្លាំមើលការបោះឆ្នោតដើម្បីឲ្យប្រកបដោយភាពត្រឹមត្រូវនិងឯករាជ្យ ។ ប៉ុន្ដែលោកសង្កត់ធ្ងន់ថាទោះបីជាមានប្រទេសច្រើនចូលរួមក្ដីប្រសិនជាមន្ដ្រីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលរងឥទ្ធិល ការគំរាមគំហែងលើសិទ្ធិសេរីរបស់ពួកគេគឺ ការបំពេញការងារទាំងប៉ុន្មានរបស់ពួកគេអាចនឹងប្រឈមការខ្វះតម្លាភាព ។
លោកបណ្ឌិត មាស នី៖ «វាពិតណាស់មិនអាចទៅរូចទេបើស្ថានប័នមួយដំណើរការទាំងមានសេចក្ដីភ័យខ្លាចហើយអាចរក្សាជំហអព្យាក្រឹត្យរបស់ខ្លួនបានទៀតនោះ » ។
ជាមួយគ្នានេះដែរលោក សំ គន្ធាមី នាយកប្រតិបត្ដិគណកម្មាធិការអព្យាក្រឹត្យ និងយុត្ដិធម៍ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា NICFEC និយាយថាលោកពិតមានសេចក្ដីរីករាយជាខ្លាំងសម្រាប់ការប្រកាស់របស់របស់តំណាងមូលនិធី កូហ្វី អាណាន់ នេះ ។ លោក សំ គន្ធាមី បន្ដថាសភាពការណ៍ក្នុងប្រទេសបច្ចុប្បន្នគឺពិតជាគួរឲ្យមានក្ដីបារម្ភព្រោះតែមន្ដ្រីនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោតពីររូប កំពុងតែរងការការចោទប្រកាន់ដែលជាហេតុនាំឲ្យដំណើរនៃការរៀបចំការបោះឆ្នោតពិបាកនឹងប៉ាន់ស្មានថា អាចល្អប្រសើរឬយ៉ាងណានៅឡើយទេ ។
លោក សំ គន្ធាមី បញ្ជាក់ថា នាពេលខាងមុខប្រសិនជាមានការដោះលែងមន្ដ្រីនៃ គ.ជ.ប និងទម្លាក់បទចោទប្រកាន់លើពួកគាត់ទាំងអស់មែនលោកជឿជាក់ថាដំណើរការបោះឆ្នោតប្រាកដជាអព្យាក្រឹត្យយ៉ាងប្រាកដ ។
ចំណែកលោក សូ ចន្ថា សាស្ដ្រាចារ្យផ្នែកវិទ្យសាស្ដ្រនយោបាយយល់ឃើញថា បច្ចុប្បន្ន គ.ជ.ប កំពុងតែរងការគំរាមកំហែង ដោយសារមានការចោទប្ដឹងទៅតុលាការ ដែលជាហេតុបង្កការភ័យខ្លាចដល់ពួកគេក្នុងការអនុវត្ដន៍តួនាទីរបស់ខ្លួនដោយឯករាជ្យ ។
សាស្ដ្រាចារ្យរូបនេះបន្ថែមថា ប្រសិនជាគ.ជ.ប ទទួលរងឥទ្ធិពលពី គណបក្សនយោបាយណាមួយវាគឺជាឧបសក្កដ៏ធំធេងសម្រាប់ដំណើរការបោះឆ្នោត ។
លោក សូ ចន្ថា ទទូចថាដើម្បីធ្វើឲ្យស្ថាប័ន គ.ជ.ប ឯករាជ្យនិងអព្យាក្រឹត្យរាជរដ្ឋាភិបាលត្រូវតែដោះស្រាយឬបញ្ឈប់ការ ចោទប្ដឹង ការចាប់ខ្លួនដាក់ពន្ធនាគារដូចករណីលោក នី ចរិយា និង លោក រ៉ុង ឈុន ។
មន្ត្រីជាន់ខ្ពស់គ.ជ.ប អាណត្តិថ្មីនេះ មានសមាសភាព មកពីគណបក្ស ធំ២ ដែលមានអាសនៈនៅសភា គឺគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ ។ តាមរយៈនេះ គេសង្កេតឃើញ ប្រទេស ជាច្រើនសន្យាជួយទាំងបច្ចេកទេស និង ហិរញ្ញវត្ថុ គឺមានប្រទេសជប៉ុន សហភាពអឺរ៉ុប អាមេរិកហើយ អង្គការសហប្រជាជាតិ ក៏សន្យា ជួយស្ថាប័ននេះដែរ ៕