ពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមួយ ដ៏សំខាន់មួយក្នុងចំណោម ពិធីផ្សេងៗឯទៀតប្រចាំឆ្នាំនៃប្រទេសប្រកាន់របបរាជានិយម ។ នៅព្រះរាជាណាចក្រកម្ពុជា ការប្រកបរបរកសិកម្មជាមុខរបរចម្បង ដោយពឹងពាក់ទាំងស្រុងលើស្រូវអង្ករ និងភោគផល ដំណាំដទៃៗទៀត ។
ពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានគេប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ ឯវាលព្រះមេរុ ស្ថិតនៅពីខាងជើង នៃព្រះបរមរាជវាំងសព្វថ្ងៃ នៅរាជធានីភ្នំពេញ និងឆ្នាំខ្លះធ្វើនៅតាមខេត្តនោះ គឺមានប្រវត្តិដ៏យូរលង់ណាស់ មកហើយ ។ សម្រាប់ឆ្នាំនេះ បានធ្វើឡើងនៅ ខេត្តសៀមរាបទឹក ដីអង្គរ ។
តាមទម្លាប់ពិធីនេះធ្វើឡើងក្នុងការផ្សង មើលប្រថ្នូលរបស់ស្រុកទេស ទៅតាមការ បរិភោគរបស់ “ គោឧសភរាជ ” ។ គោ ដែលទឹមច្រត់ព្រះនង្គ័លនោះ គេហៅថា «គោឧសភរាជ»។ ដើម្បីជ្រាបកាន់តែច្បាស់សូមស្ដាប់បទពិពណ៌នាដែលរៀបចំដោយ កញ្ញា ច្រឹក ស្រីអូន ដូចតទៅ៖
ជាវប្បធម៌ប្រពៃណីទៅហើយដែលប្រទេសកម្ពុជា រៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លគឺតាំងសម័យកាលយូរឆ្នាំមកហើយ ។ ពិធីដ៏សំខាន់មួយនេះគឺតែងតែប្រារព្ធនៅថ្ងៃ៤រោច ខែពិសាខ រៀងរាល់ឆ្នាំ ។ ពិធីនេះតែងតែធ្វើឡើងក្រោមព្រះរាជអធិបតីភាពនៃ ព្រះមហាក្សត្រ ។ ពិធីនេះគឺប្រៀបបានជាការប្រកាសឲ្យប្រជាកសិករដឹងថា ចប់ខែប្រាំងចូលខែវស្សាដល់ពេលចាប់ផ្តើមដាំស្រូវធ្វើស្រែសម្រាប់ឆ្នាំថ្មីទៀតហើយ ។ សម្រាប់ឆ្នាំនេះ ពិធីច្រត់ព្រះនង្គ័លបានធ្វើឡើង នៅលើទឹកដីខេត្តសៀមរាប នៅទីតាំងលានជល់ដំរី ដោយក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់នៃព្រះករុណា ព្រះបាទសម្តេចនរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជា ។
ប្រជាពលរដ្ឋខ្មែរតែងតែមានជំនឿនិងរង់ចាំ ផ្សងចំពោះលទ្ធផលនៃការផ្សងប្រផ្នូល គោឧសភរាជ បង្ហាញថាយ៉ាងណា នោះគេនឹងដាំដុះដំណាំនោះ ។ បើសិនជា លទ្ធផលនៃការផ្សងប្រផ្នូល គោឧសភរាជបង្ហាញថាសោយ អាហារណាច្រើនជាងគឺមាន ស្រូវ ពោត សណ្តែក ល្ង ទឹក ស្រា ស្មៅ ។
ក្រោយពីភ្ជួរបានចំនួន៣ជុំ គោមួយនឹមដែលគេហៅថាគោឧសភរាជត្រូវបានព្រលែងឲ្យបរិភោគអាហារទាំង៧មុខដែលដាក់នៅលើជើងពានរៀបទុកជាស្រេច រួមមានស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និងស្រា ។ សម្រាប់ពិធីផ្សងប្រថ្នូលឆ្នាំនេះ គឺគោឧសភរាជ បានបរិភោគ អាហារ៣ប្រភេទច្រើនជាងគេ ។
លទ្ធផលនៃការផ្សងប្រផ្នូល គឺបង្ហាញថា សណ្តែក៩៥% ពោត៩០% ស្រូវ៩០%ដែលគោឧសភរាជ បានបរិភោគ។
លទ្ធផលនៃការផ្សងប្រផ្នូល តាមរយៈការបរិភោគរបស់គោឧសភរាជគឺ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លដែលធ្វើនៅខេត្តសៀមរាបបង្ហាញថា ឆ្នាំនេះភោគផលកសិកម្មនឹងទទួលបានផលល្អប្រសើរ ។ នៅចំពោះព្រះភ័ក្រព្រះមហាក្សត្រព្រះបាទបរមនាថ នរោត្តម សីហមុនី អាចារ្យព្រាហ្មបរោហិត បានប្រកាសពីទិន្នផលល្អសម្រាប់កសិករធ្វើស្រែចំការ ។
តាមពិតទៅ ការបង្កើតផលិតផលស្រូវអង្ករ ឬក៏ផលដំណាំផ្សេងៗ ដូចជាពោត សណ្តែក ល្ង ដោយព្រះរាជាតាមរយៈព្រះរាជពិធីខាងលើនេះ បណ្តាលមកពីកត្តាចម្បងមួយ គឺលក្ខណៈស័ក្តិសិទ្ធិរបស់តួអង្គ «ស្តេច» ក្នុងក្រសែភ្នែករបស់ប្រជានុរាស្ត្រ ព្រោះពិធីធ្វើឡើងក្រោមព្រះរាជអធិបតីភាពរបស់ព្រះមហាក្សត្រ ។
ទាក់ទិននឹងការផ្សងគោឧសភរាជ គឺព្រាហ្មណ៍ព្រះរាជគ្រូ សូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យស៊ីផឹកអាហារ៧យ៉ាង ដែលរៀបចំដាក់ តាំងតុដោយទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ ស្រា១តុ ។
ក្នុងពិធីនេះ គឺព្រាហ្មណ៍ព្រះរាជគ្រូ ជាអ្នកសូត្រ ធ្វើពិធីប្រកាស ប្រថ្នូល ។ នៅពេលសូត្រចប់ គឺព្រាហ្មណ៍ នេះយកទឹកមន្ដប្រោះក្បាលគោឧសភរាជ ទាំងពីរហើយមន្ដ្រីម្នាក់ដែលកាន់នង្គ័លស្ដេចមាឃ ដឹកគោឧសភរាជទាំងពីរទៅឱ្យស៊ីផឹក របស់ទាំង៧យ៉ាង គឺដឹកទៅជិតរបស់៧យ៉ាងស្រេចហើយ បើគោឧសភរាជចូលចិត្ដស៊ីផឹកអ្វី ក៏ស៊ីផឹកទៅគេមិនបង្ខំឱ្យស៊ីផឹកចំពោះអាហារណានីមួយៗទេ ។ កាលណាគោឧសភរាជ ស៊ីផឹកអ្វីមួយយ៉ាង ឬពីរយ៉ាងគឺព្រាហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខគឺដូចការពោលខាងលើនេះ ៕