en     km
en     km

សមាគម​​ខ្មែរ​​កម្ពុជា​​ក្រោម​​ទទូច​​ឲ្យ​ ​រដ្ឋ​វៀតណាម​ ​គោរព​​សិទ្ធិ​​មនុស្ស​​ស្រប​​ពេល​​ទស្សន​កិច្ច​​លោក​ អូ​បា​ម៉ា​

Share

ភ្នំពេញ ៖ ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ចំនួន​គ្រោង​ដាក់​លិខិត​ទៅ​ លោក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ ដើម្បី​ស្នើ​ឲ្យ​ រដ្ឋ​វៀតណាម​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ ស្រប​ពេល​ដំណើរ​ទស្សនកិច្ច​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​រូប​នេះ​ នៅ​ប្រទេស​វៀតណាម​ ។
Kampuchea-Krom

​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​ទៅ​ដល់​ ប្រទេស​វៀតណាម​ហើយ​ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​ ដែល​ជា​លើក​ដំបូង​របស់​មេដឹកនាំ​អា​មេ​រិ​ក​ ទៅ​កាន់​ប្រទេស​អតីត​សត្រូវ​ នៃ​សង្គ្រាម​វៀតណាម​ ។​ ​ជុំវិញ​ដំណើរ​ទស្សនកិច្ច​មេដឹកនាំ​អា​មេ​រិ​ក​នេះ​ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ចំនួន​ដែល​ វិទ្យុ​ស្ត្រី​ សុំ​សម្ភាសន៍​​ពួក​គាត់​ អះអាង​ថា​ នឹង​បញ្ជូន​សេចក្ដីថ្លែងការណ៍​ ទទូច​លោក​ អូ​បា​ម៉ា​ គាបសង្កត់​ វៀតណាម​ ឱ្យ​គោរព​សិទ្ធិ​របស់​ខ្មែរក្រោម​ ដែល​ជា​ម្ចាស់​ទឹកដី​ ។​

​លោក​ សឺ​ន​ ជុំ​ជួន​ នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ដើម្បី​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍ​ និយាយ​ថា​ សមាគម​របស់​លោក​គ្រោង​នឹង​ជួប​ពិភាក្សា​គ្នា​ ដើម្បី​ដាក់​លិខិត​ទៅ​ លោក​ អូ​បា​ម៉ា​ ប្រធានាធិបតី​អា​មេ​រិ​ក​ ក្នុង​គោលបំណង​ជំរុញ​ឲ្យ​អាជ្ញាធរ​វៀតណាម​គោរព​សិទ្ធិ​ខ្មែរ​កម្ពុជា​ក្រោម​ ។​ លោក​សង្ឃឹមថា​  ប្រធានាធិបតី​អា​មេ​រិ​ក​ នឹង​លើក​ឡើង​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ជាមួយ​ប្រទេស​វៀតណាម​ ។​

​លោក​ សឺ​ន​ ជុំ​ជួន​ ៖«​បញ្ហា​រឿង​ខ្មែរក្រោម​ នៅ​ក្នុង​នោះ​ក៏​ជា​រឿង​សំខាន់​មួយ​ដែរ​ ពីព្រោះ​ខ្មែរ​ដើម​ជា​ជនជាតិភាគតិច​មួយ​ រង​ការ​រំលោភ​បំពាន​ច្រើន​ជាងគេ​បង្អស់​»​ ។​

​ដូច​គ្នា​នេះ​ដែរ​ លោក​ ថា​ច់​ សេដ្ឋា​ ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បញ្ជាក់​ថា​ លោក​នឹង​ដាក់​លិខិត​មួយ​ផ្ញើរ​ទៅ​ លោក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ ដើម្បី​ជួយ​ជំរុញ​អាជ្ញា​ធរមាន​វៀត​ឲ្យ​គោរព​សិទ្ធិ​ខ្មែរ​កម្ពុជា​ក្រោម​ ទោះបីជា​លោក​ដឹង​ថា​ រដ្ឋាភិបាល​វៀតណាម​មិន​ដែល​គោរព​សិទ្ធិ​ខ្មែរ​កម្ពុជា​ក្រោម​ក៏​ដោយ​ តែ​យ៉ាង​ហោច​ណាស់​លិខិត​របស់​សមាគម​បង្ហាញ​អំពី​ការ​រំលោភ​បំពាន​សិទ្ធិ​យ៉ាងធ្ងន់ធ្ងរ​ ត្រូវ​បាន​ប្រធានាធិបតី​អា​មេ​រិ​ក​ចាប់អារម្មណ៍​ ។​

​លោក​ ថា​ច់​ សេដ្ឋា​ ៖«​ខ្ញុំ​កំពុង​តែ​គិត​រឿង​និង​ដែរ​ ខ្ញុំ​នឹង​ធ្វើ​រឿង​នេះ​ឆាប់ៗ​ដែរ​ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​យួន​គោរព​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ។​ យួន​មិន​ដែល​គោរព​តាម​និង​ទេ​ តែ​អ្វី​ដែល​យើង​ដាក់​លិខិត​និង​ យ៉ាង​ហោច​ណាស់​ក៏​ឲ្យ​រដ្ឋាភិបាល​អា​មេ​រិ​ក​កាំ​ង​បានដឹង​ និង​ជំរុញ​»​

​​ការ​បំពេញ​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​កំពូល​អា​មេ​រិ​ក​លើក​នេះ​ ក្នុង​គោលដៅ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​នៅ​អាស៊ី​ ទាំង​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ ។​ ប៉ុន្តែ​មន្ត្រី​សេត​វិមាន​អា​មេ​រិ​ក​និយាយ​ថា​ បញ្ហា​ដែល​ត្រូវ​ផ្ដោត​លើ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ អូ​បា​ម៉ា​ ទៅ​កាន់​ប្រទេស​វៀតណាម​ គឺ​បញ្ហា​សិទ្ធិ​មនុស្ស​អាច​ជា​របៀបវារៈ​សំខាន់​មួយ​ដែរ​ ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ ៕​

Share

Image
Image
Image