ភ្នំពេញ៖អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ អះអាងថា លោក សម រង្ស៊ី នឹងអាចចូលរួមក្នុងការបោះឆ្នោតសម្រាប់ ឆ្នាំ ២០១៧ និង ២០១៨ ខាងមុខនេះ ក្រោមហេតុផលសម្របសម្រួលផ្នែកនយោបាយហើយបើគ្មានវត្តមាន គឺអន្តរជាតិមិនអាចទទួលស្គាល់ការបោះឆ្នោតនេះ ត្រឹមត្រូវឡើយ ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ អះអាងដូចនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាជាមួយតំណាងមូលនិធី កូហ្វីអាណាន់កាលពីរសៀលថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៦នេះ ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បញ្ជាក់ទៀតថា ប្រសិនបើគ្មានវត្តមានប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងបោះឆ្នោតជាតិនោះ មានន័យថា ការបោះឆ្នោតនិងមិនត្រឹមត្រូវ សេរី និង យុត្តិធម៌ឡើយ ។ លោកបង្ហាញក្ដីសង្ឃឹមថា លោក សម រង្ស៊ី ពិតជាអាចវិលត្រឡប់ចូលស្រុកវិញនៅមុនការបោះឆ្នោតក្រុមប្រឹក្សា/ឃុំសង្កាត់ ឆ្នាំ ២០១៧ និងបោះឆ្នោតជាតិ ឆ្នាំ ២០១៨ ខាងមុខនេះ ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កំពុងរស់នៅនិរទេសខ្លួនត្រូវបានដាក់ឲ្យស្ថិតនៅក្នុងដែនអំណាចរបស់តុលាការ ក្រោមការចាប់ខ្លួន និងចោទប្រកាន់ក្នុងសំណុំរឿងចំនួន៥ដាច់ដោយឡែកពីគ្នាដែលគេហៅថាបទ ចោទបរិហារកេរ្តិ៍ មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច ៕