ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ (CNRP) មានប្រសាសន៍ថា CNRP បានទទូចទៅគណៈប្រតិភូមូលនិធីកិច្ចការបោះឆ្នោត Kofi Anan ជួយធ្វើយ៉ាងណឱ្យលោកនី ចរិយា អគ្គលេខាធិការរងគ.ជ.ប បានត្រឡប់មកធ្វើការវិញ ។

លោកយឹម សុវណ្ណ បានបញ្ជាក់ដូចនេះ ជាមួយអុ្នកសារព័ត៌មានដែលបានសាកសួរ លោកនៅពេលលោកបានជួបប្រជុំជាមួយគណៈប្រតិភមូលនិធី Kofi Anan នៅរសៀលថ្ងៃ ចន្ទទី ២៣ ឧសភា នៅស្នាក់ការគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ។
លោកយឹម សុវណ្ណ បានបញ្ជាក់ថា CNRP មានការព្រួយបារម្ភអំពីយុត្តាធិការរបស់តុលាការដែលប៉ះពាល់ដល់សមាជិកជាន់ខ្ពស់របស់គ.ជ.ប ។ បើតាមលោកយឹម សុវណ្ណ គណៈប្រតិភូមូលនិធី Kofi Anan នឹងសិក្សាសំណើរបស់ CNRP ។
លោកនី ចរិយា ជាអគ្គលេខាធិការរងគ.ជ.ប ។ លោកកំពុងឃុំខ្លួននៅមន្ទីរឃុំឃាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញករណីសមគំនិតឱ្យមានការសូកប៉ាន់កញ្ញាខុម ចាន់តារាទីហៅស្រីមុំ ក្នុងសំនុំរឿងមួយដែលគេថាជារឿងនយោបាយ ។
លោក រ៉ុង ឈុន ជាសមាជិកគ.ជ.ប ក៏កំពុងរងការហៅចូលខ្លួនសវនាការដែរករណីហិង្សា នៅផ្លូវវែងស្រែង កាលពីឆ្នាំ ២០១៤ ខណៈកម្មករធ្វើបាតុកម្មតវ៉ាដំឡើងប្រាក់ឈ្នួលកម្មករសមរម្យ។ ទន្ទឹមគ្នានេះករណីរបស់លោករ៉ុង ឈុន ក៏ត្រូវបានអ្នកសង្កេតការណ៍ថាជារឿងនយោបាយផងដែរ ។
សូមជម្រាបថាលោក Kofi Anan ជាអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិដ៏មានឥទ្ធិពលម្នាក់ក្នុងចំណោមអតីតអគ្គលេខាធិការមួយចំនួនរបស់ស្ថាប័ននេះ។