ភ្នំពេញ៖ បន្ទាប់ពីស្តាប់ទស្សននិងសំណូមពររបស់យុវជនខ្មែរកម្ពុជាក្រោមនៅព្រឹកថ្ងៃទី ២២ ឧសភានេះ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា រូបលោកបានដើរតាមកន្លងគោនយោបាយសព្វថ្ងៃដោយរៀនសូត្រពីលោកតាសឺន សាន ដែលប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមចាត់ទុកជាវីរៈជនមួយរូប។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិរូបនេះអះអាងទៀតថា លោកបានរៀនសូត្រទស្សននយោបាយពីលោកតាសឺន សាន ចំនួនបីចំនុចធំៗ គឺទី១ អ្នកដឹកនាំត្រូវតែជាអ្នកបម្រើប្រជាពលរដ្ឋ ប្រជាពលរដ្ឋជាចៅហ្វាយរបស់អ្នកដឹកនាំ,ទី២ មិនត្រូវយកខ្មែរណាធ្វើជាសត្រូវឡើយ។ សត្រូវរបស់ខ្មែរគឺអំពើឈ្លានពាន អំពើផ្ដាច់ការ និងអំពើពុករលួយ, និងទី៣ បើចង់បំបាត់អំពើពុករលួយត្រូវបំបាត់ពីលើចុះក្រោមត្រូវលុបបំបាត់ពីអ្នកធំជាមុន។ បើចង់អភិវឌ្ឍប្រទេសឱ្យចាកផុតពីភាពក្រីក្រ ត្រូវអភិវឌ្ឍពីក្រោមទៅលើគឺជួយអ្នកទន់ខ្សោយអ្នកក្រីក្រអ្នកតូចតាចមុន។
លោក កឹម សុខា បញ្ជាក់ថា គោលនយោបាយទាំងនេះលោកកំពុងតែអនុវត្តន៍នឹងនៅតែអនុវត្តបន្តទៅទៀត។
សូមរម្លឹកថាលោកសឺន សាន ជាឥស្សរជនខ្មែរមួយរូបដែលជាអ្នកបន្តវង្សត្រកូលពីឧកញ៉ាសេនាបតី សឺន គុយ ដែលជាវីរបុរសជាតិកម្ពុជាក្រោម។ សម្ដេចបវរសេដ្ឋាធិបតី សឺន សាន បានបំពេញបេសកកម្មជាច្រើន ដើម្បីសន្តិភាព និងការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានគេចាត់ទុករូបលោកជាមេដឹកនាំប្រកបដោយភាពស្អាតស្អំ។