ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានសរសេរនៅលើគេហទំព័រក្រសួងនៅថ្ងៃទី ២២ ឧសភានេះថា « ការទទួលបាន LIKE គាំទ្រពីសំណាក់ប្រជាពលរដ្ឋប្រមាណជាង ១០ ម៉ឺននាក់ បានឆ្លុះបញ្ចាំងឲ្យឃើញពីការដើរតួនាទីយ៉ាងសំខាន់ក្នុងកំណែទម្រង់ប្រកបដោយភាពទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការក្រសួងសាធារណការនិងដឹកជញ្ជូនគ្រប់ជាន់ថ្នាក់»។
ការគាំទ្រនិងមតិយោបល់របស់ប្រិយមិត្ត គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណោះស្រាយនៃការធ្វើកំណែទម្រង់នៅក្រសួងសាធារណការនិងដឹកជញ្ជូន។ នេះជាការបន្ថែមរបស់លោក ស៊ុន ចាន់ថុល។
លោករដ្ឋមន្ត្រីមានប្រសាន៍យ៉ាងដូច្នេះថា៖ «ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមជំរុញលើកទឹកចិត្តឲ្យប្រិយមិត្តបន្តចែករំលែកការយល់ដឹងនិងផ្តល់ជាមតិយោបល់មកកាន់យើងខ្ញុំដោយផ្ញើសារហ្វេសប៊ុក ឬសរសេរមតិយោបល់ជាសាធារណៈនៅលើប្រធានបទចុះផ្សាយរបស់យើងខ្ញុំ។ ការចូលរួមទាំងនេះនឹងអាចអនុញ្ញាតឲ្យយើងខ្ញុំយកទៅពិចារណា ពិភាក្សា រកដំណោះស្រាយ ពាក់ព័ន្ធនឹងបញ្ហាដឹកជញ្ជូននៅកម្ពុជាប្រកបដោយប្រសិទ្ធភាព»។
លោក ស៊ុន ចាន់ថុល បន្តថា ៖ « ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់នេះ យើងខ្ញុំកំពុងខិតខំប្រឹងប្រែងបំពេញការងារដែលជាគំនិតផ្តួចផ្តើមធ្វើកំណែទម្រង់ ដើម្បីសម្រេចបានតាមគោលដៅ នៃផែនការរយៈពេល «១០០ថ្ងៃ»។ នៅក្នុងខែកក្កដា ដែលជាពេលវេលាកំណត់បញ្ចប់ នៃផែនការ «១០០ថ្ងៃ» យើងខ្ញុំនឹងរាយការណ៍ជូនប្រិយមិត្តនិងប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាប អំពីសកម្មភាពការងារកំពុងបន្តនិងសមិទ្ធិផលសម្រេចបាននានា»៕