ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលរម្លឹកខួប ២០ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី រយៈពេល ០៤ ថ្ងៃនៅទីក្រុងមូស្គូនិងទីក្រុងសូឈី នាប្រទេសរុស្ស៊ី សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកដល់ព្រលានយន្តហោះក្រុងភ្នំពេញនៅថ្ងៃសៅរ៍នេះ បានបង្ហាញមោទនភាពចំពោះការពង្រឹងមិត្តភាពនិងសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ី។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី នៅទីក្រុងសូជី បានបញ្ចប់ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់។ ទន្ទឹមនឹងនេះលោកនាយករដ្ឋមន្ត្រីក៏បានចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ាននិងរុស្ស៊ីជាមួយតំណាងធុរកិច្ចជាច្រើនរូប ព្រមទាំងពិសារអាហារថ្ងៃត្រង់ជាមួយប្រមុខដឹកនាំអាស៊ាននិងរុស្ស៊ី នៅ Radisson Blu Resort និង Congress Center ផងដែរ។
សម្តេចសរសេរបន្ថែមថា៖ «ប្រទេសទាំងអស់បានប្តេជ្ញាពង្រឹងមិត្តភាពនិងសហប្រតិបត្តិការជាមួយសហព័ន្ឋរុស្ស៊ី ដើម្បីសន្តិភាពក្នុងតំបន់និងក្នុងពិភពលោក រួមទាំងការពង្រីកវិស័យពាណិជ្ជកម្មនិងវិនិយោគឱ្យបានទូលំទូលាយដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងអស់។ នេះជាមោទនៈភាពរបស់កម្ពុជាដែលមានមិត្តមហាអំណាចដ៏ល្អប្រកបដោយភាពស្មោះត្រង់ដូចជារុស្ស៊ី បានជួយកម្ពុជាតាំងពេលមុនរហូតមកដល់ពេលនេះ ជាពិសេសជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា»។
សូមជម្រាបថា កាលពីថ្ងៃទី ១៧ ឧសភា សម្តេចហ៊ុន សែន បានដឹកនាំប្រតិភូជាន់ខ្ពស់ទៅជួបពិភាក្សាការងារជាមួយលោកវ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី។ នៅថ្ងៃទី ១៧ ខែឧសភានេះដែរ លោកសម្តេចហ៊ុន សែន និងនាយករដ្ឋមន្ត្រីរុស្ស៊ី លោកឌីមីទ្រី មេដវេដេវ (Dmitry Medvedev) ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ០៨ លើវិស័យពាណិជ្ជកម្ម វិនិយោគទុន ទូរគមនាគមន៍ កសិកម្ម និងលទ្ធភាពសាងសង់រោងចក្រនុយក្លេអ៊ែរនៅកម្ពុជាជាដើម។
កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ក្នុងជំនួបជាមួយប្រធានាធិបតីរុស្ស៊ីដដែលនោះ សម្តេចបានបញ្ជាក់ថា លោកវ្ល៉ាឌីមៀរ ពូទីនមានប្រសាសន៍ថា រុស្ស៊ីចាត់ទុកប្រទេសកម្ពុជាជាមិត្តចាស់និងជាដៃគូដ៏ជិតស្និទ្ធនិងជាទីទុកចិត្តបំផុត៕