ភ្នំពេញ៖ ប្រធានគណបក្សប្រឆាំងដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេសលោក សម រង្ស៊ី បានផ្តល់បទសម្ភាសន៍ដល់វិទ្យុស្ត្រីកាលពីថ្ងៃព្រហស្បតិ៍ទី១៩ ខែឧសភា ថា មូលហេតុដែលគណបក្សសង្គ្រោះជាតិរត់ទៅប្ដឹងអង្គការសហប្រជាជាតិ(UN) ជួយស្តារស្ថានការណ៍នយោបាយកម្ពុជាក៏ព្រោះតែគណបក្សសង្គ្រោះជាតិយល់ថា ព្រះមហាក្សត្រ ពុំមានសិទ្ធិអំណាចអ្វីដើម្បីផ្សះផ្សាជាតិ។ តែយ៉ាងណាមន្ត្រីបក្សកាន់អំណាចថា បក្សប្រឆាំងកំពុងកុហកព្រះមហាក្សត្រព្រោះនយោបាយកម្ពុជាមិនមានភ្លើង ផ្សែង វឹកវរដូចអ្វីដែល CNRP លើកឡើងនោះទេ។ តែអ្នកវិភាគហាក់ទទួលស្គាល់ការអះអាងរបស់លោកសមរង្ស៊ី។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និយាយថា វិបត្តិនយោបាយកំពុងឡើងកំដៅ ការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិកាន់តែអាក្រក់ឡើងៗ ហើយអំណាចក៏ត្រូវបានប្រមូលផ្តុំលើបុគ្គលមួយក្រុមតូច ដែលជាជម្រើសមួយចាំបាច់ ត្រូវប្ដឹងអង្គការសហប្រជាជាតិ ឱ្យមកជួយដោះស្រាយ គឺតាមរយៈការបើកកិច្ចប្រជុំនៃប្រទេសជាហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ១៩៩១។
ប្រធានគណបក្សប្រឆាំង និរទេសខ្លួន រូបនេះ សម្ដែង ក្ដីសង្ឃឹមថា ស្ថាប័នពិភពលោកមួយពិតជាជួយកម្ពុជា ដែលលោកថា សូម្បីខ្លួនលោកក៏អាចវិលត្រឡប់មកវិញដែរ ។ លោក សម រង្ស៊ី៖«ច្បាស់ជាមានហើយ! យើងយកឧទារណ៍ប្រទេសភូមា ប្រទេសភូមាគឺរងគ្រោះជាងប្រទេសម្ពុជាទៅទៀត ព្រោះមានអំណាចផ្តាច់ការនៅប្រទេសភូមា ៥០-៦០ឆ្នាំទៅហើយ តែថ្មីៗនេះមានការរើបម្រះដោយសារមានសម្ពាធពីសហគមន៍អន្តរជាតិ។ ដូច្នេះបើប្រទេសភូមាអាចប្រែមុខមាត់បានពីរបបផ្តាច់ការ ទៅរបបប្រជាធិបតេយ្យ ប្រទេសកម្ពុជាក៏អាចប្រែដូចគ្នាអញ្ចឹងដែរ»។
ប៉ុន្តែនៅពេល សួរថាហេតុអ្វីបានជាលោក មិនរង់ចាំ អន្តរាគមន៍ពីព្រះមហាក្សត្រ ព្រោះ គណបក្សលោកបានថ្វាយលិខិតព្រះមហាក្សត្រ ហើយលោក សម រង្ស៊ី ឆ្លើយដោយមិនមានសង្ឃឹមលើព្រះអង្គទេ ។
ប្រធានមេបក្សប្រឆាំងធំជាងគេនៅកម្ពុជារូបនេះបន្តថា គណបក្សសង្គ្រោះជាតិមិនរង់ចាំអន្តរាគមន៍ពីព្រះមហាក្សត្រទៀតទេ ព្រោះលោកជឿថា ព្រះមហាក្សត្រនៅពេលនេះគឺបាត់បង់សិទ្ធិដែលរដ្ឋធម្មនុញ្ញបានចែង និងប្រគល់សិទ្ធិជូនព្រះអង្គ ក្នុងការធានាសិទ្ធិសេរីភាពប្រជាពលរដ្ឋ ធានាបាននូវតុលាការឯករាជ្យដែលលោកគិតថាបក្សសង្គ្រោះជាតិគ្មានជំនឿថាព្រះមហាក្សក្រអាចជួយដោះស្រាយវិបត្តិនយោបាយក្នុងកាលៈទេសៈនេះបានឡើយ។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាត្រា ៨ ចែងថា ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី។ ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិជាតិ។ រីឯមាត្រា ៩ ក៏បានចែងថា ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឱ្យមានភាពទៀងទាត់។
ទាក់ទងក្នុងរឿងនេះ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ជឿថាអង្គការសហប្រជាជាតិ នឹងមិនមកផ្សះផ្សានយោបាយនៅកម្ពុជា តបតាមការស្នើរបស់បក្សប្រឆាំងដែលលោកថាតាមការបោកប្រាស់នោះទេ ។
ជាងនេះទៅទៀតលោក សុខ ឥសាន្តបញ្ជាក់ថា ការសុំកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រក៏គ្មានប្រសិទ្ធភាពអ្វីដែល ព្រោះព្រះមហាក្សក្រទ្រង់ឆ្វេងយល់ច្បាស់លាស់ណាស់ពីស្ថេរភាព និងស្ថានភាពនយោបាយក្នុងប្រទេស ដែលមិនដូចនូវអ្វីដែលលោក សម រង្ស៊ី កំពុងបោកព្រះមហាក្សត្រ និងប្រជាជននោះទេ។ លោក សុខ ឥសាន្ត៖«សភាការណ៍ហ្នឹងគាត់បន្លំព្រះមហាក្សត្រ គាត់ភូតភូរព្រះមហាក្សត្រ ពីព្រោះវាអត់មានសភាពការណ៍អីទៅអាក្រក់ហើយឈានទៅរកគ្រោះមហន្តរាយនោះវាអត់មានទេ។ អញ្ចឹងវាមានមូលហេតុអីដែលព្រះមហាក្សត្រលោកទ្រង់អន្តរាគមន៍នោះ វាអត់មាន ព្រោះឥឡូវជីវភាពសង្គមបច្ចុប្បន្នវាអត់អីនោះទេ វាមានប្រក្រតីភាពធម្មតាទេក្នុងសង្គម»។
ស្ថានភាពនយោបាយ នៅកម្ពុជា ដែលគេថាតានតឹងនេះ ក៏ជាការផ្ដើមឱ្យមានការវិភាគ អំពីអនាគតរបស់គណបក្សប្រឆាំងនៅកម្ពុជា ។ អ្នកវិភាគមួយចំនួនដែលវិទ្យុស្ត្រីសុំសម្ភាសន៍ ពួកគាត់គិតថាព្រះមហាក្សត្រ គឺជាឥស្សរជនមួយដែរ ដើម្បីជួយបន្ថយកំដៅនយោបាយ ប៉ុន្តែពួកគាត់ថា ជម្រើសមួយទៀតក៏ល្អ ដែរ គឺ សហគមន៍អន្តរជាតិ ព្រោះកម្ពុជាបានស្គាល់ សន្តិភាព និងការអភិវឌ្ឍ ក៏ដោយសារសហគមន៍អន្តរជាតិនេះដែរ។
លោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ យល់ថា យុទ្ធសាស្ត្ររបស់គណបក្សសង្គ្រោះជាតិដែលសុំកិច្ចអន្តរាគមន៍ពីអង្គការសហប្រជាជាតិនេះ គឺជាវិធីសាស្ត្រមួយល្អ ស្របពេលដែលគណបក្សនេះបានស្វះស្វែងរកយន្តការជាតិគ្រប់បែបយ៉ាងតែមិនមានប្រសិទ្ធភាព។
តែយ៉ាងណាលោក សូ ចន្ថា សង្កត់ធ្ងន់ថា មេដឹកនាំកម្ពុជាដែលចាស់វស្សាអស់ទៅហើយ គប្បីប្រើវប្បធម៌នយោបាយចាស់ទុំ ពោលគឺចេះជជែកពិភាក្សាលើតុរកដំណោះស្រាយបញ្ហាជាតិ ជៀសវាងទៅពឹងបរទេសមកផ្សះផ្សា។លោក សូ ចន្ថា៖ « ហើយយើងមិនពឹងបរទេសទាំងស្រុងដើម្បីដោះស្រាយបញ្ហាខ្មែរនោះ។ មេដឹកនាំខ្មែរអ្នកដឹកនាំធំៗ មានវ័យចំណាស់ណាស់ហើយ គួរតែមានវប្បធម៌នយោបាយចាស់ទុំ ហើយប្រកាន់យកនូវវប្បធម៌នយោបាយប្រជាធិបតេយ្យដែលអាចជជែកគ្នាបាន ដោះស្រាយបញ្ហាជាតិបាន ហ្នឹងជារឿងដែលត្រឹមត្រូវ ហើយពលរដ្ឋខ្មែរសាទរ»។
ប្រទេសកម្ពុជាបានចាកផុតពីសង្គ្រាមស៊ីវិល ដោយសារកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា១៩៩១ ដែលមានប្រទេសមហាអំណាច និង ប្រទេសជាមិត្តបានជួយជំរុញឱ្យភាគីខ្មែរ មានជំលោះ នឹងគ្នា យល់ព្រម ឱ្យមានការឯកភាពជាតិមួយគឺតាមរយៈយន្តការអន្តរជាតិនេះ ។ កិច្ចព្រមព្រៀងនេះ ក៏ជាការផ្ដួចផ្ដើមផងដែរ ពីអគ្គលេខាធិការអង្គការសហប្រជាតិ ។ យ៉ាងណាក៏ដោយ ព្រះមហាក្សត្រ គឺជានិមិត្តរូប នៃសន្តិភាពបង្រួបបង្រួមជាតិ ។ នេះបើយោងតាមរដ្ឋធម្មនុញ្ញ ។
ចុះហេតុអ្វីបានជាគណបក្សសង្គ្រោះជាតិមិនរង់ចាំអន្តរាគមន៍ពីព្រះអង្គ ទំនងជាមេរៀនមួយដែលក្រុមប្រឆាំងមិនទុកចិត្តនោះ គឺប្រហែល គណបក្សនេះ ឃើញព្រះអង្គយាងទៅធ្វើអធិបតីប្រជុំសភាដំបូង បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៣ ដោយពុំមានវត្តមានអ្នកតំណាងរាស្ត្របក្សប្រឆាំងនេះ ។ តែយ៉ាងនេះក្ដីលោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ នៅតែសង្ឃឹមថា ព្រះមហាក្សត្រ នឹងមានកិច្ចអន្តរាគមន៍ ករណីរបស់គណបក្សប្រឆាំងនេះ៕