en     km
en     km

អ្នកវិភាគ​៖​ សកម្មភាព​គណបក្សប្រឆាំង​ មិនមែន​ជា​ទ​ង្វើ​ផ្តួលរំលំ​រដ្ឋាភិបាល​

Share

ភ្នំពេញ៖  ក្រោយ​ពី​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​ ១៩​ ឧសភា​ ម្សិលមិញ​ថា​ គណបក្ស​ប្រឆាំង​តែង តែមាន​គោលបំណង​ចង់​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ ដោយ​បង្ក​ជា​ការ​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ កូដកម្ម​ ឬ​ទាមទារ​តវ៉ា​ផ្សេងៗ​ បូក​រួម​នឹង​ការ​ធ្វើ​ឲ្យ​មាន​អរិយ​ភាព​ ដោយ​លើកយក​រឿង​ព្រំដែន  ​វៀ​ម​ណា​ម​មក​និយាយ​ផង​នោះ​ ក្រុម​អ្នកវិភាគ​នយោបាយ​លើក​ឡើង​ថា​ គណបក្សប្រឆាំង​មិន​អាច​ផ្តួល រំលំ​រដ្ឋាភិបាល​បាន​ឡើយ​។

sam-ransy-black
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ គ្រាលោក និយាយ ក្នុង face book អំពាវនាវដល់ពលរដ្ឋខ្មែរ ចូលរួមយុទ្ធនាការ «ថ្ងៃច័ន្ទ​ពណ៌ខ្មៅ»

​ក្រុម​អ្នកវិភាគ​បាន​និយាយ​ដូចៗ​គ្នា​ថា​ ត្រឹមតែ​ការ​ប្រមូលផ្ដុំ​សម្ដែង​មតិ​ ដើម្បី​ទាមទារ​រក​យុត្ដិធម៌​សង្គម​ និង​ក្ដី​បារម្ភ​របស់​ខ្លួន​ជុំវិញ​បញ្ហា​ទឹកដី​នៃ​ប្រទេស​ជាតិ​ មិន​អាច​ចាត់ទុកជា​ទ​ង្វើ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ឡើយ​។​
​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​លោក​បណ្ឌិត​ មាស​ នី​ បាន​ពន្យល់​ថា​ ពាក្យ​ថា​ផ្ដួលរំលំ​គឺ​មាន​អត្ថន័យ​យ៉ាង​ធំធេង​ណាស់​ ហើយ​មិនមែន​មនុស្ស​ត្រឹម​ពី​ ឬ​បី​រយ​នាក់​អាច​បង្ក​ជា​ភាព​អសកម្ម​ឲ្យ​មាន​ចលនា​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​បាន​ដោយ​ងាយៗ​នោះ​ឡើយ​។​

ការ​លើក​ឡើង​របស់​លោក​បណ្ឌិត​ មាស​ នី​ ដូចនេះ​ ព្រោះតែ​កាលពី​ថ្ងៃ​ទី​ ១៩​ ឧសភា​ ម្សិលមិញ​ លោក​ឧប នាយករដ្ឋមន្ដ្រី​ ទៀ​ បាញ់​ រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ បាន​ថ្លែង​នៅ​ចំពោះ​មុខមន្ដ្រី​យោធា​ប្រហែល​ ១០០០​នាក់​ ក្នុងអំឡុងពេល​សម្ពោធ​បន្ទប់​ប្រជុំ​នៅ​សាកលវិទ្យាល័យ​ការពារ​ជាតិ​ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ថា​«​ទោះបីជា​រាជរដ្ឋាភិបាល​ប្រឹងប្រែង​ធ្វើការ​សម្រាប់​ប្រទេស​ជាតិ​ឲ្យ​មានការ​រីក​ចម្រើន​ តែ​បក្ស​ប្រឆាំង​នៅ​តែ​មាន​មហិច្ឆតា​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ ញុះញង់​ បង្ក​អរិភាព​ជាមួយ​ប្រទេស​ជិតខាង​ លើ​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​ ព្រមទាំង​ការ​ប្រមូលផ្ដុំ​ធ្វើ​បាតុកម្ម​ កូដកម្ម​ ទាមទារ​តវ៉ា​»​ ​ដែល​ត្រូវ​បាន​កាសែត​ Phnom​ penh​ post​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​ ទី​ ២០​ ឧសភា​ នេះ​។​

​លោក​បណ្ឌិត​ មាស​ នី​ ថា​ ការ​ថ្លែង​របស់​លោក​រដ្ឋមន្ដ្រី​នៃ​ក្រសួងការពារជាតិ​បែប​នេះ​ គឺជា​ការ​បង្ហាញ​ពី​ភាព​មិន​មាន​  អ​ព្យា​ក្រឹត្យ​របស់​កងទ័ព​ការពារ​ប្រទេស​ ដែល​អាច​បង្ក​ជា​ការ​ភ័យ​ខ្លាច​ទៅ​ដល់​ប្រជាពលរដ្ឋ​ ដែល​កត្ដា​នេះ​អាច​នាំ​ឱ្យ​គណបក្សកាន់អំណាច​កាន់តែ​ធ្លាក់​ប្រជាប្រិយ៍ភាព​ទៅ​វិញ​ទេ​។

​លោក​បណ្ឌិត​ មាស​ នី​ ក៏​បាន​បញ្ជាក់​ទៀត​ថា​ បើ​គិត​ពី​លទ្ធិ​ភាព​របស់​គណបក្សប្រឆាំង​ គឺ​គ្មាន​លទ្ធភាព​អ្វី​ទាំងអស់​ទៅ​ធ្វើការ​ផ្ដួលរំលំ​រដ្ឋាភិបាល​បាន​ទេ​ ព្រោះ​គណបក្ស​នេះ​ មិន​មាន​អ្វី​ជា​សំអាង​ក្រៅ​តែ​ពី​ការ​គាំទ្រ​របស់​ពលរដ្ឋ​ ដែល​រង​ចាំ​ការ​បោះ​ឆ្នោត​ប៉ុណ្ណោះ​។​

​លោក​បណ្ឌិត​ មាស​ នី៖​«​កាលណា​និយាយ​ពី​ផ្ដួលរំលំ​លុះត្រាតែ​មាន​មនុស្ស​រាប់​លាន​នាក់​ និង​ មាន​កម្លាំង​កងទ័ព​ទ្រង់ទ្រាយ​ធំ​ដោយ​ចូល​វាយលុក​បណ្ដេញ​រាជរដ្ឋាភិបាល​ចេញ​តែ​ម្ដង​ហ្នឹង​បាន​គេ​ហៅ​ផ្ដួលរំលំ​»​។​

​ជាមួយ​គ្នា​នេះ​ដែរ​ លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​លើក​ឡើង​ថា​ បើ​គ្រាន់តែ​បក្ស​ប្រឆាំង​ សង្គម​ស៊ី​វិល​ និង​ប្រជាពលរដ្ឋ​ធ្វើការ​តវ៉ា​និយាយ​ពី​រឿង​ព្រំដែន​ បែរជា​ចោទប្រកាន់​ថា​ជា​ទ​ង្វើ​ ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល​ដែរ​នោះ​វា​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ​។​

​លោក​បញ្ជាក់​ថា​ ក្នុង​នាម​ជា​រដ្ឋមន្ដ្រី​ការពារ​ជាតិ​ ត្រូវ​គិត​ថា​កងទ័ព​គឺជា​ស្ថាប័ន​ឯករាជ្យ​អ​ព្យា​ក្រឹត្យ​ មិន​ចូល បក្ស​សម្ព័ន្ធ​ណាមួយ​នោះ​ឡើយ​ ហើយ​បើសិនជា​ក្នុង​នាម​មន្ដ្រី​កំពូល​របស់​ជាតិ​ ថ្លែង​ដូចនេះ​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​មើលឃើញ​ពី​ជំហ​លំអៀង​របស់​ខ្លួន​ដែល​ជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​ដែល​កំពុង​រង​គ្រោះ​ស្រាប់​នា​ពេល​នេះ​ផង​ដែរ​។​

​លោក​សាស្ដ្រាចារ្យ​ សូ​ ច​ន្ថា៖​«​ប្រសិនបើ​គ្រាន់តែ​និយាយ​រឿង​ជាតិ​បែរជា​ចោទប្រកាន់​ថា​ចង់​ផ្ដួលរំលំ​រាជរដ្ឋា ភិបាល​ខ្ញុំ​គិត​ថា​វា​មិន​បាន​ឆ្លុះ​ប​ញ្ជាំ​ង​ពី​អ្នក​ដែល​ជាតិនិយម​ ឬ​ក៏​ស្នេហា​ជាតិ​នោះ​ទេ​»​។​

​វិទ្យុ​ស្ដ្រី​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​នោះ​ទេ​ នៅ​ថ្ងៃ​សុក្រ​ ទី​ ២០​ ឧសភា​នេះ​។​
​ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ យឹ​ម​ សុវណ្ណ​បាន​ថ្លែង​តាម​រយៈ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​ «​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​គឺ​មិន​ល្មើសច្បាប់​ទេ​តែ​វា​ជា​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​និង​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ​ »​។​

Share

Image
Image
Image