ភ្នំពេញ៖ ក្រោយពីរដ្ឋមន្ដ្រីក្រសួងការពារជាតិបានថ្លែងកាលពីថ្ងៃទី ១៩ ឧសភា ម្សិលមិញថា គណបក្សប្រឆាំងតែង តែមានគោលបំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយបង្កជាការប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម កូដកម្ម ឬទាមទារតវ៉ាផ្សេងៗ បូករួមនឹងការធ្វើឲ្យមានអរិយភាព ដោយលើកយករឿងព្រំដែន វៀមណាមមកនិយាយផងនោះ ក្រុមអ្នកវិភាគនយោបាយលើកឡើងថា គណបក្សប្រឆាំងមិនអាចផ្តួល រំលំរដ្ឋាភិបាលបានឡើយ។
ក្រុមអ្នកវិភាគបាននិយាយដូចៗគ្នាថា ត្រឹមតែការប្រមូលផ្ដុំសម្ដែងមតិ ដើម្បីទាមទាររកយុត្ដិធម៌សង្គម និងក្ដីបារម្ភរបស់ខ្លួនជុំវិញបញ្ហាទឹកដីនៃប្រទេសជាតិ មិនអាចចាត់ទុកជាទង្វើផ្ដួលរំលំរាជរដ្ឋាភិបាលឡើយ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត មាស នី បានពន្យល់ថា ពាក្យថាផ្ដួលរំលំគឺមានអត្ថន័យយ៉ាងធំធេងណាស់ ហើយមិនមែនមនុស្សត្រឹមពី ឬបីរយនាក់អាចបង្កជាភាពអសកម្មឲ្យមានចលនាផ្ដួលរំលំរាជរដ្ឋាភិបាលបានដោយងាយៗនោះឡើយ។
ការលើកឡើងរបស់លោកបណ្ឌិត មាស នី ដូចនេះ ព្រោះតែកាលពីថ្ងៃទី ១៩ ឧសភា ម្សិលមិញ លោកឧប នាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងនៅចំពោះមុខមន្ដ្រីយោធាប្រហែល ១០០០នាក់ ក្នុងអំឡុងពេលសម្ពោធបន្ទប់ប្រជុំនៅសាកលវិទ្យាល័យការពារជាតិ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញថា«ទោះបីជារាជរដ្ឋាភិបាលប្រឹងប្រែងធ្វើការសម្រាប់ប្រទេសជាតិឲ្យមានការរីកចម្រើន តែបក្សប្រឆាំងនៅតែមានមហិច្ឆតាផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ញុះញង់ បង្កអរិភាពជាមួយប្រទេសជិតខាង លើបញ្ហាព្រំដែនកម្ពុជាវៀតណាម ព្រមទាំងការប្រមូលផ្ដុំធ្វើបាតុកម្ម កូដកម្ម ទាមទារតវ៉ា» ដែលត្រូវបានកាសែត Phnom penh post ចុះផ្សាយនៅថ្ងៃសុក្រ ទី ២០ ឧសភា នេះ។
លោកបណ្ឌិត មាស នី ថា ការថ្លែងរបស់លោករដ្ឋមន្ដ្រីនៃក្រសួងការពារជាតិបែបនេះ គឺជាការបង្ហាញពីភាពមិនមាន អព្យាក្រឹត្យរបស់កងទ័ពការពារប្រទេស ដែលអាចបង្កជាការភ័យខ្លាចទៅដល់ប្រជាពលរដ្ឋ ដែលកត្ដានេះអាចនាំឱ្យគណបក្សកាន់អំណាចកាន់តែធ្លាក់ប្រជាប្រិយ៍ភាពទៅវិញទេ។
លោកបណ្ឌិត មាស នី ក៏បានបញ្ជាក់ទៀតថា បើគិតពីលទ្ធិភាពរបស់គណបក្សប្រឆាំង គឺគ្មានលទ្ធភាពអ្វីទាំងអស់ទៅធ្វើការផ្ដួលរំលំរដ្ឋាភិបាលបានទេ ព្រោះគណបក្សនេះ មិនមានអ្វីជាសំអាងក្រៅតែពីការគាំទ្ររបស់ពលរដ្ឋ ដែលរងចាំការបោះឆ្នោតប៉ុណ្ណោះ។
លោកបណ្ឌិត មាស នី៖«កាលណានិយាយពីផ្ដួលរំលំលុះត្រាតែមានមនុស្សរាប់លាននាក់ និង មានកម្លាំងកងទ័ពទ្រង់ទ្រាយធំដោយចូលវាយលុកបណ្ដេញរាជរដ្ឋាភិបាលចេញតែម្ដងហ្នឹងបានគេហៅផ្ដួលរំលំ»។
ជាមួយគ្នានេះដែរ លោក សូ ចន្ថា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយលើកឡើងថា បើគ្រាន់តែបក្សប្រឆាំង សង្គមស៊ីវិល និងប្រជាពលរដ្ឋធ្វើការតវ៉ានិយាយពីរឿងព្រំដែន បែរជាចោទប្រកាន់ថាជាទង្វើ ចង់ផ្ដួលរំលំរដ្ឋាភិបាលដែរនោះវាជារឿងមិនត្រឹមត្រូវទេ។
លោកបញ្ជាក់ថា ក្នុងនាមជារដ្ឋមន្ដ្រីការពារជាតិ ត្រូវគិតថាកងទ័ពគឺជាស្ថាប័នឯករាជ្យអព្យាក្រឹត្យ មិនចូល បក្សសម្ព័ន្ធណាមួយនោះឡើយ ហើយបើសិនជាក្នុងនាមមន្ដ្រីកំពូលរបស់ជាតិ ថ្លែងដូចនេះអាចធ្វើឲ្យពលរដ្ឋមើលឃើញពីជំហលំអៀងរបស់ខ្លួនដែលជាហេតុបង្កឲ្យមានការភ័យខ្លាចដល់ពលរដ្ឋដែលកំពុងរងគ្រោះស្រាប់នាពេលនេះផងដែរ។
លោកសាស្ដ្រាចារ្យ សូ ចន្ថា៖«ប្រសិនបើគ្រាន់តែនិយាយរឿងជាតិបែរជាចោទប្រកាន់ថាចង់ផ្ដួលរំលំរាជរដ្ឋា ភិបាលខ្ញុំគិតថាវាមិនបានឆ្លុះបញ្ជាំងពីអ្នកដែលជាតិនិយម ឬក៏ស្នេហាជាតិនោះទេ»។
វិទ្យុស្ដ្រី មិនអាចសុំការឆ្លើយតបពីគណបក្សសង្គ្រោះជាតិបាននោះទេ នៅថ្ងៃសុក្រ ទី ២០ ឧសភានេះ។
ប៉ុន្តែអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណបានថ្លែងតាមរយៈកាសែតភ្នំពេញប៉ុស្តិ៍ថា «សកម្មភាពរបស់គណបក្សសង្គ្រោះជាតិទាំងអស់គឺមិនល្មើសច្បាប់ទេតែវាជាសេរីភាពនៃការបញ្ចេញមតិ ក្នុងប្រទេសប្រជាធិបតេយ្យនិងអនុលោមតាមរដ្ឋធម្មនុញ្ញប៉ុណ្ណោះ »។