ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធ បានធ្វើការអំពាវនាវ និងទទួចដល់ សិស្ស និស្សិត និងបុគ្គលិកអប់រំទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពគ្រប់ពេលធ្វើដំណើរ ដើម្បីចូលរួមកាត់បន្ថយអត្រាស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមការទីភ្នាក់សារព័ត៌មាន AKP។
យោងតាម AKP បានស្រង់សម្ដីលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ថ្លែងក្នុងសិក្ខាសាលាស្ដីពី ការពង្រឹងការពាក់មួកសុវត្ថិភាព ក្នុងចំណោមសិស្ស និស្សិត និងបុគ្គលិកអប់រំនៅកម្ពុជា បានលើកឡើងថា កាលពីខែមីនា ក្រសួងអប់រំបានបង្កើតគណៈកម្មាការថ្នាក់បឋមសិក្សា អនុវិទ្យា ល័យ វិទ្យាល័យ និងឧត្ដមសិក្សាស្ដីពីការណែនាំ ត្រួតពិនិត្យ វាយតម្លៃ ក្នុងការអនុវត្តច្បាប់ចរាចរណ៍ នឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ជាមួយគ្នានេះ ផែនការសកម្មភាពជាតិរបស់ក្រសួងអប់រំស្ដីពី ការពង្រឹងការពាក់មួកសុវត្ថិភាពសម្រាប់សិស្សានុសិស្ស និងបុគ្គលិកអប់រំ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការពាក់មួកសុវត្ថិភាព នឹងចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍សំដៅកាត់បន្ថយការរងរបួសក្បាល និងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។ ចំពោះ ផែនការសកម្មភាពនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះមួយសម្រាប់ប្រើប្រាស់ជាផ្លូវការដោយមន្ត្រី បុគ្គលិកវិស័យអប់រំគ្រប់លំដាប់ថ្នាក់ សំដៅការពារធនធានមនុស្សសម្រាប់ប្រទេសកម្ពុជា។
បើតាមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដដែល ៖«ក្នុងឆ្នាំ២០១៦នេះ គឺជាពេលវេលាដ៏សំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា ដែលត្រូវធ្វើការពង្រឹងកិច្ចខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយការស្លាប់ និងការរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសសិស្ស និស្សិត ត្រូវចូលរួមពាក់មួកសុវត្ថិភាពបានគ្រប់ៗគ្នា ក្នុងពេលធ្វើដំណើរ»។
យោងតាមរបាយការណ៍សិក្សារបស់អគ្គស្នងការនគរបាលជាតិ ឆ្នាំ២០១៥កន្លងទៅ ចំនួនសិស្ស និស្សិត និងបុគ្គលិកអប់រំជិត ៣០០ នាក់បានស្លាប់ និងជាង១ពាន់នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍៕