en     km
en     km

ព្រះពុទ្ធសាសនា៖ បុណ្យវិសាខបូជា

Share

ភ្នំពេញ៖ វិសាខបូជា គឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជាបានចាត់ទុក ជាបុណ្យ ជាតិ។ ជាងនេះទៀត  ប្រទេសជិត ២០០ ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ បានអនុម័ត និង ទទួលស្គាល់ វិសាខបូជា ជាបុណ្យអន្តរជាតិ កាលពីឆ្នាំ១៩៩៩ ។

visakboche
រូបព្រះពុទ្ធ

 ពិធីបុណ្យវិសាខបូជា ប្រារព្ធឡើងដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន ៣ ដែលទាក់ទងនឹង ព្រះ សមា្មសម្ពុទ្ធ។ ព្រឹត្តិការណ៍ទាំងនោះ គឺ ការប្រសូត ការត្រាស់ដឹង និងការចូលនិព្វានរបស់ព្រះសមា្មសម្ពុទ្ធ​។

ព្រះពុទ្ធ មានព្រះនាមដើមថា សិទ្ធត្ថ (អានថា សិត-ធ័ត) ដែលជាព្រះរាជបុត្រារបស់ព្រះនាង សិរិមហាមាយា និងព្រះបាទសុទ្ធោទនៈ។ ព្រះអង្គ ត្រូវបានគេហៅព្រះនាមជាច្រើនទៀត ដូចជា ព្រះសម្មាសម្ពុទ្ធ,       ព្រះសមណគោតម, ព្រះជិនស្រី, ព្រះសក្យមុនី, ព្រះបរមគ្រូ, ព្រះសាស្តា ជាដើម។

ព្រះអង្គ ទ្រង់ប្រសូតនៅថ្ងៃសុក្រពេញបូណ៌មី ខែវិសាខ មុនគ្រិស្តសករាជចំនួន ៦២៣ ឆ្នាំ។ នៅពេលមាន ព្រះជន្ម ២៩ព្រះវស្សា ព្រះសិទ្ធត្ថ បានយាងទៅសាងផ្នួស។ ក្រោយពីក្លាយខ្លួនជាអ្នកបួសអស់រយៈពេល ៦ឆ្នាំ ព្រះអង្គក៏បានត្រាស់ដឹង កា្លយជាព្រះពុទ្ធ នៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ នាវេលាទៀបភ្លឺ។

ព្រះបរមគ្រូនៃយើង ទ្រង់ចូលបរិនិព្វាន នៅថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ នៅពេលដែលព្រះអង្គមាន ព្រះជន្ម ៨០ ព្រះវស្សា។ រហូតមកដល់ពេលនេះ ព្រះសក្យមុនី បានរលត់សង្ខារអស់រយៈពេល ២៥៦០ ឆ្នាំ ហើយ។

គេសង្កេតឃើញថា ព្រះសាស្តា ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន ក្នុងថ្ងៃ១៥កើត ពេញបូណ៌មី ខែវិសាខ ដូចគ្នា គឺខុសតែឆ្នាំប៉ុណ្ណោះ៕

Share

Image
Image
Image