ភ្នំពេញ ៖ ប្រជាសហគមន៍ស្ទឹងមានជ័យ ដែលធ្លាប់តែសម្តែងការព្រួយបារម្មណ៍ពីការបណ្តេញចេញពីមាត់ប្រទ្បាយស្ទឹងមានជ័យ នៅពេលនេះបានសប្បាយចិត្តទ្បើងវិញ បន្ទាប់ពីតំណាងស្ថាប័នរដ្ឋចំនួន២ អះអាងថា នឹងយកបញ្ហាដែលពួកគេព្រួយបារម្មណ៍នោះ ទៅពិភាក្សាជាមួយថ្នាក់ដឹកនាំស្ថាប័នរបស់ខ្លួន ។ ការជឿជាក់បែបនេះ បន្ទាប់ពីសហគមន៍ស្ទឹងមានជ័យប្រមាណជា២០រូប បានជួបពិភាក្សាជាមួយខាងតំណាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់កាលពីព្រឹកថ្ងៃទី ១៩ឧសភា នេះ ។
ប្រជាសហគមន៍ស្ទឹងមានជ័យចំនួន ៨ សហគមន៍បានបង្ហាញក្តីសង្ឃឹម ជុំវិញផែនការអភិវឌ្ឍន៍តំបន់មាត់ប្រទ្បាយស្ទឹងមានជ័យរបស់ពួកគេនៅនឹងកន្លែង ។ ចំពោះជំនឿចិត្តនេះបន្ទាប់ពីពួកគេបានទៅជួបពិភាក្សាជាមួយតំណាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងខាងតំណាងសាលារាជធានីភ្នំពេញ ដែលអះអាងថានឹងយកបញ្ហាពួកគេទៅដោះស្រាយ ។
គណៈកម្មការសហគមន៍ព្រះច័ន្ទក្រហមប្រចាំសហគមន៍ស្ទឹងមានជ័យ អ្នកស្រី ហន សុខនបានលើកទ្បើងថានាពេលកន្លងមកនេះសហគន៍ស្ទឹងមានជ័យ បានសម្តែងការព្រួយបារម្មណ៍ចំពោះការបណ្តេញចេញនៅថ្ងៃអនាគត ។ ការព្រួបារម្មណ៍័នោះខណៈដែលពួកគេទទួលបានព័ត៌មានថា អភិបាលរាជធានីភ្នំពេញនឹងធ្វើការអភិវឌ្ឍន៍តំបន់មាត់ប្រទ្បាយស្ទឹងមានជ័យ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ទៅដល់ការផ្លាស់ប្តូរលំនៅស្ថានរបស់ពួកគាត់ ។ ប៉ុន្តែបច្ចុប្បន្ននេះ អ្នកស្រីមិនសូវមានការព្រួយបារម្មណ៍ដូចពីមុនទៀតនោះទេ ។ មិនសូវមានការព្រួយបារម្មណ៍ដោយអ្នកស្រីអះអាងថា ស្ថាប័នរដ្ឋចំនួន២ រួមមានក្រសួងរៀបចំដែនដីនគរូបនីយកម្ម នឹងសំណង់ និងសាលារាជធានីភ្នំពេញ នឹងយកសំណូមពររបស់ពួកគាត់ ទៅពិភាក្សាជាមួយថ្នាក់ដឹកនាំស្ថាប័នរបស់ខ្លួន។ «ការព្រួយបារម្មណ៍យើងកាត់បន្ថយហើយ ការលើកមុនយើងព្រួយបារម្មណ៍ខ្លាំងចា ឥលូវចេញលទ្ធផលភាគច្រើនគឺយើងមានសង្ឃឹមដល់៧០%ដោយសារអី ដោយសារតែឯកឧត្តមទេសរដ្ឋមន្ត្រីថ្មីគឺគាត់ច្រើនមានដំណោះស្រាយជាមួយប្រជាពលរដ្ឋល្អៗ..» ។
រីឯសមាជិកសហគមន៍ស្ទឹងមានជ័យកញ្ញា ប៉ូ ចន្ថន ក៏មានជំនឿដូចអ្នកស្រី ហន សុខន ផងដែរថា ស្ថាប័នរដ្ឋទាំង២ខាងលើ នឹងយកផែនការអភិវឌ្ឍន៍តំបន់មាត់ប្រទ្បាយស្ទឹងមានជ័យនៅនឹងកន្លែងទៅពិភាក្សា ជាពិសេសផ្តល់ទៅតាមសំណូមពររបស់ពួកគាត់ ។ កញ្ញា ប៉ូ ចន្ថន បន្តទៀតថា ប្រជាសហគមន៍ស្ទឹងមានជ័យបានដាក់សំណើចំនួន៣ចំនុចទៅកាន់ក្រសួងរៀបចំដែនដីនគូរូបនីយកម្ម និងសំណង់ និងសាលារាជធានីភ្នំពេញ ប៉ុន្តែបើស្ថាប័នទាំង២ខាងលើ ក៏ដូចជារដ្ឋាភិបាលមិនដោះស្រាយតាមសំណូមពររបស់ប្រជាសហគមន៍ស្ទឹងមានជ័យទេនោះ ពួកគាត់នឹងបន្តទាមទារដោយសន្តិភាពទៅកាន់ស្ថាប័នពាក់ព័ន្ធបន្តទៀតរហូតទាល់មានដំណោះស្រាយ សមស្របទៅតាមការស្នើរបស់ប្រជាសហគមន៍ស្ទឹងមានជ័យ។ ដោយសំណើរទាំងនោះរួមមាន «ទី០១សូមឱ្យមានការអភិវឌ្ឍន៍នៅនឹងកន្លែង ទី០២សូមឱ្យខាងសាលាក្រុងក៏ដូចជាក្រសួងពាក់ព័ន្ធនិងខាងរាជរដ្ឋាភិបាលរៀបចំឱ្យខាងហេដ្ឋារចនាសម្ព័ន្ធ ទី០៣សូមឱ្យមានបណ្ណកម្មសិទ្ធិដោយស្របច្បាប់..» ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាស ចាន់យ៉ាដា បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថាក្រុមជំនាញរបស់សាលារាជធានីភ្នំពេញ បានជួបជាមួយនឹងប្រជាសហគមន៍ស្ទឹងមានជ័យទាំង៨សហគមន៍រួចមកហើយ។ លោក មាស ចាន់យ៉ាដាបន្តថា សំណើររបស់ប្រជាសហគមន៍ក៏បានបញ្ជូនទៅអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស រួចរាល់ផងដែរ ប៉ុន្តែលោកមិនទាន់អាចកំណត់បានថាសាលារាជធានីនឹងមានចំណាត់ការយ៉ាងណានោះទេជុំវិញសំណូមពរបស់ពួកគេនោះ ដោយរង់ចាំពិនិត្យពិភាក្សាគ្នាជាមុនសិន ។ «ក្រុមជំនាញរបស់យើងបានជួបជាមួយ នឹងខាងគាត់ដើម្បីក្តាប់អំពីសំណូមពរហើយនឹងសំណើររបស់គាត់ ហើយឥលូវសំណូមពរនឹងសំណើររបស់គាត់ហ្នឹងយើងបានដាក់ជូនឯកឧត្តមអភិបាលរាជធានីភ្នំពេញដើម្បីឱ្យគាត់ពិនិត្យ..» ។
សូមបញ្ជាក់ថាប្រជាសហគមន៍ស្ទឹងមានជ័យដែលរកអន្តរាគមន៍ពី ស្ថាប័នរដ្ឋចំនួន២ រួមមាន ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងសាលាក្រុងជុំវិញផែនការអភិវឌ្ឍន៍តំបន់មាត់ប្រទ្បាយស្ទឹងមានជ័យនៅនឹងកន្លែងរបស់ពួកគេនោះ ទទួលបានផលវិជ្ជមានច្រើនដោយសារតែស្ថាប័នទាំង២សុទ្ធតែសន្យាថានឹងយកសុំណូមពររបស់ពួកគេទៅពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់ខ្លួន ៕