ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បដិសេធចំពោះរបាយការណ៍របស់អង្គការ លីកាដូ( LICADHO ) ដែលបានចេញផ្សាយនាពេលថ្មីៗនេះថា ចំនួនអ្នកទោសនយោបាយដែលបានជាប់ពន្ធនាគារនៅក្នុងប្រទេសកម្ពុជា កាន់តែមានការកើនទ្បើងយ៉ាងខ្លាំង ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះលើកឡើងថា កម្ពុជាគ្នានអ្នកទោសនយោបាយនោះទេ ។ លោក ជួន សារ៉េត រាយការណ៍ពីព័ត៌មាននេះ!
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាពបានច្រានចោលចំពោះការលើកទ្បើងរបស់អង្គការលីកាដូថា កម្ពុជាមានការកើនទ្បើងចំនួនអ្នកទោសនយោបាយ ។ លោកបញ្ជាក់បានថា កម្ពុជាគ្មានអ្នកទោសនយោបាយម្នាក់នោះទេ នៅក្នុងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំងអស់ទូទាំងប្រទេស គឺមានតែអ្នកជាប់ឃុំក្នុងបទចោទប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌប៉ុណ្ណោះ ។ លោកគឹម សន្តិភាព បញ្ជាក់ទៀតថា អង្គការលីកាដូ កំពុងដើរចេញឆ្ងាយពីវិជ្ជាជីវៈ និងលក្ខន្តិកៈរបស់ខ្លួនហើយ ។
នាពេលថ្មីៗនេះអង្គការលីកាដូ បានចេញផ្សាយរបាយការណ៍ថា ចាប់តាំងពីខែឧសភា ឆ្នាំ២០១៥មក ការបំភិតបំភ័យរបស់រាជរដ្ឋាភិបាលមកលើអ្នករិះគន់ គឺមានលក្ខណៈកាន់តែធ្ងន់ធ្ងរទ្បើង ។ ហើយចំនួនអ្នកទោសនយោបាយដែលបានជាប់ពន្ធនាគារនៅក្នុងប្រទេសកម្ពុជា កាន់តែមានការកើនទ្បើងយ៉ាងខ្លាំង នៅពេលដែលអាជ្ញាធរកាន់តែប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌដើម្បីបំបិទសំទ្បេងមតិរិះគន់ ។
នៅក្នុងរបាយការណ៍នោះបានបន្តថា ក្នុងចំណោមអ្នកទោសទាំងអស់នោះ មនុស្សមួយចំនួនគឺជាអ្នកធ្វើយុទ្ធនាការផ្នែកបរិស្ថាន ព្រះសង្ឃ សិស្ស-និស្សិត សកម្មជន សមាជិករដ្ឋសភា និងព្រឹទ្ធសភាមកពីគណបក្សជំទាស់ និងអ្នកធ្វើការងារផ្នែកសិទ្ធិមនុស្ស ។ អ្នកទាំងអស់នោះត្រូវបានគេឃុំ ដោយផ្អែកលើបទលើ្មសព្រហ្មទណ្ឌជាច្រើនខុសៗគ្នា ប៉ុន្តែជារួមការជាប់ឃុំរបស់អ្នកទាំងនោះ បង្ហាញពីការរឹតបន្តឹងលើផ្នែកនយោបាយកាន់តែខ្លាំងទ្បើងៗក្នុងប្រទេសកម្ពុជា ។
បន្ទាប់ពីមានរបាយការណ៍របស់អង្គការលីកាដូចេញផ្សាយថា កម្ពុជាមានការកើនទ្បើងចំនួនអ្នកទោសនយោបាយហើយនោះ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាពក៏បានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកថា អង្គការលីកាដូ(Licadho) កំពុងដើរចេញឆ្ងាយពីវិជ្ជាជីវៈ និងលក្ខន្តិកៈរបស់ខ្លួន ។
លោក គឹម សន្តិភាព បន្តថាក្នុងក្រមព្រហ្មទណ្ឌ ក៏ដូចជាច្បាប់ព្រហ្មទណ្ឌពិសេសដទៃទៀតរបស់កម្ពុជាគ្មានមាត្រាណាមួយចែងអំពីអំពើ ដែលជាបទល្មើសនយោបាយនោះទេ ដោយលោកបានចោទជាសំនួរទៅអង្គការលីកាដូថា តើអង្គការលីកាដូបង្កើតរបាយការណ៍របៀបនេះទ្បើងក្នុងចេតនាអ្វីពិតប្រាកដ? លោកក៏បានស្នើឱ្យអង្គការលីកាដូ ពិនិត្យមើលច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទ្បើងវិញជាពិសេសមាត្រា២៤ និងមាត្រា៣០ ដោយសូមឱ្យអង្គការលីកាដូរក្សានូវជំហរ និងអនុវត្តវិជ្ជាជីវៈរបស់ខ្លួនឱ្យបានច្បាស់លាស់ក្នុងនាមជា NGO ។
ជុំវិញបញ្ហានេះ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា បានមានប្រសាសន៍ថា អ្នកនយោបាយនៅក្នុងប្រទេសកម្ពុជាកំពុងតែមានបញ្ហាប្រឈមទៅនឹងការចោទប្រកាន់ផ្នែកនយោបាយ ដោយបង្វែរទោសនយោបាយទៅជាទោសព្រហ្មទណ្ឌផ្សេងៗ។ សាស្ត្រាចារ្យសូ ចន្ថា បន្តថា អ្នកវិភាគ ឬក្រុមអង្គការសង្គមស៊ីវិលដែលបានរិះគន់ទៅលើរាជរដ្ឋាភិបាលតែងតែប្រឈមខ្លាំងជាមួយភាគី រដ្ឋាភិបាលដែលជាគន្លងដើរផ្ទុយពីគន្លងប្រជាធិបតេយ្យឬនីតិរដ្ឋជាដើម។ «ខ្ញុំគិតថាបើសិនជារដ្ឋាភិបាលបន្តបង្វែរទោសនយោបាយឬក៏ទោសផ្សេងៗទៅជាទោសព្រហ្មទណ្ឌ សម្រាប់អ្នកនយោបាយនោះខ្ញុំគិតថាអ្នកដែលនឹងត្រូវជាប់ទោសនឹងកើនទ្បើងបន្តទៀត ហើយអ្វីដែលបញ្ហាចោទគឺសេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការគិតរបស់ពលរដ្ឋត្រូវបានរឹតត្បិត.. » ។
សាស្ត្រាចារ្យ សូ ចន្ថា ទទូចឱ្យរដ្ឋាភិបាលត្រូវអនុវត្តច្បាប់ឱ្យបានពេញលេញដោយផ្តល់សេរីភាពទៅដល់ប្រជាពលរដ្ឋទូទៅ មិនថាអ្នកនយោបាយឬប្រជាពលរដ្ឋសាមញ្ញនោះទេ ត្រូវតែផ្តល់ឱកាសឱ្យពួកគេបានបញ្ចេញមតិរិះគន់ក្នុងន័យស្ថាបនា ជាពិសេសមិនត្រូវបង្វែរស្ថានភាពទោសអ្នកនយោបាយទៅជាទោសព្រហ្មទណ្ឌនោះទេ ព្រោះការបន្តធ្វើដូចនេះនឹងធ្វើឱ្យសង្គមកាន់តែមានអ្នកទោសកាន់តែច្រើននៅក្នុងសង្គមកម្ពុជា ។
បើយោងតាមរបាយការណ៍របស់អង្គការលីកាដូ ដែលបានចុះផ្សាយនាពេលថ្មីៗនេះបានឱ្យដឹងថា ចាប់ពីខែឧសភា ឆ្នាំ២០១៥ រហូតមកដល់ខែឧសភា ឆ្នាំ២០១៦នេះមានចំនួនអ្នកទោសនយោបាយនៅក្នុងប្រទេសកម្ពុជាចំនួន២៩រូបហើយ ។ អ្នកទាំងអស់នោះ ត្រូវបានគេឃុំដោយផ្អែកលើបទល្មើសព្រហ្មទណ្ឌជាច្រើនខុសៗគ្នា ៕