en     km
en     km

លោក​ ​ម៉​ម​​ សូណ​ង់​ដូ​ ​ដាក់​​លិខិត​​ទៅ​​សាលា​​រាជ​ធានី​​ភ្នំពេញ​​សុំ​​ធ្វើ​​បាតុ​កម្ម​​នៅ​ថ្ងៃ​ទី​​ ៩​ខែ​ក​ក្តដា​

Share

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​ ១៨​ ឧសភា​ម្សិលមិញ​ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ ប្រជាធិបតេយ្យ​បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​សុំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​មន្ត្រី​អា​ដ​ហុ​ក​៤​រូប​ និង​មន្ត្រី​ គ​.​ជ​.​ប​ ១​រូប​ដែល​កំពង់​ជាប់​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ ។​ លម្អិត​ព័ត៌មាន​ដោយ​លោក​ សាក់​ សំណាង​ ៖

 

Momsonungdo1
ប្រធាន​គណៈបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ លោក​ ម៉​ម​ សូណ​ង់​ដូ៕ រូបភាព ៖ Facebook គណៈបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ

​ប្រធាន​គណៈបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ លោក​ ម៉​ម​ សូណ​ង់​ដូ​ បាន​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​ស្នើ​សុំ​ធ្វើ​បាតុកម្ម​ នៅ​ថ្ងៃ​ទី​៩​ខែ​ក​ក្ត​ដា​ ឆ្នាំ​២០១៦​ ខាង​មុន​ ។​ ការ​ធ្វើ​បាតុកម្ម​នេះ​ គឺ​ដើម្បី​ទាមទារ​អោយធ្វើ​ការ​ពិចារណា​ និង​ដោះ​លែង​មន្ត្រី​សមាគម​អា​ដ​ហុ​ក​ ៤​រូប​ និង​អគ្គលេខាធិការ​ គ​.​ជ​.​ប​ ១​រូប​ ឱ្យ​រួច​ផុត​ពី​ការ​ឃុំឃាំង​ ។​​

​លោក​ ម៉​ម​ សូណ​ង់​ដូ​ បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​ស្ត្រី​ នៅ​ថ្ងៃ​ទី​១៩​ខែឧសភា​ នេះ​ថា​មន្ត្រី​អង្គការ​អា​ដ​ហុ​ក​ ដែល​ត្រូវ​តុលាការ​ចោទប្រកាន់​ និង​ឃុំខ្លួន​ទាំងនោះ​ គួរតែ​ត្រូវ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​ ព្រោះ​លោក​សង្កេត​ឃើញ​ថា​ ពួក​គេ​មិន​មាន​កំហុស​អ្វី​នោះ​ឡើយ​ ។​ លោក​បាន​បន្ត​ថា​ សមាគម​ន​អា​ដ​ហុ​ក​ ជា​អង្គការ​មួយ​ ដែល​ធ្វើការ​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ និង​តែងតែ​ជួយ​ពលរដ្ឋ​នៅ​ពេល​ដែល​មានការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​ណាមួយ​ ។​ លោក​ ម៉​ម​ សូណ​ង់​ដូ​ សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​ឃុំខ្លួន​នេះ​ ដោយ​លោក​គិត​ថា​ មិន​សម​ហេតុផល​ឡើយ​ ។​ «​អ្នក​ខុស​ក៏​មាន​សិទ្ធិ​ អ្នក​ត្រូវ​ក៏​មាន​សិទ្ធិ​ ហើយ​ជំហរ​របស់​អង្គការក្រៅរដ្ឋាភិបាល​របស់​អង្គការ​អា​ដ​ហុ​ក​ហ្នឹង​គឺ​ចេះ​តែ​រត់​ចុះ​រត់ឡើង​ ឱ្យ​បាន​ស្រួល​ទាំងអស់​គ្នា​ប៉ុន​ពេល​ណា​មិន​បាន​ស្រួល​ទាំងអស់​គ្នា​ វា​មាន​អ្នក​ទៅ​ពឹង​គាត់​ហើយ​មក​ប្តឹង​គាត់​អាហ្នឹង​វា​មាន​បញ្ហា​»​ ។​​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក​ មាស​ ចាន់​យ៉ា​ដា​ មាន​ប្រសាសន៍​ថា​ សាលា​រាជធានី​បាន​ទទួល​បាន​លិខិតស្នើ​សុំ​ធ្វើ​បាតុកម្ម​របស់​ លោក​ ម៉​ម​ សូណ​ង់​ដូ​ រួច​ហើយ​តែ​លោក​ថា​ សាលា​រាជធានី​ភ្នំពេញ​ មិន​ទាន់​ឆ្លើយ​តប​យ៉ាងណា​នៅឡើយ​ទេ​ ដោយ​រង់ចាំ​ពិភាក្សា​ និង​សម្រេច​នៅ​ពេល​ក្រោយ​ ។​ «​ សាលា​រាជធានី​ភ្នំពេញ​នឹង​អ​ញ្ញើញ​លោក​ ម៉​ម​ សូណ​ង់​ដូ​ មក​ពិភាក្សា​អំពី​ដំណើរការ​រៀបចំ​ និង​គោលបំណង​នៃ​ការ​រៀបចំ​របស់​គាត់​ឱ្យ​បាន​ច្បាស់លាស់​នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​ ហើយ​ក្រោយ​ពី​ការ​ពិភាក្សា​នឹង​ទៅ​យើង​នឹង​សុំ​គោលការណ៍​សម្រេច​ពី​ថ្នាក់ដឹកនាំ​ ថា​តើ​យើង​ អនុញ្ញាត​ ឬ​មិន​អនុញ្ញាត​រង់ចាំ​ការ​ពិភាក្សា​នៅ​ពេល​ខាង​មុខ​នេះ​»​ ។​​

​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ លោក​ ម៉​ម​ សូណ​ង់​ដូ​ លើក​ឡើង​ថា​ប្រសិនបើ​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឱ្យ​ក្រុម​លោក​ ធ្វើ​បាតុកម្ម​ទេ​ នោះ​មាន​ន័យ​ថា​ រដ្ឋាភិបាល​មាន​បំណង​អាក្រក់​ មិន​ព្រម​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​របស់​ខ្លួន​ ។​ «​ ពូ​អត់​មាន​បំណង់​អី​ធ្វើ​ឱ្យ​ខុសច្បាប់​នោះ​ទេ​ ហើយ​បើសិន​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឱ្យធ្វើ​ គឺ​ពូ​ហ៊ាន​ចោទប្រកាន់​ថា​រដ្ឋាភិបាល​មាន​បំណង​អាក្រក់​ ហើយ​មិន​ព្រម​រក​យុ​តិ​ធ​ម៍​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ អ្វី​ដែល​ពូ​ធ្វើ​បាតុកម្ម​ហ្នឹង​តាម​ច្បាប់​ដែល​មាន​ចែង​ដោយ​សន្តិវិធី​ ហើយ​គោលដៅ​គឺ​ជំរាប​ដល់​ពលរដ្ឋ​និង​រដ្ឋាភិបាល​ឱ្យ​បាន​ជ្រាប់​ថា​ប្រជាពលរដ្ឋ​ទាំងអស់​មិន​ចង់បាន​អ្វី​ក្រៅពី​យុ​តិ​ធ​ម៍​ទេ​»​ ។​​

​លោក​ ម៉​ម​ សូណ​ង់​ដូ​ បញ្ជាក់​ទៀត​ថា​ ទីតាំង​នៃ​ការ​ធ្វើ​បាតុកម្ម​នេះ​ គឺ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ដែល​មាន​អ្នកចូលរួម​ប្រមាណ​២០០​នាក់​ ។​​

​សូម​បញ្ជាក់​ថា​ មន្ត្រី​អា​ដ​ហុ​ក​ទាំង​៤​រូប​ ដែល​ត្រូវ​ជាប់​ឃុំ​រួម​មាន​ លោក​ នី​ សុខា​ លោក​ យី​ សុខសាន្ត​ លោក​ ណៃ​ វង់​ដា​ និង​លោកស្រី​ លឹ​ម​ មុន្នី​ ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​ ចោទ​ពី​បទ​ «​សូកប៉ាន់​សាក្សី​»​ ហើយ​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ ពាក់ព័ន្ធ​រឿងរ៉ាវ​របស់​កញ្ញា​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ ។​ ចំណែក​ លោក​ នី​ ចរិយា​ អគ្គលេខាធិការ​រង​របស់​ គ​.​ជ​.​ប​ ត្រូវ​បាន​ចោទ​ពី​បទ​ «​សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី​»​ ហើយ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ភ្នំពេញ​(PJ)​  ជុំវិញ​ករណី​របស់​ស្រី​មុំ​ដូច​គ្នា​ ៕

Share

ព័ត៌មានទាក់ទង

Image