ភ្នំពេញ៖ សាលារាជធានីភ្នំពេញនឹងធ្វើពិធីដង្ហែព្រះបរមសារីរិកធាតុ ព្រះសម្មាសម្ពុទ្ធទៅតម្កល់នៅលើភ្នំព្រះរាជទ្រព្យ នាថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៦ ស្អែកនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ចុះផ្សាយនៅថ្ងៃទី ១៩ ឧសភានេះ។
បើតាមសេចក្តីជូនដំណឹងដដែល ក្នុងពិធីដង្ហែនេះ សាលារាជធានីនឹងកាត់ទម្លាក់ខ្សែកាបដែលនៅតាម តម្រាយផ្លូវប៉ះពាល់ពិធីដង្ហែក្បូន ដើម្បីឱ្យផ្លូវមានលក្ខណៈធំទូលាយ និងជួយសម្រួលដល់ចរាចរណ៍ពេល ធ្វើក្បូននេះ។ ក្បួនដង្ហែរនឹងចេញពីព្រះបរមរាជវាំង តាមវិថីព្រះនរោត្តម វិថីព្រះអង្គឌួង មហាវិថីព្រះមុនីវង្ស ឆ្លងកាត់ស្ពានជ្រោយចង្វារ ផ្លូវជាតិលេខ៦ ឆ្លងស្ពានព្រែកតាមាក់ និងស្ពានព្រែកក្តាម ឆ្ពោះទៅកាន់ព្រះមហាសក្សមុនីចេតីយ៍ភ្នំអដ្ឋរស្ស។
លើសពីនេះទៀត សាលារាជធានីតំរូវឱ្យអាជីវករ ក្រុមហ៊ុនឯកជន សា្ថបន័រដ្ឋ និងប្រជាពលរដ្ឋទាំងអស់ដែលមានខ្សែកាបបណ្តាយទទឹងផ្លូវត្រូវកាត់ចេញ និងពលរដ្ឋដែលដាក់តាំង ម៉ូតូ រថយន្ត និងគ្រឿងបន្លាស់ដែលមានតសំយ៉ាបផ្ទះ នៅជាប់ចិញ្ចើមផ្លូវត្រូវរៀបចំរុះរើសឡើងវិញ ដើម្បីឱ្យមានភាពងាយស្រួលក្នុងក្បួនដង្ហែព្រះបរមសារីរិកធាតុឱ្យកាន់តែប្រសើរឡើង ៕