ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី ១៧ មេសា បានផ្ញើលិខិតមួយច្បាប់ទៅកាន់អគ្គលេខាធិការអង្គការ សហប្រជាជាតិ (អ.ស.ប) ដោយបានស្នើសុំឲ្យអង្គការសហប្រជាជាតិ ជួយស្ដាលទ្ធិប្រជាធិប តេយ្យក្នុងប្រទេសកម្ពុជាឡើងវិញ ដោយបញ្ជាក់ថា ពេលនេះគណបក្សកាន់អំណាចកំពុងតែប្រើប្រាស់វិធីជាច្រើន ដើម្បីរំលាយគណបក្សប្រឆាំង។ ក៏ប៉ុន្ដែបក្សកាន់អំណាចថា ព្រោះតែបក្សប្រឆាំងខ្លួនឯងធ្វើខុស ច្បាប់ទើបបង្កឲ្យមានការចាប់ខ្លួន មិនមែនគណបក្សកាន់អំណាចគាបសង្កត់នោះទេ។ តែអ្នកវិភាគយល់ថា អ្នក នយោបាយនៅកម្ពុជាតែងប្រកាន់វប្បធម៌គុំគួនគ្នាដែលជាទង្វើមិនល្អ។
លិខិតរបស់គណបក្សប្រឆាំង ដែលមានតំណាងរាស្ត្រចំនួន៥៥រូបចុះហត្ថលេខា បានដាក់ជូនទៅលោក បាន គីមូន អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (អ.ស.ប) គឺមានសេចក្ដីទទូចឲ្យលោក គីមូន រួមនិងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ជួយអន្ដរាគមន៍ស្រោចស្រង់ដល់ការគោរពសិទ្ធិមនុស្សកម្ពុជាដែលកំពុងរងការគំរាមកំហែង។
លិខិតនេះបានបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចសព្វថ្ងៃ បានប្រើប្រាស់ស្ថាប័នសំខាន់ទាំងបីរបស់ប្រទេស រួមមាន អង្គការនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ដោយយកទៅប្រើប្រាស់ជាគំនៀបក្នុងបំណងរំលាយគណបក្សប្រឆាំង។
ជាការឆ្លើយតបលោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សកាន់អំណាចបានទាត់ចោលការរៀបរាប់របស់គណបក្សសង្គ្រោះជាតិដោយលោកថា ទាំងនេះមិនមែនជាការពិតឡើយ។
លោក សុខ ឥសាន្ដ បង្ហាញសុទិដ្ឋិនិយមថា អង្គការសហប្រជាជាតិមិនមានពេលមកយកចិត្ដទុកដាក់ក្នុងការដោះស្រាយរឿងផ្ទៃក្នុងរបស់ប្រទេសកម្ពុជាទេ ព្រោះរឿងដែលគណបក្សប្រឆាំងលើកឡើងគឺសុទ្ធតែខុសពីការពិត។
អ្នកនាំពាក្យរូបនេះក៏បានបញ្ជាក់ទៀតថា គណបក្សប្រឆាំងគួរតែមើលលើតួនាទីរបស់ស្ថានប័នរដ្ឋទាំងនោះឲ្យបានច្បាស់លាស់ជាមុនសិនចាំធ្វើការចោទប្រកាន់លើបក្សកាន់អំណាច ។ លោកថាស្ថាប័នទាំងនោះគឺធ្វើការតាមនីតិវិធីច្បាប់គឺមិនធ្វើតាមការបញ្ជារបស់បក្សប្រជាជនកម្ពុជាឡើយ។
លោក សុខ ឥសាន្ដ៖«រាល់បញ្ហាដែលគាត់លើកឡើងទៅពិតទូលអង្គការសហប្រជាជាតិនោះគឺមិនដូចអ្វីដែលគាត់(CNRP) ក្រុមគាត់និយយាថាស្ថានការណ៍នយោបាយឡើងកម្ដៅដោយសារគណបក្សកាន់អំណាចគាបសង្គត់នោះគឺមិនពិតទេ»។
ចំណែលោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមយល់ថា ការផ្ញើលិខិតដែលរៀបរាប់ពីផលលំបាករបស់បក្សប្រឆាំង និង ការគោរពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទៅអង្គការសហប្រជាជាតិពេលនេះ គឺមិនខុសឆ្គងអ្វីនោះទេ។
លោក មាស នី បន្ដថា ថ្វីបើពេលនេះគណបក្សសង្គ្រោះជាតិសរសេរលិខិតទៅកាន់អង្គការសហប្រជាជាតិ ប្រាប់ពីស្ថានភាពក្នុងប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្ដែរូបលោកក៏មិនប្រាកដថាអាចនឹងផ្ដោតក្ដីសង្ឃឹមលើអង្គការសហប្រជាជាតិបានកម្រិតណានោះទេ។ លោកថា កន្លងមកក៏មានការថ្លែងការណ៍រួមរបស់ក្រុមអង្គការអន្ដរជាតិមួយចំនួនឲ្យគណបក្សកាន់អំណាចបញ្ឈប់ការគៀបសង្គត់គណបក្សប្រឆាំងដែរក៏ប៉ុន្ដែនៅតែមិនបានលទ្ធផល។លោក មាស នី៖«អញ្ចឹងរឿងនេះវាអាស្រ័យទៅលើស្ថានភាពប្រសិនស្ថានភាពក្នុងស្រុកធូរស្រាលការប្ដឹងផ្ដល់អាចនឹងឈប់ដែរ ក៏ប៉ុន្ដែបើស្ថានភាពនៅតែតានតឹងនោះអាចនឹងមានទណ្ឌកម្មផ្សេងៗលេចឡើងពីអន្ដរជាតិមិនខាន»។
យ៉ាងណាក៏ដោយ ក៏ថ្ងៃពុធទី១៨ ឧសភា ក្នុងបទសម្ភាសន៍ខ្លីមួយជាមួយវិទ្យុស្ត្រី FM 102 លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបាននិយាយថា ទ្វាររបស់គណបក្សកាន់អំណាចនៅតែបើចំហជូនគណបក្ស សង្គ្រោះជាតិដើម្បីចរចា ស្វែងរកអ្វីដែលជាក្តីព្រួយបារម្ភរបស់បក្សប្រឆាំងនេះ។
តែសូមរំលឹកថាលិខិតរបស់ CNRP ផ្ញើទៅលោក បាន គីមូន ធ្វើឡើងបន្ទាប់ពី CNRPសុំអន្តរាគមន៍ទៅព្រះមហាក្សត្រចំនួន ២ដងដែលមកទល់ពេលនេះ តែមិនទាន់មានការឆ្លើយតប៕