en     km
en     km

​មេ​បក្ស​ប្រឆាំង​សង្ឃឹមថា​ការ​បោះ​ឆ្នោត​២០១៨​ នឹង​មានការ​ផ្ទេរអំណាច​ដោយ​រលូន​ក្រោម​ឆន្ទៈ​របស់​ប្រជាជន​

Share

ភ្នំពេញ៖ ប្រធាន​គណបក្សប្រឆាំង ​បាន​បង្ហាញ​ការ​ជំទាស់​ចំពោះ​អ្នកវិភាគ​ប្រវត្តិសាស្ដ្រ​បរទេស​ម្នាក់​ដែល​ថា​ ប្រមុខ​រដ្ឋាភិបាល​សម្ដេច​ ហ៊ុន​ សែន​ នឹង​មិន​ចុះ​ពី​តំណែង​ បើ​ទោះជា​ចាញ់ឆ្នោត​ក៏​ដោយ​នោះ​ ដោយ​មេ​គណបក្សប្រឆាំង​រូប​នេះ​អះអាង​ថា​ ឆន្ទៈ​របស់​ប្រជាជន​ និង​ មិន​អនុញ្ញាត​ឱ្យ​មានការ​ក្រាញ​អំណាច​ទៀត​បាន​ឡើយ​។​ ចំណែង​ក​អង្គការ​សង្គម​ស៊ី​វិល​ធ្វើការ​ងារ​លើ​ការ​បោះ​ឆ្នោត​យល់​ថា​ មេ​បក្ស​ប្រឆាំង​ស​ង្ឈឹ​ម​ដូចនេះ​ ទំនងជា​លោក​មាន​ជំនឿ​ទៅ​លើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​សមាសភាព​ គ​.​ជ​.​ប​ និង​វប្បធម៌​សន្ទនា​រវាង​បក្ស​ធំ​ទាំង​ពីរ​។​

 

13174182_1104023029654429_3449077879428396979_n
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ គ្រាចុះសួរសុខទុក្ខពលរដ្ឋ

​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ដូចនេះ​ នៅ​ពេល​លោក​ឆ្លើយ​តប​និង​ការ​ចោទសួរ​មួយ​របស់​កាសែត​ Cambodia​ Daily​ ហើយ​ត្រូវ​បាន​លោក​ផ្សព្វផ្សាយ​លើ​គេហទំព័រ​របស់​លោក​ នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ទី​ ១៩​ ខែឧសភា​នេះ​។​

​ការ​អត្ថាធិប្បាយ​ និង​ ការ​វិភាគ​របស់​អ្នកប្រវត្តិសាស្ដ្រ​ David​ Chandler​ បាន​ព្យាករណ៍​ថា​ សម្ដេច​ ហ៊ុន​ សែន​ និង​មិន​អនុញ្ញាត​ឱ្យ​មានការ​បោះ​ឆ្នោត​ត្រឹមត្រូវ​ដោយ​សេរី​ និង​យុត្តិធម៌​ នៅ​ឆ្នាំ​ ២០១៧-២០១៨​ ខាង​មុខ​នេះ​ តែបើ​បក្ស​កាន់​អំណាច​ចាញ់​ក៏​ដោយ​ ក៏​សម្ដេច​ហ៊ុន​ សែន​ មិន​ចុះ​ចេញពី​អំណាច​ដែរ​។​ ដោយ​ការ​ព្យាករណ៍​ដូចនេះ​ ធ្វើ​ឱ្យ​លោក​ សម​ រ​ង្ស៊ី​ មិន​អាច​ទទួលយក​បាន​នោះ​ទេ​។​

​លោក​ សម​ រ​ង្ស៊ី​ បញ្ជាក់​ថា​ ការ​ទស្សន៍​ទាយ​មិន​មាន​ជា​វិទ្យាសាស្ដ្រ​ពិត​នោះ​ទេ​ តែ​គេ​អាច​ទស្សន៍​ទាយ​បាន​តែ​ទៅ​លើ​ព្រហ្ម​លិខិត​របស់​មនុស្ស​តែ​ប៉ុណ្ណោះ​។​ មេ​បក្ស​ប្រឆាំង​រូប​នេះ​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ ដោយ​ចង់​បង្ហាញ​ប្រាប់​ពលរដ្ឋ​ខ្មែរ​ថា​ ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៧-១៨​ ពិតជា​ឆ្លងកាត់​តាម​ឆន្ទៈ​របស់​ប្រជាជន​យ៉ាង​ពិតប្រាកដ​ ដោយ​លោក​សង្ឃឹមថា​ ការ​បោះ​ឆ្នោត​ដែល​មានការ​កែទម្រង់​នេះ​ នឹង​នាំ​អោយ​មានការ​ផ្លាស់​ប្ដូរ​យ៉ាង​ពិតប្រាកដ​។​ លោក​បញ្ជាក់​ទៀត​ថា​ ដោយសារ​តែ​មើលឃើញ​ការ​រៀបចំ​សេណា​រ៉េ​យូ​ដ៏​អាក្រក់​នេះ​ហើយ​ គឺ​គេ​ត្រូវ​ឱ្យ​មាន​គម្រោង​រៀបចំ​ផែនការ​កុំអោយ​ស្ថានភាព​អាក្រក់​កើត​មាន​ឡើង​បាន​នោះ​។​

​អង្គការ​សង្គម​ស៊ី​វិល​ធ្វើ​ទាក់ទង​ទៅ​និង​កិច្ចការ​បោះ​ឆ្នោត​នៅ​កម្ពុជា​យល់​ថា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម​ រ​ង្ស៊ី​ មាន​ជំនឿ​ដូចនេះ​ថា​ ទំនងជា​មេ​បក្ស​ប្រឆាំង​រូប​នេះ​ជឿជាក់​ទៅ​លើ​វប្បធម៌​សន្ទនា​ និង​ បេក្ខភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ បើ​ទោះបីជា​អគ្គលេខាធិការ​រង​មួយ​រូប​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរឃុំឃាំង​ ប្រឈម​ជាមួយ​តុលាការ​ក៏​ដោយ​។​

លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្តិ​នៃ​គណៈ​ក​ម្មា​ការ​អ​ព្យា​ក្រិត​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ លោក​ សម​ រ​ង្ស៊ី​ លើក​ឡើង​ដូចនេះ​ ព្រោះ​លោក​ស​ង្ឃឹ​ង​ថា​ វប្បធម៌​សន្ទនា​នឹង​អាច​ជួយ​លោក​ឲ្យ​វិល​ចូល​ស្រុក​វិញ​បាន​នៅ​មុន​ពេល​បោះ​ឆ្នោត​។​

​លោក​ សំ​ គ​ន្ធា​មី​ មាន​ជំនឿ​ថា​ ប្រទេស​កម្ពុជា​នឹង​មានការ​បោះ​ឆ្នោត​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ ហើយ​មិច​ដូច​ការ​ព្យាករណ៍​របស់​អ្នកប្រវត្តិសាស្ដ្រ​ David​ Chandler​ ដែល​ថា​ សម្ដេច​ ហ៊ុន​ សែន​ និង​មិន​អនុញ្ញាត​ឱ្យ​មានការ​បោះ​ឆ្នោត​ត្រឹមត្រូវ​ដោយ​សេរី​ និង​យុត្តិធម៌​ទេ​។​ លោក​សំអាង​ដូចនេះ​ ព្រោះ​រាជរដ្ឋាភិបាល​ពិតជា​មាន​ជំហរ​ចង់​កែទម្រង់​ការ​បោះ​ឆ្នោត​។​ ​លោក​ សំ​ គ​ន្ធា​មី​ ៖«​បើសិនជា​ខ្ញុំ​ពិនិត្យ​មើលទៅ​ ប្រវត្តិសាស្ត្រ​ស្រុក​ខ្មែរ​ ក្នុង​ការ​ការ​បោះ​ឆ្នោត​ ៥​ អណ្ណ​ត្តិក​ន្ល​ង​មកនេះ​ មាន​ភាព​ប្រសើរ​ឡើង​ច្រើន​ដែរ​ សូ​ម្បី​រដ្ឋាភិបាល​ក៏​មាន​ឆ​ន្ទះ​ និង​ការ​កែទម្រង់​ដែរ​ និយាយ​ឲ្យ​ឃើញ​ទៅ​ គ្រាន់តែ​ថា​បោះ​ឆ្នោត​អណ្ណ​ត្តិ​មុនៗ​កែទម្រង់​តិចតួច​ តែ​ទើប​លើក​នេះ​មាន​កែទម្រង់​ច្រើន​ស៊ីជម្រៅ​គ្រាន់បើ​ ទាំង​ប្រព័ន្ធ​ច្បាប់​សមាសភាព​ គ​.​ជ​.​ប​ ក៏​ដោយ​»​។​

​ចំណែក​លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​ថា​ ខុមហ្វ្រែល​ (COMFREL)​ បាន​ថ្លែង​ថា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បង្ហាញ​ជំហរ​បែប​នេះ​ ប្រហែលជា​លោក​សំអាង​ហេតុផល​ថា​ គណបក្ស​ដែល​មាន​អាសនៈ​ទាំង​ពីរ​នៅ​ក្នុង​រដ្ឋសភា​បាន​ព្រមព្រៀង​គ្នា​កែទម្រង់​ គ​.​ជ​.​ប​។​

​លោក​ គល់​ បញ្ញា​ មើលឃើញ​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ កំពុង​ខិតខំ​ប្រឹងប្រែង​កែទម្រង់​គួរ​ឲ្យ​គត់​សំគាល់​ បើ​ទោះបីជា​មានការ​ពន្យារពេល​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រហូត​ដល់​ខែកញ្ញា​ ឆ្នាំ​នេះ​ រួម​ទាំង​ករណី​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ លោក​ នី​ ចរិយា​ កំពុង​ជាប់​ក្នុង​មន្ទី​ឃុំឃាំង​ និង​សមាជិក​មួយ​រូប​ទៀត​លោក​ រ៉ុ​ង​ ឈុ​ន​ កំពុង​ប្រឈម​មុខជា​មួយ​តុលាការ​ក៏​ដោយ​។​ ​លោក​ គល់ បញ្ញា​ ៖«​លទ្ធិ​ភាព​ដែល​កើត​ដូច​ David​ Chandler​ វា​អាច​កើត​ប៉ុន្តែ​មិនមែន​មា​ន័យ​ថា​ វា​និង​កើត​ទេ​ ភាគរយ​ក៏​មិន​ច្រើន​ដែរ​ ភាគរយ​នៃ​សេចក្តី​សង្ឃឹម​មានការ​ប្រែប្រួល​បោះ​ជំហាន់​ទៅ​មុខ​វា​ប្រាកដជា​ទៅ​ហើយ​ ព្រោះ​យើង​មាន​ពី​សោធន៍​តាំងពី​១៩៩០​មក​ ប្រទេស​ភូមា​គ្នា​ទើប​ចាប់ផ្តើម​គេ​ទៅ​បាន​ ហើយ​យើង​ហេតុ​អ្វី​ទៅ​មិន​បាន​ គ្រាន់តែ​ពេល​មុន​ចាំ​ផ្តើម​ផ្លាស់​ប្តូរ​ ប្រហែលជា​យើង​ស្ថានភាព​តឹងតែង​ ដែល​ត្រូវការ​សហ​គម​អន្តរជាតិ​ចូលរួម​ជួយ​រុញ​ថែម​ទៀត​វា​ទៅ​រលូត​ហើយ​»​។​

​ទោះបី​យ៉ាងនេះ​ក្តី​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក​ សូ​ ច​ន្ថា​ មាន​ប្រសាសន៍​ថា​ ការ​លើក​ឡើង​របស់​ លោក​ សម​ រ​ង្ស៊ី​ មិន​បាន​ឆ្លុះ​បញ្ចាំង​អំពី​សកម្មភាព​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្តេ​រ​អំណាច​ ក្នុង​ពេល​៥​អាណ្ណត្តិ​កន្លង​ទៅ​នោះ​ឡើយ​។​ ប៉ុន្តែ​លោក​ សូ​ ច​ន្ថា​ ថា​ ប្រសិនបើ​ប្រជាពលរដ្ឋ​កម្ពុជា​មានការ​ចូលរួម​ច្រើន​ក្នុង​សកម្មភាព​នយោបាយ​អាច​ជា​សម្ពាធ​មួយ​ ជំរុញ​ឲ្យ​មេដឹកនាំ​ផ្ទេរអំណាច​ដោយ​រលូន​។​ លោក​ សូ​ ច​ន្ថា​ មាន​ប្រសាសន៍​ថា៖​«​ប្រសិនបើ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ នៅ​តែ​ភ័យ​ នៅ​តែ​ទទួល​រង​ការ​គម្រាម​គំ​ហែង​បែប​នេះ​ យើង​ងា​ច​វាយតម្លៃ​ថា​ការ​បោះ​ឆ្នោត​មិន​សេរី​ ត្រឹមត្រូវ​ យុត្តិធម៌​ នោះ​ទេ​ ហើយ​មើល​ជំហរ​របស់​គណបក្សកាន់អំណាច​យើង​ហាក់ដូចជា​ មិន​មាន​សុ​ឆ​ន្ទះ​ខ្ពស់​ ក្នុង​ការ​សង្ឃឹមថា​ និង​មានការ​ដោះ​ដូរ​អំណាច​ឲ្យ​សន្តិវិធី​ ដោយ​វិធី​ដូច​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេង​ទេ​»​។​

​លោក ​សូ ​ច​ន្ថា​ ទំនង​ជឿ​ថា​មានការ​ផ្ទេរអំណាច​ដោយ​រលូត​ គឺ​លោក​បាន​ពិនិត្យ​ឃើញ​ការ​ផ្លាស់​ប្ដូរ​អំណាច​រដ្ឋ​នៅ​ភូមា​ ដែល​បក្ស​ប្រឆាំង​ទទួល​បាន​សន្លឹក​ឆ្នោត​ភ្លូក​ទឹក​ ភ្លូក​ដី​ ដែល​នេះ​ជា​បង្ហាញ​ថា​ ប្រជាជន​ប្រទេស​ភូមា​មិន​អាច​ទ្រាំទ្រ​បាន​តទៅ​ទៀត​ ចំពោះ​ការ​បន្ត​គ្រប់គ្រង​អំណាច​របស់​ពួក​យោធា​ ។​ ​លោក​ធ្លាប់​មាន​ប្រសាសន៍​ថា​ គណៈ​ក​ម្មា​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ភូមា​ ក៏​មិនល្អ​ប្រសើរ​ច្រើន​ដែរ​ ប៉ុន្តែ​នៅ​ពេល​ប្រជាជន​ បង្ហាញ​ឆន្ទៈ​ខ្លាំងក្លា​ ធ្វើ​ឱ្យ​មាន​ស្ថាន​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង​ ។​ លោក​ថា​ ម្យ៉ាងទៀត​ ភូមា​គេ​កំណត់​យុទ្ធសាស្ត្រ​ឯកភាព​ជាតិ​ បាន​ប្រសើរ​និង​រឹង​មាំ​។​

ការ​ធ្វើ​អត្ថាធិប្បាយ​របស់​ប្រមុខ​គណបក្សប្រឆាំង​រូប​នេះ​ កើតឡើង​ទន្ទឹម​និង​សហគមន៍​អន្ដរជាតិ​ ចាប់ផ្ដើម​ជួយ​កែទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​យ៉ាង​សកម្ម​។​ ក្នុង​នោះ​ សហភាព​អឺរ៉ុប​បាន​ប្រកាស​ផ្ដល់​ជំនួយ​ជាង​ ១០​ លាន​ដុល្លារ​ ទៅ​ឱ្យ​ស្ថាប័ន​បោះ​ឆ្នោត​ ជាមួយ​និង​សំភារៈ​កុំព្យូទ័រ​រាប់​ពាន់​គ្រឿង​ ស្រប​ពេល​ដែល​ប្រទេស​ជប៉ុន​ ក៏​ចូលរួម​ផ្ដល់​ជំនួយ​ទាំង​បច្ចេកទេស​ និង​កុំព្យូទ័រ​ប្រមាណ​ជាង​៣​ពាន់​គ្រឿង​ ហើយ​សហរដ្ឋអាមេរិក​ និង​អង្គការសហប្រជាជាតិ​ក៏​សន្យា​ ចូល​ជួយ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ផង​ដែរ​។​

​កម្ពុជា​និង​មានការ​បោះ​ឆ្នោត​សំខាន់​ចំនួន​ពីរ​ នៅ​ពេល​ខាង​មុខ​នេះ​ គឺ​ ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ២០១៧​ និង​ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​ ២០១៨៕

Share

ព័ត៌មានទាក់ទង

Image