ភ្នំពេញ ៖ ប្រធានគណបក្សប្រឆាំងដែលស្ថិតនៅក្នុងស្ថានភាពនិរទេសខ្លួន បានបង្ហាញការជំទាស់ របស់លោក ចំពោះអ្នកវិភាគប្រវត្តិសាស្ដ្រម្នាក់ដែលថា ប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន នឹងមិនចុះពីតំនែង បើទោះជាចាញ់ឆ្នោតក៏ដោយនោះ ដោយគណបក្សប្រឆាំងរូបនេះ អះអាងថាឆន្ទះរបស់ប្រជាជន និងមិនអនុញ្ញាតឱ្យមានការក្រាញអំណាចទៀតបានឡើយ ។
លោក សម រង្ស៊ី បានបញ្ជាក់ដូចនេះ នៅពេលលោកឆ្លើយតបនិងការចោទសួរមួយ របស់កាសែត Cambodia Daily ហើយត្រូវបានលោក ផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃ ព្រហស្បត្តិ៍ ទី១៩ខែឧសភានេះ ។
ការអត្ថាធិប្បាយនិងការវិភាគរបស់អ្នកប្រវត្តិសាស្ដ្រ David Chandler បានព្យាករណ៍ ថា សម្ដេច ហ៊ុន សែន និងមិនអនុញ្ញាតឱ្យមានការបោះឆ្នោតត្រឹមត្រូវទេ នៅឆ្នាំ២០១៧-២០១៨ ខាងមុខនេះ តែទោះជាយ៉ាងណាក៏ដោយ សម្ដេច ហ៊ុន សែន និងមិនចុះចេញពីអំណាចឡើយ ។ ដោយការព្យាករណ៍ដូចនេះ ធ្វើឱ្យលោក សម រង្ស៊ី មិនអាចទទួលយកបាន ។ លោក សម រង្ស៊ី បញ្ជាក់ថាការទស្សន៍ទាយមិនមានជាវិទ្យាសាស្ដ្រពិតនោះទេ តែគេអាចទស្សន៍ទាយបានតែទៅលើព្រហ្មលិខិតរបស់មនុស្សតែប៉ុណ្ណោះ ។
មេបក្សប្រឆាំងរូបនេះបានសរសេរលើទំព័រហ្វេសប៊ុករបស់លោក ដោយចង់បង្ហាញប្រាប់ពលរដ្ឋខ្មែរថា ការបោះឆ្នោត ឆ្នាំ២០១៧-១៨ ពិតជាឆ្លងកាត់តាមឆន្ទៈរបស់ប្រជាជនយ៉ាងពិតប្រាកដ ដែលលោកសង្ឃឹមថា ការបោះឆ្នោតដែលមានការកែទម្រង់នេះ និងនាំអោយមានការផ្លាស់ប្ដូរយ៉ាងពិតប្រាកដ ។ លោក បញ្ជាក់ថា ដោយសារតែមើលឃើញការរៀបចំសេណារ៉េយូ ដ៏អាក្រក់នេះហើយ គឺគេត្រូវតែមានគម្រោងរៀបចំផែនការកុំអោយស្ថានភាពអាក្រក់កើតមានឡើងបាននោះ ។
ការធ្វើអត្ថាធិប្បាយរបស់ប្រមុខគណបក្សប្រឆាំងរូបនេះ កើតឡើងទន្ទឹមនឹង សហគមន៍អន្ដរជាតិ ចាប់ផ្ដើមជួយកែទម្រង់ការបោះឆ្នោតនៅកម្ពុជាយ៉ាងសកម្ម ។ ក្នុងនោះ សហភាពអឺរ៉ុប បានប្រកាសផ្ដល់ជំនួយជាង១០លានដុល្លារ ទៅឱ្យស្ថាប័នបោះឆ្នោត ជាមួយនិងសំភារៈកុំព្យូទ័ររាប់ពាន់គ្រឿង ស្របពេលដែលប្រទេសជប៉ុន ក៏ចូលរួមផ្ដល់ជំនួយទាំងបច្ចេកទេសនិងកុំព្យូទ័រប្រមាណជាង៣ពាន់គ្រឿង ហើយសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិក៏សន្យា ចូលជួយរៀបចំការបោះឆ្នោតនៅកម្ពុជាផងដែរ ។
កម្ពុជានឹងមានការបោះឆ្នោតសំខាន់ចំនួនពីរ នៅពេលខាងមុខនេះ គឺការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ២០១៧ និងការបោះឆ្នោតសភាឆ្នាំ២០១៨ ៕