en     km
en     km

រដ្ឋាភិបាល​ទិញ​រថយន្ត​ពន្លត់អគ្គីភ័យ​ពី​ចិន​១១៣​គ្រឿង​បន្ថែម​ទៀត​ ដើម្បី​ជួយ​សង្គ្រោះ​ពលរដ្ឋ​

Share

ភ្នំពេញ ៖ ​រដ្ឋាភិបាល​កម្ពុជា​ បាន​ចំណាយ​ទឹកប្រាក់​ជិត​ ១០​លាន​ដុល្លារ​ ដើម្បី​ទិញ​រថយន្ត​ពន្លត់អគ្គីភ័យ​ ចំនួន​ ១១៣​គ្រឿង​ សម្រាប់​ឆ្នាំ​ ២០១៦​នេះ​ ។​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨​ឧសភា​ នេះ​ថា​ រថយន្ត​ពន្លត់អគ្គីភ័យ​ដែល​ទើប​ទិញ​ពី​ប្រទេស​ចិន​ទាំង​១១៣​គ្រឿង​នេះ​ ក្នុង​គោលបំណង​ទប់ស្កាត់​ និង​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ ដែល​ជួប​គ្រោះ​អគ្គី​ភ័យ​ ។​ លម្អិត​ព័ត៌មាន​ដោយ​លោក​ សាក់​ សំណាង​៖

fire-car
​រថយន្ត​ពន្លត់អគ្គីភ័យដែលរដ្ឋាភិបាល​កម្ពុជាទើបទិញ។ រូបភាព៖ Facebook ក្រសួងមហាផ្ទៃ

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ លោក​ ខៀវ​ សុ​ភ័​ក្រ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​១៨​ឧសភា​នេះ​ថា​ រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាង​ ៤០​ពាន់​លាន​រៀល​ ដើម្បី​ទិញ​រថយន្ត​ពន្លត់អគ្គីភ័យ​ពី​ប្រទេស​ចិន​ ចំនួន​១១៣​គ្រឿង​ ដើម្បី​បញ្ចៀស​ពី​បញ្ហា​គ្រោះ​អគ្គី​ភ័យ​ ដែល​តែងតែ​កើត​ឡើងជា​ញឹកញាប់​ ។​​

​លោក​បន្ត​ថា​ ការ​ទិញ​រថយន្ត​ពន្លត់អគ្គីភ័យ​បន្ថែម​នេះ​ គ្មាន​គោលបំណង់​អ្វី​ក្រៅពី​ការ​ជួយ​សង្គ្រោះ​អាយុជីវិត​ និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ឱ្យទាន់​ពេលវេលា​ឡើយ​ ។​ «​ក្នុង​គោលដៅ​ដើម្បី​ជួយ​សង្គ្រោះ​ពលរដ្ឋ​ ទាំង​ក្មួយ​ឯង​ ទាំង​ខ្ញុំ​និង​អ្នក​ទាំងអស់​គ្នា​អ្នក​ណា​ក៏​ដោយ​ តា​ប្រហែស​មាន​បញ្ហា​ស្រុកស្រែ​ចម្កា​អីហ្នឹង​ ហើយ​គ្មាន​គោលដៅ​អី​ក្រៅពី​ហ្នឹង​ទេ​»​ ។​​

​ទាក់ទង​នឹង​ការ​ចំណាយ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ ទិញ​រថយន្ត​ពន្លត់អគ្គីភ័យ​នេះ​ នាយក​ប្រតប​ត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ មានការ​គាំទ្រ​ប្រសិនបើ​រដ្ឋាភិបាល​យក​ទៅ​ប្រើប្រាស់​ចំ​គោលដៅ​ ។​ លោក​ សន​ ជ័យ​ ថ្លែង​បែប​នេះ​ព្រោះ​កន្លង​មក​ លោក​មើលឃើញ​ថា​ មានការ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ ដែល​មិន​ត្រូវ​ និង​ខុស​គោលដៅ​ ។​ «​ កន្លង​មក​យើង​ឃើញ​ភាព​អសកម្ម​ទាក់ទង​ទៅ​នឹង​ការ​អន្តរាគមន​នៅ​តែ​មាន​ អ្វី​ដែល​គេ​ចាប់​អារ​ម្ម​ណ៏​ឃើញ​ថា​នៅ​ពេល​មាន​បញ្ហា​តវ៉ា​រឿង​ដីធ្លី​អី​ជាដើម​ហ្នឹង​ ក៏​ឃើញ​ថា​អាជ្ញាធរ​ហាកបីដូច​ទៅ​យក​ឡានទឹក​ទៅ​ប្រើប្រាស់​ជា​មធ្យោបាយ​បង្គាប់​ដែរ​ ដូច​ជា​ប៉ុន្មាន​ឆ្នាំ​មុន​យើង​ឃើញ​សាលាក្រុង​ហ្នឹង​យក​ឡានទឹក​ហ្នឹង​ទៅ​ប​ង្គ្រា​ប់​អ្នក​បឹង​កក់​អី​ដែរ​ ច៊ឹ​ង​វា​ខុស​សាច់​រឿង​ខ្ញុំ​ចង់ឱ្យ​ឡានទឹក​ហ្នឹង​ គឺ​ប្រើប្រាស់​សម្រាប់​ជា​មធ្យោបាយ​ជួយ​សង្គ្រោះ​អ្នក​រង​គ្រោះ​ដោយ​អគ្គី​ភ័យ​ជា​ ជាង​យក​ទៅ​ប្រើ​ក្នុង​ទិស​ដៅ​ផ្សេង​»​ ។​​

​លោក​បាន​បន្ត​ទៀត​ថា​ អាជ្ញាធរ​ត្រូវ​រៀបចំ​ប្រព័ន្ធ​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ថែម​ទៀត​ ប្រសិនបើ​មានការ​កើនឡើង​នូវ​រថយន្ត​ពន្លត់អគ្គីភ័យ​ច្រើន​ ដើម្បី​កុំឱ្យ​មាន​តែ​រថយន្ត​ ប៉ុន្តែ​ខ្វះ​ទឹក​សម្រាប់​យក​ទៅ​ពន្លត់​នោះ​ ។​​

​បើ​តាម​លោក​ ខៀវ​ សុ​ភ័​ក្រ​ បច្ចុប្បន្ន​នេះ​ កម្ពុជា​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២៤១​គ្រឿង​ និង​ក្រុម​ពន្លត់​អគ្គិភ័យ​៥៥៩​នាក់​នៅ​ទូ​ទាំង​ប្រទេស​ ។​ លោក​បន្ថែម​ថា​ រដ្ឋាភិបាល​មាន​គម្រោង​ទិញ​រថយន្ត​៦០​គ្រឿង​ទៀត​នៅ​ឆ្នាំ​ក្រោយ​ទៀត​ ៕

Share

Image
Image
Image