ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា បានចំណាយទឹកប្រាក់ជិត ១០លានដុល្លារ ដើម្បីទិញរថយន្តពន្លត់អគ្គីភ័យ ចំនួន ១១៣គ្រឿង សម្រាប់ឆ្នាំ ២០១៦នេះ ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី១៨ឧសភា នេះថា រថយន្តពន្លត់អគ្គីភ័យដែលទើបទិញពីប្រទេសចិនទាំង១១៣គ្រឿងនេះ ក្នុងគោលបំណងទប់ស្កាត់ និងជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះអគ្គីភ័យ ។ លម្អិតព័ត៌មានដោយលោក សាក់ សំណាង៖
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី១៨ឧសភានេះថា រដ្ឋាភិបាលបានចំណាយថវិកាជាង ៤០ពាន់លានរៀល ដើម្បីទិញរថយន្តពន្លត់អគ្គីភ័យពីប្រទេសចិន ចំនួន១១៣គ្រឿង ដើម្បីបញ្ចៀសពីបញ្ហាគ្រោះអគ្គីភ័យ ដែលតែងតែកើតឡើងជាញឹកញាប់ ។
លោកបន្តថា ការទិញរថយន្តពន្លត់អគ្គីភ័យបន្ថែមនេះ គ្មានគោលបំណង់អ្វីក្រៅពីការជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋឱ្យទាន់ពេលវេលាឡើយ ។ «ក្នុងគោលដៅដើម្បីជួយសង្គ្រោះពលរដ្ឋ ទាំងក្មួយឯង ទាំងខ្ញុំនិងអ្នកទាំងអស់គ្នាអ្នកណាក៏ដោយ តាប្រហែសមានបញ្ហាស្រុកស្រែចម្កាអីហ្នឹង ហើយគ្មានគោលដៅអីក្រៅពីហ្នឹងទេ» ។
ទាក់ទងនឹងការចំណាយប្រាក់រាប់ម៉ឺនដុល្លារ ទិញរថយន្តពន្លត់អគ្គីភ័យនេះ នាយកប្រតបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានការគាំទ្រប្រសិនបើរដ្ឋាភិបាលយកទៅប្រើប្រាស់ចំគោលដៅ ។ លោក សន ជ័យ ថ្លែងបែបនេះព្រោះកន្លងមក លោកមើលឃើញថា មានការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ដែលមិនត្រូវ និងខុសគោលដៅ ។ « កន្លងមកយើងឃើញភាពអសកម្មទាក់ទងទៅនឹងការអន្តរាគមននៅតែមាន អ្វីដែលគេចាប់អារម្មណ៏ឃើញថានៅពេលមានបញ្ហាតវ៉ារឿងដីធ្លីអីជាដើមហ្នឹង ក៏ឃើញថាអាជ្ញាធរហាកបីដូចទៅយកឡានទឹកទៅប្រើប្រាស់ជាមធ្យោបាយបង្គាប់ដែរ ដូចជាប៉ុន្មានឆ្នាំមុនយើងឃើញសាលាក្រុងហ្នឹងយកឡានទឹកហ្នឹងទៅបង្គ្រាប់អ្នកបឹងកក់អីដែរ ច៊ឹងវាខុសសាច់រឿងខ្ញុំចង់ឱ្យឡានទឹកហ្នឹង គឺប្រើប្រាស់សម្រាប់ជាមធ្យោបាយជួយសង្គ្រោះអ្នករងគ្រោះដោយអគ្គីភ័យជា ជាងយកទៅប្រើក្នុងទិសដៅផ្សេង» ។
លោកបានបន្តទៀតថា អាជ្ញាធរត្រូវរៀបចំប្រព័ន្ធទឹកឱ្យបានគ្រប់គ្រាន់ថែមទៀត ប្រសិនបើមានការកើនឡើងនូវរថយន្តពន្លត់អគ្គីភ័យច្រើន ដើម្បីកុំឱ្យមានតែរថយន្ត ប៉ុន្តែខ្វះទឹកសម្រាប់យកទៅពន្លត់នោះ ។
បើតាមលោក ខៀវ សុភ័ក្រ បច្ចុប្បន្ននេះ កម្ពុជាមានរថយន្តពន្លត់អគ្គិភ័យចំនួន២៤១គ្រឿង និងក្រុមពន្លត់អគ្គិភ័យ៥៥៩នាក់នៅទូទាំងប្រទេស ។ លោកបន្ថែមថា រដ្ឋាភិបាលមានគម្រោងទិញរថយន្ត៦០គ្រឿងទៀតនៅឆ្នាំក្រោយទៀត ៕